ថៃ៖ ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹក របស់ស្រីស្អាតជនជាតិថៃ សាច់សខ្ចីដូចបណ្តូលចេក ម្នាក់ កំពុងតែក្លាយជាប្រធានបទក្តៅ និងថែមទាំងទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញទំនាក់ទំនងសង្គមជាច្រើន បន្ទាប់ពីត្រូវបានបង្ហោះចែកចាយជាសាធារណៈ ដែលបង្ហាញពីទិដ្ឋភាពនារីស្អាតរូបនេះ អង្គុយយកបោយដងងូតទឹក ក្នុងជង្ហុកទឹកកង្វក់កណ្តាលផ្លូវ ខណៈធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់លើរូបនាង យ៉ាងខ្លាំងផងដែរ តែសូមកុំច្រឡំឲ្យសោះថា នេះជាវិធីថែទាំស្បែក បែបធម្មជាតិរបស់នាង។

រូបភាព របស់នាងដែលអង្គុយងូតទឹក ក្នុងជង្ហុកទឹកកង្វក់កណ្តាលផ្លូវ

ប្រភពបានឲ្យដឹងថា ស្រីស្អាតរូបនេះជាតារាម៉ូដែល និងមានឈ្មោះថា Palm អាយុ២៥ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងស្រុក Mae Ramat ភាគខាងជើងខេត្ត Tak ប្រទេសថៃ ខណៈបច្ចុប្បន្នរូបនាង បានឃ្លាតចាកចោលស្រុក ដើម្បីមកធ្វើការក្នុងទីក្រុង បាងកក។

បើតាមការរៀបរាប់ពីសំណាក់ ស្រីស្រស់ Palm បានឲ្យដឹងថា មូលហេតុដែលរូបនាងបានសម្រេចចិត្ត មកងូតទឹកដ៏សែនកង្វក់ ក្នុងជង្ហុកកណ្តាលផ្លូវយ៉ាងដូច្នេះនោះ ក៏ដោយសារតែរាល់ពេល ដែលនាងធ្វើដំណើរ តាមផ្លូវមកលេងស្រុកកំណើតម្តងៗ ផ្លូវភាគច្រើនក្នុងស្រុករបស់នាង គឺសុទ្ធសឹងតែខូចខាតខ្ទេចខ្ទី ទៅជាជង្ហុក ឬក្រលីកក្រលុក ជាហេតុពេលភ្លៀងម្តងៗបណ្តាលឲ្យមានទឹកដក់ ជាច្រើនកន្លែង ជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ ហើយវាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកដំណើរជាយថាហេតុផងដែរ។

Palm បន្តថា ដំបូងឡើយនាងគ្រាន់តែគិតថា ផ្ញើរូបភាពទាំងអស់នេះឲ្យត្រឹម មិត្តភក្តិរបស់នាងមើល ព្រោះវាហាក់បីដូចជារឿងកំប្លែង និងគួរឲ្យអស់សំណើចមួយតែប៉ុណ្ណោះ ហើយនាងក៏គ្មានគម្រោងឯណា បង្ហោះរូបភាពអស់ទាំងនេះ ជាសាធារណៈដើម្បីចង់ឲ្យមនុស្សជាច្រើន បានឃើញនោះឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឥលូវនេះរូបភាពប៉ុន្មានសន្លឹកនេះ ក៏ត្រូវបានបែកធ្លាយ បង្ហោះលើបណ្តាញសង្គម ព្រោងព្រាតបាត់ទៅហើយ។

ទន្ទឹមនឹងការបែកធ្លាយនេះដែរ ស្រីស្រស់ Palm ក៏សង្ឃឹមយ៉ាងមុតមាំថា នឹងមានការជួយជ្រោមជ្រែងពីសំណាក់ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវមួយខ្សែនេះ ជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ឲ្យបានប្រសើរឡើងវិញផងដែរ។

តាមរយៈការរៀបរាប់ពីស្រីស្អាត Palm ទៀតសោត ក៏បានឲ្យដឹងបន្ថែមទៀតដែរថា នៅក្នុងស្រុករបស់នាងនេះ មានផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ប្រមាណច្រើនជាង ១០០ គ្រួសារឯណោះ ហើយពួកគេទាំងអស់នោះ ក៏ស្នើសុំឲ្យមានការជួសជុលផ្លូវមួយខ្សែនេះផងដែរ ព្រោះវាពិតជាអាចជួយ សម្រួលដល់ពួកគាត់បានច្រើន ប្រសិនណាបើផ្លូវនេះ បានល្អស្អាតដូចដើមវិញនោះ។

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]