ឥណ្ឌា៖ តើអ្នកទុកសត្វចិញ្ចឹមសំខាន់ជាង ឬក៏អនាគតប្តីប្រពន្ធសំខាន់ជាង? សំណួរនេះត្រូវបានចោទសួរ បន្ទាប់ពីនារីម្នាក់បានរំសាយគម្រោងរៀបការ ព្រោះខាងប្រុសមិនចូលចិត្តឆ្កែរបស់នាង។

នារីជនជាតិឥណ្ឌា ឈ្មោះថា Karishma Walia ដែលនាងធ្វើការនៅ Gurgaon បានឆ្លើយឆ្លងជាមួយខាងប្រុសពីទីក្រុងញូវដេលី អំពីរឿងសត្វឆ្កែនាងឈ្មោះថា Lucy តាមកម្មវិធី WhatsApp ដោយខាងប្រុសបានផ្ញើសារថា “ខ្ញុំមិនចង់ឲ្យសត្វឆ្កែចូលមកជ្រៀតជ្រែកក្នុងសេចក្តីស្នេហា និងជីវិតរបស់យើងទេ ហើយក៏មិនចង់ចែករំលែកគ្រែយើងដេកទៅឲ្យសត្វឆ្កែដែរ”។ 

ការឆ្លើយឆ្លងគ្នារបស់អនាគតប្តីប្រពន្ធមួយគូនេះក៏ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយខាងប្រុសបានសរសេរទៀតថា “ជាធម្មតា ម្តាយរបស់ខ្ញុំក៏មិនចូលចិត្តសត្វឆ្កែដែរ”។

នៅពេលដែលនាងបាននិយាយថា គម្រោងរៀបការរបស់ពួកគេទាំងពីរនាក់មិនអាចទៅរួចនោះ ខាងប្រុសគិតថា នាងកំពុងតែខឹងឆេវឆាវមួយពេលប៉ុណ្ណោះ។ លោកបានតបទៅវិញថា “អូនឯងលេងមែនទែនមែន? អូព្រះអើយ! តើអូនបានសម្រេចចិត្តច្បាស់ហើយឬ? វាអាចគ្រាន់តែជាពេលមួយតែប៉ុណ្ណោះដែលអូនស្រលាញ់សត្វឆ្កែបែបនេះ។ ពេលនេះយើងកំពុងតែនិយាយរឿងអនាគត របស់យើងណា! ”។ 

តែនាង Karishma Walia បែរជាទទូចថា “ខ្ញុំមិនអាចលះបង់ឆ្កែរបស់ខ្ញុំដើម្បីនរណាម្នាក់ឡើយ”។ ទើបធ្វើឲ្យខាងប្រុសផ្ញើសារតបវិញថា “បងសុំទោសផង តែបើអីចឹងអូនគួរតែរៀបការជាមួយសត្វឆ្កែរបស់អូនទៅ”។

នាង Walia បានប្រាប់មកកាន់ Buzzfeed ថា “ម្តាយរបស់ខ្ញុំគិតថា ខាងប្រុសនោះជាមនុស្សល្អសមគ្នាបំផុតជាមួយនឹងខ្ញុំ”។ ខ្ញុំបានទទួលរងសម្ពាធយ៉ាងខ្លាំងពីគ្រួសាររបស់ខ្ញុំ ហើយពួកគាត់នៅតែគិតថាខ្ញុំធ្វើខុស នៅពេលដែលខ្ញុំស្រលាញ់ព្រួយបារម្ភពីសត្វឆ្កែខ្ញុំ។

បើទោះបីបុរសជាអនាគតស្វាមី ខំប្រឹងព្យាយាមលួងលោមឲ្យនាងប្តូរចិត្ត តែនាងនៅតែមិនព្រម៕ 

ប្រភព៖ Telegraph

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]