អាមេរិក៖ នេះគឺជារឿងរ៉ាវរបស់ក្មេងស្រីតូចចិត្តល្អម្នាក់ ដែលមានឈ្មោះថា Ella Scott ដែលបានឆក់យកអារម្មណ៍របស់មនុស្សផងគ្នា នៅក្នុងសង្គមអនឡាញយ៍ស្ទើរ ពាសពេញពិភពលោក ក្នុងខណៈពេលដែលនាងបានធ្វើនូវអំពើមនុស្សធម៌ដ៏ល្អ និងគួរឱ្យកោតស្ញប់ស្ញែងមួយនេះ។

រឿងនេះមានដំណើរថា ពេលនាងតូច Ella និងឪពុករបស់នាងគឺលោក Eddie បានទៅបរិភោគអាហារនៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងរដ្ឋ California កាលពីពេលកន្លងទៅក្មេងតូច Ella ក៏បានប្រទះឃើញថា នៅខាងក្រៅហាងមាន បុរសចំណាស់ទុរគតគ្មានផ្ទះសំបែងម្នាក់ បានអង្គុយយ៉ាងឯកោតែឯង ក្នុងទឹកមុខ ក្រៀមក្រំគួរឱ្យអាណិតអាសូរ និងមើលទំនងទៅហាក់ដូចជា កំពុងតែឃ្លានអាហារ ខ្លាំងណាស់។ រំពេចនោះនាងក៏បាននិយាយទៅកាន់ឪពុក ដើម្បីស្នើរសុំការអនុញ្ញាត្តិ យកអាហារដែលជាចំណែករបស់ខ្លួន ទៅជូនតាចាស់ដែលអង្គុយត្រមង់ត្រមោច នៅខាងក្រៅហាងនោះបរិភោគ។

បន្ទាប់មកលោក Eddie ជាឪពុកក៏បានយល់ព្រមនឹងសំណើរនេះ។ មិនបង្អង់យូរ Ella ក៏បានកាន់ចានដែលមានអាហារពេញនៅក្នុងនោះ រួចចុះពីកៅអីដើរចេញពីក្នុងហាង សំដៅទៅរកបុរសចំណាស់នៅខាងក្រៅ និងហុចអាហារឱ្យតាចាស់នោះដោយ សុភាពរាបសារ។ បុរសទុរគតទទួលចានអាហារពីកុមារីចិត្តបុណ្យដោយក្តីសោមនស្ស រីករាយ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ក្រោយមកទៀតនាងក៏បាន វិលត្រឡប់មកក្នុងភោជនីយដ្ឋានអង្គុយទល់មុខឪពុករបស់នាងវិញ ទាំងក្តីរំភើបរីករាយឥតឧបមា។

ឪពុកក៏បានប្រាប់កូនស្រីរបស់គាត់ថា៖ «ពូកែមែនកូនប៉ា!  កូនពិតជាអស្ចារ្យ ខ្លាំងណាស់ ប៉ាគិតថាកូនបានធ្វើឱ្យគាត់(បុរសទុរគត) មានសេចក្តីសុខណាស់ នៅពេលនេះ ឬក៏អាចធ្វើឱ្យគាត់មាន ភាពរីករាយពេញមួយសប្តាហ៍។ ហើយចុះតើវាធ្វើឱ្យកូនមានអារម្មណ៍ថាយ៉ាងម៉េចដែរ?» នាងតូច Ella ក៏តបទៅវិញដោយភាពរីករាយ និងនិយាយត្រឹមតែប្រយោគខ្លីៗថា៖ «ខ្ញុំចូលចិត្តណាស់ប៉ា»

ក្រោយទទួលចម្លើយពីកូនស្រី លោក Eddie អត់ទ្រាំនូវទង្វើរល្អរបស់កូនស្រីខ្លួន មិនបាន ក៏បានបង្ហោះក្លីបវីដេអូសកម្មភាពទាំងនេះ ចូលទៅក្នុងហ្វេសប៊ុកផេកផ្ទាល់ របស់ខ្លួន រួមជាមួយនឹងការបង្ហាញប្រាប់ថា៖ «នេះគឺជាឱកាសល្អមួយ ដើម្បីបង្រៀន កូនឱ្យចេះមើលឃើញពីភាពខ្វះខាតរបស់មនុស្សដូចគ្នា និងចេះផ្តល់ឱ្យទៅ មនុស្សដែលមានជីវិតលំបាកជាង ទោះបីជាគេរស់នៅក្នុងទីក្រុង ដូចជាពួកយើងក៏ដោយ»។

ខាងក្រោមនេះជាវីដេអូសកម្មភាពរបស់ក្មេងតូច Ella៖

ជាការពិត គួរឱ្យនូវទឹកចិត្តដ៏ល្អប្រពៃរបស់ក្មេងស្រីតូចម្នាក់នេះខ្លាំងណាស់ អាយុប៉ុណ្នឹងសោះតែចេះធ្វើអំពើល្អ ស្គាល់ពីទុក្ខលំបាករបស់អ្នកដទៃគួរឱ្យសរសើរ និងយកធ្វើជាគម្រូ​ នៅក្នុងសង្គមរស់នៅនាពេលបច្ចុប្បន្ននេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]