សព្វថ្ងៃនេះ មនុស្សជាច្រើនពាន់លាននាក់ ជុំវិញពិភពលោក សុទ្ធតែទទួលរងនូវបញ្ហាធាត់លើសទម្ងន់។ គេតែងតែជឿថា ការទទួលទានច្រើនពេក និងការដែលមិនធ្វើលំហាត់ប្រាណ គឺជាមូលហេតុចម្បងធំបំផុត នៃការឡើងទម្ងន់ ប៉ុន្តែបើយោងតាមការសិក្សាជាច្រើនថ្មីៗនេះ បានបង្ហាញថា មិនមែនមានត្រឹមតែបញ្ហាខាងលើប៉ុណ្ណឹងនោះទេ។

ខាងក្រោមនេះ គឺជាការរកឃើញមូលហេតុនៃការឡើងទម្ងន់ គួរឲ្យភ្ញាក់ផ្អើលផ្សេងទៀត ដែលអ្នកនឹងមិនធ្លាប់បានដឹងពីមុនមក ៖ 

១. មិនសូវទទួលទានអាហារក្នុងផ្ទះ

ការសិក្សាបានបង្ហាញថា អាហារសម្រាប់ទទួលទាន ជាលក្ខណៈគ្រួសារ អាចការពារអ្នកពីការធាត់លើសទម្ងន់បាន។ ហេតុផល គឺមកពីអាហារជួបជុំគ្រួសារ គឺភ្ជាប់មកជាមួយនឹងទំនាក់ទំនង ផ្លួវអារម្មណ៍រវាងសមាជិកគ្រួសារ និងមានទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អ។ យោងតាមលទ្ធផលនៃការសិក្សា កុមារដែលញ៉ាំអាហារជាមួយគ្រួសារ យ៉ាងហោចណាស់ ៣ ដង ក្នុងមួយអាទិត្យ ក៏ទទួលបានអាហាររូបត្ថម្ភល្អៗ ២៤% ច្រើនជាង កុមារដែលទទួលទានអាហារខាងក្រៅផ្ទះញឹកញាប់។

២. ចម្រៀងបែប classic ក្នុងហាងអាហារ

ការសិក្សាមួយបានបង្ហាញថា ភោជនីយដ្ឋានដែលមានចម្រៀងកំដរ background បែប classic អាចលក់ម្ហូបអាហារ និងភេសជ្ជៈបាន ច្រើនជាងកន្លែងផ្សេងៗ។ អ្នកត្រូវចំណាយលុយទិញអាហារអស់ច្រើនហើយ ឡើងទម្ងន់ដោយមិនដឹងខ្លួនទៀត។

៣. ធ្វើការយប់

មនុស្សយើងតម្រូវឲ្យគេងពេលយប់ និងទទួលទានអាហារនៅពេលថ្ងៃ។ ប៉ុន្តែអ្នកដែលធ្វើការយប់ បង្កឲ្យរាងកាយឡើងទម្ងន់ ក៏ព្រោះតែអ្នកបានបំបែកវដ្តសរីរវិទ្យា (ខុសធម្មជាតិ) និងបណ្តាលឲ្យថាមពលសរុបប្រចាំថ្ងៃ ប្រែជាថយចុះជាលំដាប់ទៀតផង។ ដំណោះស្រាយមួយ ដើម្បីទប់ស្កាត់ការធាត់លើសទម្ងន់ គឺមានតែទទួលទានតិចបំផុត។

៤. គេងមិនគ្រប់គ្រាន់

អ្នកដែលគេងមិនបានគ្រប់គ្រាន់ គឺសុទ្ធតែប្រឈមមុខនឹងបញ្ហាឡើងទម្ងន់។ អរម៉ូនមួយចំនួននឹងផ្លាស់ប្តូរ ដូចជាគ្លុយកូស ដែលអាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមថែមទៀតផង ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់។ ការគេងបានតិច នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឃ្លាន និងធ្វើឲ្យអ្នកមានអារម្មណ៍ថាអស់កម្លាំង មិនចង់ហាត់ប្រាណថែមទៀត។ ទាំងនេះហើយ ដែលបណ្តាលឲ្យអ្នកឡើងទម្ងន់បានដោយងាយស្រួល។

៥. ការបំពុលបរិស្ថាន

កាកសំណល់មានជាតិពុល ដែលបញ្ចេញទៅក្នុងបរិស្ថាន ក៏ត្រូវបានបង្ហាញថា បង្កើននូវហានិភ័យប្រឈម នឹងការធាត់លើសទម្ងន់ដែរ។ មូលហេតុគឺ ដោយសារតែ មេរោគឆ្លងមួយចំនួន អាចកកើតនូវ ជាលិកាខ្លាញ់នៅក្នុងរាងកាយ ហើយមេរោគទាំងនោះ អាចចូលទៅក្នុងខ្លួនរបស់មនុស្សតាមរយៈអាហារ ដូចជាសាច់ និងត្រីជាដើម។

៦. មើលទូរទស្សន៍ច្រើនពេក

ការចំណាយពេលមើលទូរទស្សន៍ លើសពី ២ ម៉ោងនឹងបណ្តាលឲ្យធ្នកប្រឈមនឹងការធាត់លើសទម្ងន់ ២៣%។ ពន្លឺភ្លើង ដែលចេញពីទូរទស្សន៍ អាចបន្ថយកម្រិត “មេឡាតូនីន” ដែលជាអរម៉ូនជួយការបារអ្នក ពីបញ្ហាឡើងទម្ងន់ និងជំងឺទឹកនោមផ្អែម។ 

៧. ស្រ្តេស និងជំងឺធ្លាក់ទឹកចិត្ត

គេបានរកឃើញថា ស្រ្តីដែលមានបញ្ហាតានតឹងផ្លូវចិត្ត មានបញ្ហាឡើងទម្ងន់ខ្ពស់ជាង អ្នកដែលមិនមានបញ្ហាផ្លូវចិត្ត។ ក្នុងចំណោម ១០ នាក់ មាន ៥ នាក់ទៅហើយ ដែលជ្រើសយក ការញ៉ាំ ដើម្បីបន្ធូរផ្លូវអារម្មណ៍ ជាពិសេស អាហារដែលសម្បូរជាតិខ្លាញ់ និងជាតិស្ករខ្ពស់។ នេះហើយជាមូលហេតុ! អ្នកវិទ្យាសាស្រ្តបានបង្ហាញថា វាអាចផ្តល់ផលប៉ះពាល់ដល់ខួរក្បាលទៀតផង។

៨. គេងបើកភ្លើង

ការសិក្សាបានបង្ហាញថា ការគេងបើកភ្លើង នៅពេលយប់ និងធ្វើឲ្យអ្នកឡើងទម្ងន់បានផងដែរ។ អ្នកវិទ្យាសាស្រ្តបានសិក្សាលើកណ្តុរ ២ ក្បាល ដែលបង្ហាញថា កណ្តុរដែលនៅចំពន្លឺភ្លើងនៅពេលយប់ ឡើងទម្ងន់ជាងពាក់កណ្តាល បើប្រៀបនឹងកណ្តុរដែលនៅក្នុងកន្លែងងងឹតនៅពេលយប់ ទោះបីជាវាស៊ីអាហារ និងធ្វើសកម្មភាពប្រហែលគ្នាក៏ដោយ។ លទ្ធផលនេះ ត្រូវបានគេលើកឡើងថា អាចអនុវត្តន៍លើមនុស្សបានដូចគ្នា។

៩. ថ្នាំពេទ្យ

ថ្នាំពេទ្យមួយចំនួន ដែលទាក់ទងនឹងការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងថ្នាំពន្យាកំណើត សុទ្ធតែអាចធ្វើឲ្យអ្នកឡើងទម្ងន់បាន។ នេះជាការសិក្សារបស់ Critical Reviews in Food Science and Nutrition នៅក្នុងឆ្នាំ ២០០៩។

១០. ប្រើម៉ាស៊ីនត្រជាក់ក្នុងផ្ទះ

អង្គការអន្តរជាតិទាក់ទងនឹងបញ្ហាលើសទម្ងន់ បានចុះផ្សាយអត្ថបទមួយ នៅក្នុងឆ្នាំ ២០០៦ ដោយបានលើកឡើងថា នៅពេលដែលមនុស្សយើងម្នាក់ៗ រស់នៅក្នុងបរិស្ថាន ដែលមានសីតុណ្ហភាពត្រជាក់ស្រួលដោយម៉ាស៊ីនត្រជាក់បែបនេះ គឺបណ្តាលឲ្យរាងកាយមិនដំណើរការ ក្នុងការរក្សាភាពត្រជាក់ ឬក្តៅទេ (រាងកាយត្រូវប្រែជាត្រជាក់ ឬក្តៅតាមស្ថានភាព) ដែលជាលទ្ធផល ធ្វើឲ្យរាងកាយប្រែជាឡើងទម្ងន់។

១១. មានម្តាយវ័យចំណាស់

បើយោងតាមការសិក្សាជាច្រើន ម្តាយដែលមានវ័យកាន់តែចាស់ មានកូនកាន់តែធាត់។ គេបានរកឃើញថា កុមារដែលកើតចេញពីម្តាយ ដែលមានអាយុ ៣០ ឡើង មានជាតិខ្លាញ់ក្នុងរាងកាយពី ២.៦% ទៅ ២.៨% បើប្រៀបនឹងកុមារដែលកើតពីម្តាយ ដែលមានវ័យក្រោម ២៥ ឆ្នាំ។

១២. ទទួលទានអាហារមានជាតិខ្លាញ់ទាប

ការសិក្សាមួយបានលើកឡើងថា ការទទួលទានផលិតផលទឹកដោះគោ ដែលមានជាតិខ្លាញ់ខ្ពស់ បែរជាកាត់បន្ថយការធាត់លើសទម្ងន់កម្រិតមធ្យមទៅវិញ ដោយសារតែ វាធ្វើអ្នកមានអារម្មណ៍ថាឆ្អែតជាង ផលិតផលទឹកដោះគោដែលគ្មានជាតិខ្លាញ់។ មួយវិញទៀត មានផលិតផលជាច្រើន ដែលដាក់ថាមានជាតិខ្លាញ់ទាប ប៉ុន្តែបែរជាមានកាឡួរីច្រើន ជាងធម្មតាទៅវិញ៕ 

ប្រភព៖ Bright Side | Live Science

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]