ភ្នំពេញ៖ នំអន្សម គឺជានំរបស់ប្រជាជនខ្មែរមួយប្រភេទ ដែលស្ទើរតែគ្រប់ក្រុមគ្រួសារ តែងតែនាំគ្នា និយមរៀបចំវេចខ្ចប់ទទួលទាន និងយកទៅវត្តប្រគេនព្រះសង្ឃ មិនដែល អាក់ខានទេជារៀងរាល់ឆ្នាំ។ ឱ្យតែដល់រដូវបុណ្យភ្ជុំម្តងៗ តាមភូមិស្រុកស្រែចម្ការ ជនបទរហូតដល់អ្នកទីក្រុង ប្រជាពលរដ្ឋខ្មែរយើងតែងវេចនំអន្សមនេះនៅមុន ថ្ងៃបុណ្យភ្ជុំ១ឬ១ថ្ងៃ ដោយអ្នកខ្លះវេចនៅក្នុងថ្ងៃកាន់បិណ្ឌទី១២ ឬទី១៣។

គ្រប់ផ្ទះម្នាក់ៗសុទ្ធតែញាប់ដៃញាប់ជើងម្នីម្នា រូតរះរៀបចំវេចនំអន្សមដើម្បីទុក ចូលរួមក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ហើយនៅតាមភូមិស្រុកខ្លះក៏មានវេចនំ ជាច្រើនទៀតដែលរួមមានដូចជា៖ នំអន្សមជ្រូក នំអន្សមចេក នំគម និងនំបត់ ជាដើម។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមការងារខ្មែរឡូតរបស់យើង ក៏បានចុះទៅសាកសួរលោកយាយាជើងចាស់ម្នាក់ ដែលលឺល្បីថាមានថ្វីដៃ ប៉ិនប្រសប់នៅក្នុងការវេចនំអន្សមនេះ។

វិធីសាស្ត្រមួយចំនួនដើម្បីវេចនំអន្សម ឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ពិសាពី លោកយាយចាស់ម្នាក់ ដែលមានឈ្មោះថា ទុំ សែម គាត់បានរៀបរាប់ប្រាប់ ខ្មែរឡូតថា៖ «នំអន្សមជាប្រភេទនំមួយបែប ដែលពិបាកធ្វើដែរ ព្រោះវាមានច្រើន ដំណាក់កាល និងទាមទារឱ្យមានការព្យាយាមខ្ពស់។ មុននឹងវេចយើងគួរត្រៀម សម្ភារៈ និងគ្រឿងផ្សំសំខាន់ៗមួយចំនួន ឱ្យបានរួចស្រេចសិនដែលរបស់ទាំងនោះ រួមមានដូចជា

គ្រឿងផ្សំ៖

១. អង្ករដំណើប ៥គីឡូ

២. សណ្តែកខៀវ២គីឡូ (អាចជ្រើសយកសណ្តែកមូល ឬកិនស្រេចក៏បានតាមតម្រូវការ)

៣. ខ្លាញ់ជ្រូក១គីឡូ (គួរជ្រើសយកប្រភេទសាច់បីជាន់ ឬខ្លាញ់សុទ្ធក៏បាន តែយកល្អគួរជ្រើសសាច់ខ្លាញ់សុទ្ធល្អ ជាងទើបមានររសជាតិឆ្ងាញ់ពិសាពេល ដែលវាឆ្អិន)

៤. ដូងទុំ១ផ្លែ។

សម្ភារៈមានដូចជា៖

១. ស្លឹកចេក (គួរជ្រើសយកស្លឹកចេកណាំវ៉ា ឬចេកជ្វាមកវេចព្រោះថា វាធ្វើឱ្យសាច់អន្សមមានពណ៌ខៀវថ្លា ពេលបកសំបកមកមានក្លិនក្រអូបប្រហើរ និងគួរឱ្យចង់ទទួលទាន)

២. ចំណង (មានអ្នកខ្លះប្រើខ្សែចំណង ដែលធ្វើមកពីធាងចេក ឬដើមកំប្លោក ប៉ុន្តែបច្ចុប្បន្នគេនិយមប្រើខ្សែជ័រយកមកចងច្រើនជាង ព្រោះវាងាយស្រួលមិនចាំបាច់ពិបាកក្នុងការធ្វើទុកជាមុន)

៣. ឆ្នាំងធំ១ ។

• វិធីធ្វើ៖

សម្រាប់វិធីធ្វើលោកយាយ ទុំ សែម បានរៀបរាប់យ៉ាងក្បោះក្បាយ និងបង្ហាញពីរបៀបធ្វើពីមួយដំណាក់កាលទៅមួយដំណាក់កាលដូច្នេះថា៖

#ជំហានទី១៖ ការត្រៀមសម្ភារៈ និងគ្រឿងទេស គឺចាប់ផ្តើមពី៖

- ស្លឹកចេក៖ កាត់វាពីធាងចេញ ហើយយកទៅហាលថ្ងៃឱ្យស្រពាប់ៗ បន្ទាប់មកហែកវាជាចំរៀងៗមិនតូចពេក មិនធំពេក ល្មមសមរម្យក្នុងការវេចខ្ចប់។ រួចរាល់ទុក១អន្លើ។

- ខ្សែចំណង៖ បើមានធាងចេក ឬដើមកំប្លោក ត្រូវវះវាជាខ្សែតូចៗល្មម និងហាលថ្ងៃឱ្យស្ងួត ឬប្រើខ្សែជ័រក៏បានដែរ។

- សណ្តែក៖ មុនដំបូងយើត្រូវយកសណ្តែកមកត្រាំទឹក ឱ្យវារីកជាមុនសិន បើសណ្តែកមូលត្រូវត្រាំរយៈពេល ប្រមាណជា៦ទៅ៧ម៉ោង (ពីមុនគេត្រូវត្រាំពីក្បាលព្រលប់ទុកឱ្យហើយ លុះព្រឹកព្រហាមឡើង ទើបនាំគ្នាក្រោកយកវា ទៅលាងទឹកចេញឱ្យអស់សំបក ទើបដាក់ស្ងោរយកតែម្តង ឬក៏វិធីមួយទៀតអាចយកសណ្តែកមកលាងពីល្ងាច រួចហើយស្ងោរវាទុកពីព្រលប់ ឱ្យហើយក៏បានដែរ)។ ប៉ុន្តែបច្ចុប្បន្នដោយសារមានគ្រាប់សណ្តែកខៀវ ដែលគេកិនបកសំបករួចជាស្រេច នាំឱ្យយើងមិនបាច់ពិបាកដូច្នេះទេ គឺគ្រាន់តែយកវាទៅ ត្រាំទឹកចោលប្រហែលជា ១ម៉ោងចាំយកលាងសម្អាតចេញជាការស្រេច។ ធ្វើដូចនេះគឺដើម្បីឱ្យសណ្តែករីក ជក់ជាតិទឹកបានខ្លះងាយស្រួលនៅក្នុងការ ចម្អិនមិនចំណាយពេលយូរ។

បញ្ជាក់៖ នៅពេលស្ងោរយើងត្រូវដាក់អំបិលចូល ១ស្លាបព្រាកាហ្វេ ដើម្បីឱ្យវាមានរសប្រៃតិចៗ។

- ខ្លាញ់ជ្រូក៖ ចំពោះខ្លាញ់ជ្រូកយើងត្រូវលាងទឹកវាឱ្យស្អាត ហើយយកមកវះជាឆ្នូតៗវែងៗល្មមប្រហែល១ចង្អុលដៃ។ បន្ទាប់មកយកវាមកប្រឡាក់លាយជាមួយគ្រឿងទេសដូចជា ដាក់អំបិល២ស្លាបព្រាបាយ ស្ករ១ស្លាបព្រាបាយ ម្រេច១ស្លាបព្រាបាយ ខ្ទឹមស១០កំពឹស និងប៊ីចេងបន្តិច ហើយទុកផ្អាប់ចោល១យប់ ដើម្បីឱ្យវាចូលជាតិជាមួយគ្រឿងផ្សំបានល្អ។

- ដូងទុំ៖ កោសសាច់វាឱ្យល្អិតៗ ទុកសម្រាប់លាយជាមួយអង្ករដំណើបដែលបានត្រៀមទុក។

- អង្ករដំណើប៖ នៅក្នុងអង្ករដំណើប យើងក៏ត្រូវមានលាយគ្រឿងទេសសំខាន់ៗ មួយចំនួនមិនអាចខ្វះបានដែរ ដូចជា ដូង (ដើម្បីឱ្យសាច់អន្សមមានភាព រលើបរលោងមិនជាប់ស្លឹកពេលចម្អិនឆ្អិន) អំបិលម៉ត់១ស្លាបព្រាកាហ្វេ។ ហើយសម្រាប់ទិចនិកពិសេសរបស់លោកយាយ គឺមានមានដាក់បន្ថែមស្ករស ចូលក្នុងអង្ករបន្តិចផងដើម្បីពេលស្ងោរឆ្អិន សាច់អន្សមមានសភាពស្អិតរមួតគួរឆ្ងាញ់។

#ជំហានទី២៖ បន្ទាប់ពីយើងបានត្រៀមសម្ភារៈ និងរបស់របរសម្រាប់រួចរាល់ អស់ហើយពេលនេះយើងចូលមក ដល់ការធ្វើការវេចខ្ចប់វិញម្តងៈ

វិធីវេចនំអន្សមមាន២ដំណាក់កាលទៀតគឺ៖

១. មុនដំបូងយើងដាក់អង្ករដំណើបនៅលើស្លឹកចេក បន្ទាប់មករោយសណ្តែក ដែលបានស្ងោរឆ្អិនពីលើ ហើយដាក់ខ្លាញ់ជ្រូក និងដាក់សណ្តែកថែមគ្របពីលើខ្លាញ់ជ្រូក១ជាន់ទៀត ហើយចុងក្រោយទើបដាក់អង្ករ ពីលើរួចវេចខ្ចប់តាមធម្មតា។

២. ការចងចំណង ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដែរ មិនមែនចេះតែចងឱ្យវាជាប់រួចៗផុតតែពីដៃនោះទេ បើមិនអញ្ចឹងទេ ពេលយកវាទៅដាក់ស្ងោរនៅក្នុងឆ្នាំងច្បាស់ជារបេះដាច់ចេញពីគ្នាអស់មិនខាន ដូច្នេះត្រូវតែចងវារឹតឱ្យបានតឹងណែនជាប់ល្អជាទីបំផុត។

#ជំហានទី៣៖ ក្រោយពីវេចខ្ចប់រួច យើងយកវាមកស្ងោរដោយ៖

១. នៅក្នុងការស្ងោរត្រូវដាក់តម្រៀបអន្សមណាធំៗ ជាងគេនៅខាងក្រោមគេបង្អស់ ឯនំអន្សមតូចៗ ត្រូវដាក់វានៅខាងលើគេ ដើម្បីកុំឱ្យឆៅ រួចចាក់ទឹកឱ្យលិច។

២. ការស្ងោរនំអន្សមត្រូវប្រើរយៈពេលប្រហែលពី៥-៦ម៉ោងយ៉ាងតិច ទៅតាមចំនួននៃនំដែលយើងមាន។ ហើយបន្ទាប់ពីស្ងោរបាន៣ ឬ៤ម៉ោងត្រូវប្រែនំអន្សមនៅក្នុងឆ្អាំង ពីលើមកក្រោមពីក្រោមឡើងទៅលើវិញឱ្យ បានសព្វល្អ ចៀសវាងបណ្តាលឱ្យវាឆៅ។

៣. បន្ទាប់ពីប្រែវារួចរាល់ហើយ ត្រូវចាក់ទឹកដែលស្ងោរចាស់នេះចេញឱ្យអស់ រួចដាក់ទឹកថ្មីចូលវិញម្តង។ ធ្វើបែបនេះនឹងជួយឱ្យ នំអន្សមគ្មានសភាពជាំខ្មៅខ្លាំង និងមានពណ៌ស្រស់តាមបែបធម្មជាតិ ព្រោះវាបានបញ្ចេញជាតិជ័ររំអិល ស្លឹកចេកចេញទៅតាមទឹកដែលដាក់ស្ងោរ កាលពីលើកដំបូងនោះអស់ហើយ។

#ជំហានទី៤៖ នៅមិនទាន់អស់ទេណា មានតិចនិកពិសេស ចុងក្រោយមួយទៀតគឺ ក្រោយពីស្ងោរនំអន្សមឆ្អិន យើងត្រូវ៖

១. ស្រង់វាយកឆ្អើរនៅលើភ្លើងចោលម្តងទៀត ដើម្បីឱ្យសាច់វាកាន់តែឆ្អិនល្អ ទុកបានយូរមិនងាយខូច ជាងនំដែលស្រង់ចុះពីឆ្នាំង ហើយយកមកទុកភ្លាមៗ រង់ចាំដល់ស្អែកសឹមឆ្អើរវា។

២. បន្ទាប់ពីឆ្អើរវាបានត្រឹមត្រូវសមល្មមហើយ អ្នកនឹងទទួលទាន បាននូវនំអន្សមយ៉ាងឆ្ងាញ់ពិសារ ថែមទាំងអាចរក្សាទុកបានយូរទៀតផង។

តោះនៅចាំអីទៀត! វេចអន្សមទៅវត្តទាំងអស់គ្នាណា...។

ចុះប្រិយមិត្តវិញមានតិចនិកអ្វីពិសេសផ្សេងពីនេះទៀតទេ? ចូលរួមចែករំលែកចំណេះទាំងអស់គ្នា ដើម្បីបង្កើនរសជាតិនំអន្សមខ្មែរ ពីដូនតាយើង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]