ជំងឺដាច់សរសៃឈាមខួរក្បាល អាចបណ្តាលមកពី កត្តាជាក់លាក់ជាច្រើន។ ប្រសិនបើអ្នកកំណត់អត្តសញ្ញាណ នៃរោគសញ្ញារបស់ជំងឺនេះបាន អ្នកនឹងអាចសហការជាមួយគ្រូពេទ្យ ដើម្បីកាត់បន្ថយហានិភ័យរបស់វា បានយ៉ាងមានប្រសិទ្ធភាព។

# ខាងក្រោមនេះ ជាមូលហេតុ ដែលអាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាលបាន ៖

១. ទំនាក់ទំនងរវាង ជំងឺដាច់សរសៃឈាម និង AFib

AFib គឺជាប្រភេទជំងឺមួយ ដែលមានចង្វាក់បេះដូង លោតមិនទៀងទាត់។ ជាញឹកញាប់ វាបណ្តាលមកពី ថតខាងលើទាំងពីរ របស់បេះដូង បង្កើតជាចង្វាក់លោតមិនប្រក្រតី និងជួនកាលលោតញាប់ខ្លាំងទៀតផង។ ចង្វាក់បេះដូង ដែលលោតមិនស្មើគ្នានេះ នឹងបណ្តាលឲ្យឈាម ឡើងទៅប្រមូលផ្តុំក្នុងបេះដូង រួចបង្កើតបានជាដុំឈាម ធ្វើដំណើរទៅកាន់ខួរក្បាល បង្កជាជំងឺដាច់សរសៃឈាមខួរក្បាលតែម្តង។

២. កត្តាការរស់នៅ

ទម្លាប់នៃ ការញ៉ាំអាហារ ការហាត់ប្រាណ ជក់បារី និងផឹកស្រា គឺជាឧទាហរណ៍ ពីកត្តាការរស់នៅ ដែលបណ្តាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាលនេះ។ ហានិភ័យ ដែលបង្កមកពីរបៀបរស់នៅប្រចាំថ្ងៃ គឺជាទម្លាប់ ឬជាឥរិយាបថ ដែលមនុស្សអនុវត្តជារៀងរាល់ថ្ងៃ។

៣. កត្តាវេជ្ជសាស្រ្ត

សម្ពាធឈាមខ្ពស់ កូឡេស្តេរ៉ូលខ្ពស់ ជំងឺទឹកនោមផ្អែម លំហូរឈាមមិនប្រក្រតី និង AFib គឺសុទ្ធតែជាកត្តាហានិភ័យ ទាក់ទងនឹងវេជ្ជសាស្រ្ត។ ជាញឹកញាប់ ករណីនេះបណ្តាលមកពី តំណពូជ (ធ្លាប់មានសមាជិកគ្រួសារ កើតជំងឺនេះ)។

៤. កត្តាមិនអាចគ្រប់គ្រងបាន

កត្តាហានិភ័យ របស់ជំងឺដាច់សរសៃឈាមខួរក្បាលមួយចំនួន មិនអាចគ្រប់គ្រងបានទាំងស្រុងទេ ដែលរួមមានដូចជា អាយុ ភេទ ជាតិសាសន៍ និងកត្តាផ្សេងៗទៀត។ 

# ខាងក្រោមនេះ គឺជាវិធីបង្ការជំងឺដាច់សរសៃឈាមខួរក្បាលទាំង ៧ ចំនុច ដែលអ្នកគួរតែចាប់ផ្តើមអនុវត្តពីថ្ងៃនេះតទៅ ៖

១. បន្ថយសម្ពាធឈាម

សម្ពាធឈាមឡើងខ្ពស់ ជាកត្តាធំបំផុត ដែលបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ទេនោះ។ អ្នកត្រូវរក្សាសម្ពាធឈាមរបស់អ្នក ឲ្យនៅទាបជាង ១២០/៨០ ។ ប៉ុន្តែ ករណីខ្លះទៀត ត្រឹមតែ ១៤០/៩០ គឺសមរម្យបំផុត (អាចពិគ្រោះជាមួយគ្រូពេទ្យបន្ថែម)។ វិធីងាយៗ ដើម្បីបន្ថយសម្ពាធឈាម ៖

• ទទួលទានអំបិល មិនឲ្យលើសពី ១,៥០០ មីលីក្រាមក្នុងមួយថ្ងៃ (ប្រហែលពាក់កណ្តាល មួយស្លាបព្រាកាហ្វេ)

• ចៀសវាងអាហារមានកូឡេស្តេរ៉ូលខ្ពស់ រួមមាន ប៊ឺហ្គឺ ឈីស និងការ៉េម

• យ៉ាងហោចណាស់ ហាត់ប្រាណឲ្យបាន ៣០ នាទី ក្នុងមួយថ្ងៃ

• ប្រសិនបើអ្នកជក់បារី ត្រូវបញ្ឈប់ជាបន្ទាន់

• ករណីខ្លះ អាចប្រើថ្នាំពេទ្យជំនួយបាន។

២. បញ្ចុះទម្ងន់

ការធាត់លើសទម្ងន់ មានទំនាក់ទំនងទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ អ្នកត្រូវរក្សា BMI (Body mass index) មិនត្រូវលើសពី ២៥ ឡើយ។ (BMI គឺជារង្វាស់ភាពធាត់នៃរាងកាយ ទាំងបុរស និងស្រ្តី ដោយផ្អែកលើកម្ពស់ និងទម្ងន់)។ វិធីងាយៗ ដើម្បីបញ្ចុះទម្ងន់ ៖

• ព្យាយាមទទួលទានអាហារ ក្នុងមួយថ្ងៃ មិនឲ្យលើស ១,៥០០ ទៅ ២,០០០ កាឡូរី (អាស្រ័យលើកម្រិតសកម្មភាព និង BMI របស់អ្នកដែរ)

• បង្កើនការធ្វើលំហាត់ប្រាណ ឲ្យបានច្រើនជាងមុន តាមដែលអាចធ្វើទៅបាន។

៣. លំហាត់ប្រាណ

ការហាត់ប្រាណ រួមចំណែកក្នុងការបញ្ចុះទម្ងន់ និងបន្ថយសម្ពាធឈាម។ ប៉ុន្តែ លំហាត់ប្រាណផ្ទាល់ ក៏ឈរលើមូលដ្ឋានខ្លួនឯង ដើម្បីកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលនេះផងដែរ។ យ៉ាងហោចណាស់អ្នកត្រូវតែហាត់ប្រាណ ឲ្យបាន ៥ ថ្ងៃ ក្នុងមួយសប្តាហ៍។ វិធីងាយៗ ក្នុងការហាត់ប្រាណ ឲ្យមានប្រសិទ្ធភាព ៖

• ដើរចុះ ដើរឡើង ជុំវិញផ្ទះ រៀងរាល់ព្រឹក បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច

• ចុះឈ្មោះ ទៅក្លឹបហាត់ប្រាណ ជាមួយមិត្តភក្តិ

• ប្រើជណ្តើរជើង ជំនួសជណ្តើរយោង

• ប្រសិនបើគ្មានពេលហាត់ប្រាណ ៣០ នាទីជាប់គ្នាទេ អ្នកអាចបំបែកជា ១០ ទៅ ១៥ នាទី មួយថ្ងៃ ២ ទៅ ៣ ដងវិញក៏បាន។

៤. ផឹកស្រា

ប្រសិនបើអ្នកទទួលទានស្រា ត្រឹមតែ ១ កែវ ក្នុងមួយថ្ងៃ វាជួយកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលនេះ ប៉ុន្តែបើអ្នកហ៊ានតែទទួលទានលើសពី ២ កែវហើយនោះ អ្នកនឹងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលនេះខ្ពស់វិញ ជាមិនខាន។ អ្នកអាចអនុវត្តតាម វិធីងាយៗ ដូចខាងក្រោមនេះ ៖

• ទទួលទានស្រា មួយថ្ងៃ មួយកែវ

• ជម្រើសល្អបំផុត គឺស្រាក្រហម ព្រោះវាមានសារជាតិ resveratrol ដែលជួយការពារបេះដូង និងខួរក្បាល

• កម្រិតស្តង់ដារគឺ ប្រហែល ១៤៨ មីលីលីត្រ ។

៥. ព្យាបាលជំងឺទឹកនោមផ្អែម

ឈាម ដែលមានជាតិស្ករខ្ពស់ អាចបំផ្លាញសរសៃឈាម ឲ្យខូចបានគ្រប់ពេលវេលា និងបង្កើតជាដុំសាច់ដុះនៅក្នុងនោះទៀតផង។ អ្នកដែលមានបញ្ហាទឹកនោមផ្អែមទាំងឡាយ ត្រូវតែត្រួតពិនិត្យជាតិស្ករ របស់អ្នកជាមួយគ្រូពេទ្យ ឲ្យបានញឹកញាប់។ អ្នកត្រូវទទួលទានអាហារឲ្យបានត្រឹមត្រូវ ត្រូវហាត់ប្រាណ និងគួរប្រើប្រាស់ថ្នាំពេទ្យបន្ថែម ដើម្បីរក្សាជាតិស្ករនៅក្នុងឈាម ឲ្យស្ថិតក្នុងស្ថានភាពធម្មតា។ 

៦. បញ្ឈប់ការជក់បារី

ការជក់បារី អាចធ្វើឲ្យសរសៃឈាមឡើងក្រាស់ និងធ្វើឲ្យដុះដុំសាច់ស្ទះក្នុងសរសៃឈាម។ ដើម្បីបញ្ឈប់ការជក់បារី បានយ៉ាងមានប្រសិទ្ធភាព អ្នកត្រូវទៅសាកសួរ និងពិគ្រោះជាមួយគ្រូពេទ្យ អំពីវិធីណាមួយដែលសក្តិសម សម្រាប់អ្នកក្នុងការបញ្ឈប់។ អ្នកអាចប្រើថ្នាំគ្រាប់ ដែលមានជាតិនីកូទីន ឬថ្នាំពេទ្យផ្សេងទៀត ដើម្បីជាជំនួយក្នុងការផ្តាច់បារីនេះ។ អ្នកមិនត្រូវចុះចាញ់ងាយៗទេ ពីព្រោះអ្នកត្រូវព្យាយាមជាច្រើនលើក ដើម្បីបញ្ឈប់បានសម្រេច។

៧. គេងតែ ៧ ម៉ោងគឺគ្រប់គ្រាន់

អ្នកគួរដាក់នាឡិការោទិ៍កំណត់ ខ្លួនអ្នកឲ្យគេងតែ ៧ ម៉ោងបានហើយ។ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការគេងលើសពី ១០ ម៉ោង អាចបង្កើនហានិភ័យប្រឈមនឹង ជំងឺដាច់សរសៃឈាមខួរក្បាល រហូតដល់ ៦៣% បើប្រៀបទៅនឹងអ្នក ដែលគេងតែ ៧ ម៉ោង។ ជាងនេះទៅទៀត ប្រសិនបើអ្នកគេងស្រមុកបន្ថែមទៀតនោះ រាងកាយអ្នកនឹងមានបញ្ហាមេតាប៉ូលីស គុណនឹង ២ ដែលចាមូលហេតុធ្វើឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។

៨. បញ្ចូលប្រេងអូលីវទៅក្នុងរបបអាហារ

អ្នកគួរបន្ថែមប្រេងអូលីវ ជាគ្រឿងផ្សំ ក្នុងរបបអាហារប្រចាំថ្ងៃ មិនថាជាម្ហូប ចំហុយ ចៀន ឬដុត នោះទេ។ អ្នកដឹងទេថា ប្រេងអូលីវ អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺគាំងបេះដូងបាន និងការពារការកើតឡើងនៃ ជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។ ការស្រាវជ្រាវមួយ លើមនុស្សវ័យជំទង់ជាង ៧,៦០០ នាក់នៅបារាំង ដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ ឃើញថា អ្នកដែលទទួលទានប្រេងអូលីវជាប្រចាំ អាចកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានជាង ៤០% ឯណោះ។

៩. កុំភ្លេចដំឡូងជ្វា

ការទទួលទានដំឡូងជ្វា (ក៏ដូចជា ទំពាំងបាយជូរក្រៀម ចេក និងទឹកប៉េងប៉ោះ) សុទ្ធតែសម្បូរទៅដោយ សារធាតុប៉ូតាស្យូម ដែលវាអាចកាត់បន្ថយហានិភ័យ នៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលបានដល់ទៅ ២០%។ បន្លែ ផ្លែឈើ សាច់ត្រី សាច់មាន់ និងទឹកដោះគោ សុទ្ធតែជាជម្រើសដ៏ល្អសម្រាប់ ការការពារជំងឺដាច់សរសៃឈាមខួរក្បាល។

១០. កំណត់ F-A-S-T

The National Stroke Association បានលើកឡើងនូវរោគសញ្ញា F-A-S-T ដែលអាចជួយអ្នកឲ្យកំណត់ ជំងឺដាច់សរសៃឈាមខួរក្បាល បានឆាប់រហ័ស ៖

F (face) ៖ មុខមានស្នាមញញឹមមិនស្មើ ស្ពឹកមុខ ឬមានបញ្ហាភ្នែក

A (arm) ៖ ដៃមានសភាពស្ពឹក និងខ្សោយ

S (speech) ៖ និយាយមិនច្បាស់ និងមិនទំនង

T (time) ៖ ពេលវេលាជាមាសប្រាក់។ ហេតុនេះ បើមានរោគសញ្ញា ដូចខាងលើនេះ គឺត្រូវទាក់ទងទៅសង្គ្រោះបន្ទាន់ភ្លាមៗ! 

ប្រភព៖ National Stroke Association | Harvard Health Publications | Prevention

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]