ចិន៖ កាលពីពេលថ្មីៗនេះ ត្រីដ៏ចម្លែក និងមានទំហំធំមួយក្បាល ត្រូវក្រុមអ្នកនេសាទចិន នាំគ្នាចាប់បាននៅទន្លេ Daishan នាទីក្រុង Zhousan ប្រទេសចិន។

បើតាមប្រភពបានឲ្យដឹងថា ក្រុមអ្នកនេសាទ នឹងគ្រោងលក់ត្រីដ៏ធំមួយក្បាលនេះ ក្នុងតម្លៃ ១.១លានយ័ន ដែលស្មើនឹងទឹកប្រាក់ចំនួន ១៥មឺុនដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា ត្រីមួយក្បាលនេះ មានទម្ងន់រហូតដល់ ៤៨គីឡូក្រាម និងប្រវែង១៥៧សង់ទីម៉ែត្រ ចាប់បានដោយក្រុមអ្នកនេសាទចំនួន៥នាក់ ។

ត្រីដែលមានទំហំធំមួយក្បាលនេះ ត្រូវបានគេរាយការណ៍ថា ជាប្រភេទត្រីដ៏កម្រនៅក្នុងតំបន់នេះ ដែលប្រជាជននៅទីនោះបាននាំគ្នានិយាយថា ជាត្រីធំជាងគេនៅ Zhousan ។ 

បើយោងតាមសម្តីរបស់អ្នកនេសាទម្នាក់ ឈ្មោះ Chen បាននិយាយថា «នេះគឺជាប្រភេទត្រីដ៏កម្រមួយ ដែលខ្ញុំមិនដែលប្រទះឃើញជាងរយៈពេល២០ឆ្នាំមកហើយ។ វាពិតជាអស្ចារ្យណាស់ ដែលពួកយើងអាចចាប់ត្រីនេះបាន ដោយឡែក សូម្បីតែអ្នកនេសាទផ្សេងៗទៀត គឺមិនដែលទាំងមានឱកាសបានឃើញវាផង»

ត្រីមួយក្បាលនេះ ត្រូវក្រុមអ្នកនេសាទយកវាទៅក្លាស្សេ បន្ទាប់ពីចាប់បានរួចមក ហើយគ្រោងនឹងលក់តម្លៃដ៏ថ្លៃ ១៥មឺុនដុល្លារ ដោយសារពួកគេជឿជាក់ថា ត្រីប្រភេទនេះមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាព ពីព្រោះវាមាផ្ទុកទៅដោយជាតិប្រូតេអ៊ីន និងជាតិខ្លាញ់ច្រើននៅក្នុងខ្លួន ។ ម្យ៉ាងវិញទៀតខ្លាញ់ត្រី ប្រភេទនេះ ភាគច្រើនត្រូវបានគេយកទៅផ្សំធ្វើថ្នាំ ដើម្បីព្យាបាលជំងឺផងដែរ ។

បច្ចុប្បន្នត្រីមួយក្បាល ដែលមានតម្លៃ ១៥មឺុនដុល្លារនេះ កំពុងតែផ្សព្វផ្សាយលក់នៅក្នុងទីផ្សារ ក៏ជាតាមប្រព័ន្ធបណ្តាញសង្គមផ្សព្វផ្សាយផងដែរ។ ក្នុងនោះមានសាធារណៈជាច្រើនបាននាំគ្នាបញ្ចេញមតិដូចជា ៖ «ត្រីនេះ ញ្ញុាំហើយមានជីវិតអមតៈឬ បានលក់ថ្លៃម្លឹងៗ?» ខ្លះទៀត «គ្រាន់តែត្រីងាប់មួយក្បាលសោះ តម្លៃ១.១លានយ័នដែរ» ចំនែកឯម្នាក់ទៀតនិយាយថា «តម្លៃប៉ុណ្ណឹង សុខចិត្តទៅទិញ នាវាមុជទឹកវិញល្អជាង» ។ នេះបើយោងតាមមតិសាធារណៈជនដែល ដកស្រង់ចេញពីបណ្តាញសង្គម ៕ 

ប្រភព៖ Asian Town

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែករំលឹកព័ត៌មានចាស់លើកមុនផងដែរថា ត្រីចម្លែកមួយក្បាល មានទម្រង់ច្រមុះពណ៌ផ្កាឈូក ស្រដៀងទៅនឹងសត្វជ្រូក ត្រូវអ្នកនេសាទចាប់បាន នៅទន្លេ Fraser ដែលមានទីតាំង ស្ថិតនៅក្បែរទីប្រជុំជន Lilooet ក្នុងតំបន់ British Coumbia នៃប្រទេសកាណាដា។

បើតាមប្រភពបានឲ្យដឹងថា ត្រីចម្លែកមួយក្បាលនេះ ចាប់បានដោយយុវជនជំទង់វ័យ ១៩ឆ្នាំម្នាក់ ឈ្មោះ Nick McCabe ក្នុងអំឡុងពេលជិះទូក ធ្វើការនេសាទលេង នៅតំបន់ទីតាំងខាងលើ ដោយចំណាយពេលអស់ ២ម៉ោង។

គួរឲ្យដឹងថា ត្រីចម្លែកមួយក្បាលនេះ មានប្រវែងដងខ្លួនវែង រហូតដល់ទៅ ៣ម៉ែត្រ ជាមួយនឹងទម្ងន់ញាក់សាច់តែម្តង ប្រមាណជា ២៩៥គីឡូក្រាមឯណោះ ហើយគេជឿជាក់ថា វាមានអាយុ ៨០ឆ្នាំផងដែរ។

ត្រីចម្លែកមួយក្បាល ត្រូវបានគេដាក់ឈ្មោះឲ្យវាថា «Pig Nose» ឬ «ត្រីច្រមុះជ្រូក» នោះក៏ដោយសារតែច្រមុះរបស់វា ដូចទៅនឹងសត្វជ្រូក។ ទាក់ទងជាមួយនឹងច្រមុះ មានសភាពពណ៌ផ្កាឈូកនេះដែរ គេជឿជាក់ថា អាចប្រហែលជាវា ត្រូវបានរងរបួស កាលពីរយៈពេល៤០ឆ្នាំមុន នេះបើតាមការពន្យល់ឲ្យដឹងពីលោក Jeff Grimolfson ក្រុមការងារជាមួយនឹងលោក McCabe ដែលជាអ្នកចាប់បាន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]