ចិន៖ ថ្មីៗនេះរូបថតពីរសន្លឹក នៃបុរសជនជាតិចិនម្នាក់ កំពុងតែធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមតែម្តង មានការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃរបស់គាត់ សុខចិត្តលះបង់ពេលវេលា សេចក្តីសុខរបស់ខ្លួន មកមើលថែទាំម្តាយចាស់ជរា ដែលមានជំងឺរស់នៅទាំងលំបាកលំបិន។

ជួបជាមួយនឹងលោក Zhang Yongkang ជាអ្នកស្រុករស់នៅក្នុងទីក្រុង Jinhua ខេត្ត Zhejiang ប្រទេសចិន សុខចិត្តលះបង់សេចក្តីសុខ និងការហត់នឿយរបស់ខ្លួន មកមើលថែទាំម្តាយចាស់ជរា វ័យ៨២ឆ្នាំ បានថ្លែងប្រាប់មកកាន់សារព័ត៌មាន Qianjiang Evening ក្នុងស្រុកឲ្យដឹងថា «ម្តាយរបស់ខ្ញុំ គឺមិនអាចដើរបានឡើយ ហើយក៏ពិបាកក្នុងការទទួលអាហារផងដែរ។ សម្រាប់ពេលនេះ អ្វីដែលខ្ញុំអាចធ្វើបាននោះ គឺខ្ញុំតែងតែចាប់កាន់ដៃរបស់គាត់ជាប់ជានិច្ច ដើម្បីឲ្យគាត់មានអារម្មណ៍ថាកក់ក្តៅ។ ព្រោះកាលខ្ញុំនៅតូច ម្តាយរបស់ខ្ញុំតែងតែផ្តល់ក្តីស្រលាញ់ ដែលគាត់មាចំពោះខ្ញុំ ដោយការអោបរឹតថ្នាក់ថ្នមលើរូបខ្ញុំ ដូចពេលនេះខ្ញុំធ្វើ ចំពោះរូបគាត់វិញផងដែរ»

រូបភាព៖ លោក Zhang និងម្តាយ

ប្រភពបានឲ្យដឹងថា ទោះបីជាលោក Zhang ត្រូវបានអ្នកជិតខាងជាច្រើន កោតសរសើរលើរូបគាត់ក្តី ក៏គាត់នៅតែមានអារម្មណ៍ថា សោកស្តាយ មិនសប្បាយចិត្តផងដែរ ដែលគាត់បានទុកម្តាយរបស់គាត់ចោល អស់រយៈពេលប្រមាណជា ២ឆ្នាំកន្លងទៅ ជាហេតុធ្វើឲ្យម្តាយរបស់គាត់ កាន់តែមានសភាពជំងឺធ្ងន់ធ្ងន់ រហូតមិនអាចដើរបានដល់ពេលនេះ។

លោក Zhang បន្តថា «ចាប់តាំងពីម្តាយរបស់ខ្ញុំ កើតមានជំងឺសរសៃឈាមបេះដូងមក ខាងគ្រូពេទ្យក៏បានចេញលិខិត បញ្ជាក់ប្រាប់ពីស្ថានភាព ធ្ងន់ធ្ងររបស់គាត់ ជាច្រើនលើកច្រើនសាផងដែរ។ ដូច្នេះហើយ ខ្ញុំត្រូវតែមើលថែម្តាយរបស់ខ្ញុំ ដោយយកចិត្តទុកដាក់ជាទីបំផុត ដើម្បីជួយឲ្យសុខភាពរបស់គាត់ ធូរស្បើយ និងមានអារម្មណ៍កក់ក្តៅជាងមុន។ ខ្ញុំប្តេជ្ញាចិត្តថា នឹងនៅក្បែរគាត់ មើលគាត់ថែទាំគាត់ឲ្យបានច្រើនជាទីបំផុត»

ដោយសារតែគុណតម្លៃរបស់ Zhang បានស្តែងចេញមកនេះ បានធ្វើឲ្យចាក់ដោតដល់បេះដូង ប្រជាជនចិនជាច្រើន។ លើសពីនេះ មហាជនជាច្រើនសរសើរគាត់ មិនដាច់ពីមាត់ថាលោក Zhang ចំជាកូនដោយគន្លងធម៌ និងថែមទាំងមានកាតព្វកិច្ច មើលថែទាំឪពុកម្តាយចាស់ជរា ដែលកូនៗជាច្រើនផ្សេងទៀត គួរណាស់យកគំរូតាមផងដែរ។

ជាមួយគ្នាបនេះដែរ អ្នកលេងបណ្តាញសង្គមម្នាក់ សរសេរថា «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចមើលថែទាំឪពុកម្តាយរបស់ខ្ញុំ នឹងមានពេលវេលាជជែកលេង ជាមួយនឹងពួកគាត់ នៅពេលពួកគាត់ចាស់ទៅផងដែរ»

ខណៈអ្នកឯទៀតបានសរសេរថា «មកធ្វើការនៅឆ្ងាយពីផ្ទះ ខ្ញុំមិនដែលមានពេលវេលា មកលេងឪពុកម្តាយខ្លួនឯងឲ្យយូរដូចគេសោះ ព្រោះថាឥលូវនេះ ពួកគាត់កាន់តែចាស់ៗអស់ហើយ។ ខ្ញុំពិតជាឈឺចិត្តណាស់! ជូនពរឲ្យពុកម៉ែមានសុខភាពល្អ» ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ CCTV

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយមួយវិញទៀត គួរឲ្យគោរពណាស់! កសិករម្នាក់ បាត់បង់ដៃ ទាំងសងខាង តាំងពីក្មេង តែនៅអាចធ្វើការ និងមើលថែ ម្តាយឈឺ ដោយគ្មានពាក្យ ត្អូញត្អែរ។ រឿងរ៉ាវជីវិតពិត និងការតស៊ូ ក៏ដូចជា ទឹកចិត្តដឹងគុណ យ៉ាងធំធេង របស់បុរសម្នាក់ ដែលខ្លួនពិការដៃ ទាំងសងខាង តាំងពីតូច នៅតែប្រឹងប្រែង ធ្វើការងារ ព្រមទាំងមើលថែម្តាយ ដែលមានជំងឺ សំរាន្តនៅលើគ្រែ ហើយបានធ្វើឲ្យ មនុស្សជាច្រើន មានអារម្មណ៍រំជួល ក្នុងចិត្តជាខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Chen Xingyin អាយុ៤៨ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ Tongxin នៃទីក្រុង Chongqing របស់ប្រទេសចិន បានបាត់បង់ ដៃទាំងគូ តាំងពីគាត់ មានអាយុ ៧ឆ្នាំមកម្ល៉េះ ដោយសារតែ ឆក់ចរន្តអគ្គិសនី នាពេលនោះ។

ទោះយ៉ាងណាក៏ដោយ ការបាត់បង់ ដៃទាំងសងខាងនេះ មិនបានធ្វើឲ្យ លោក Chen បាក់ទឹកចិត្ត និងចុះចាញ់ ព្រហ្មលិខិតឡើយ ដោយរូបគាត់ បានខំប្រឹងយ៉ាងខ្លាំង ក្នុងការមើលខុសត្រូវ លើខ្លួនឯង ដោយក្នុងនោះ គាត់អាចធ្វើការងារ ជាច្រើន ដោយមិនចាំបាច់ ត្រូវការជំនួយ ដូចជា ការធ្វើស្រែចំការ ធ្វើម្ហូប និងឲ្យចំណីសត្វ ជាដើម។

លើសពីនេះទៀត អ្វីដែលរឹតតែអស្ចារ្យ មិនសរសើរ មិនបាននោះ គឺថាបុរសកំសត់ម្នាក់នេះ នៅអាចមើលថែរក្សា ធ្វើម្ហូបអាហារ ទាំង៣ពេល និងបញ្ចុកអាហារ ទាំងនោះ ជូនម្តាយរបស់គាត់ ដែលសំរាន្តនៅលើគ្រែ មិនអាចធ្វើអ្វីបាន ទាំងអស់ ដោយសារតែ ជំងឺរលាកទងសួត ដោយរូបគាត់ មិនដែលរុញរា ក្នុងការមើលថែ ម្តាយរបស់ខ្លួនឡើយ។

លោក Chen គឺជាកូនប្រុសពៅ នៅក្នុងគ្រួសារ ដែលមានសមាជិក ៦នាក់។ ចាប់តាំងពី ឆ្នាំ២០១៤ ម្តាយរបស់គាត់ បានធ្លាក់ខ្លួន ឈឺធ្ងន់ ដែលនាំឲ្យគាត់ មិនអាចក្រោកដើរ ទៅណារួច ក្រៅពីសំរាន្ត នៅលើគ្រែ ហើយពេលនោះឯង ដែលលោក Chen ចាប់ផ្តើមមើលថែរក្សា ម្តាយរបស់គាត់ យ៉ាងដិតដល់ បើទោះជាគ្មាន ដៃទាំងគូ យ៉ាងណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា ជុំវិញរឿងរ៉ាវ ដ៏មហិមា និងកតញ្ញូ របស់បុរសកសិករ ពិការដៃទាំងសងខាងនេះ បានធ្វើឲ្យ មនុស្សជាច្រើន មានភាពរំជួលក្នុងចិត្ត ហើយភាគច្រើន ពួកគេបាននាំគ្នា បង្ហាញពីអារម្មណ៍ កោតសរសើរ និងគោរព អស់ពីចិត្ត ទៅដល់លោក Chen ទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]