អាមេរិក៖ បច្ចុប្បន្នពិភពលោករបស់យើង បានវិវត្តទៅមុខឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសខាងបច្ចេកវិទ្យា ម៉ូត និងគំនិតច្នៃប្រឌិតផ្សេងៗ កាន់តែមានការរីកដុះដាលឡើងៗជាលំដាប់។ ដូចជាគ្រូស្រីនៅសហរដ្ឋអាមេរិកម្នាក់ គាត់ពិតជាមានគំនិតដ៏អស្ចារ្យមែន ដោយបានបង្កើតឱ្យមាន ម៉ាស៊ីនធាក់កង់នៅពីខាងក្រោមតុសិស្សរបស់នាង ដើម្បីបង្កើនថាមពលដល់សិស្សទាំងអស់គ្នាបន្ថែម នៅក្នុងការរៀនគណិតវិទ្យា ព្រោះការរៀនសូត្រឱ្យបានពូកែ សិស្សត្រូវមានកម្លាំងថាមពល ឱ្យបានគ្រប់គ្រាន់ដើម្បីងាយស្រួលផ្តោតការយកចិត្តទុកដាក់ទៅលើ មេរៀនដែលគ្រូពន្យល់។

នេះគឺជាវិធីសាស្ត្របែបថ្មីនៃ ការបង្រៀនរបស់គ្រូស្រីដ៏ចម្លែកខុសពីគេរូបនេះ។ ជាមួយនឹងការសិក្សាបែបពិសេសថ្មី និងមិនធ្លាប់មានពីមុនមកដូច្នេះ នាង Bethany Lambeth ជាគ្រូបង្រៀន បាននិយាយថា៖ «ជាធម្មតានៅវ័យកុមារ វាគឺជាអាយុមួយ ដែលក្មេងៗមានថាមពលច្រើមហាសាល ហើយនៅពេលដែលពួកគេអង្គុយរៀន បើមានម៉ាស៊ីនធាក់កង់នៅខាងក្រោមបែបនេះអាចឱ្យពួកគេហាត់ប្រាណ បញ្ចេញញើសបានល្អ ដោយមិនអាចប្រឡែងគ្នា ឬជជែកគ្នាជាមួយមិត្តរួមថ្នាក់ បានឡើយ។ នេះក៏ដោយសារតែជើងរបស់ពួកគេ កំពុងផ្លាស់ប្តូរឥតឈប់ឈរ ដែលនឹងធ្វើឱ្យវាអាចបង្កើនគុណភាពសិស្សរបស់យើងបានកាន់តែប្រសើរ»

អ្វីដែលល្អបំផុតរបស់វានោះគឺ សិស្សនិស្សិតទាំងនោះ ចូលចិត្តវាខ្លាំងណាស់ ព្រោះ «វាអនុញ្ញាតឱ្យខ្ញុំអាចហាត់ប្រាណបណ្តើរ រៀនបណ្តើរបានយ៉ាងស្រួល។» សិស្សម្នាក់និយាយ។ ទន្ទឹមនឹងនេះដែរកូនសិស្សម្នាក់ទៀត ក៏បានឱ្យដឹងថា «ខ្ញុំមានថាមពលច្រើន ហើយវាផ្តល់ឱ្យខ្ញុំនូវថាមពល ដើម្បីអាចយកចិត្តទុកដាក់ រៀនបន្ថែមទៀត»។ បើគិតពីរយៈចម្ងាយនៃការធាក់ឧបរណ៍នេះកំពុងពេលរៀន គឺប្រហែលជាបាន៩គីឡូម៉ែត្រ និងអាចជួយដុតបំផ្លាញកាល់ឡូរីបានដល់ទៅ ១៣៣គីឡូកាល់ឡូរីជារៀងរាល់ថែមទៀតផង។

ជាការពិតណាស់វាពិតជាចំណេញពេលវេលា និងជាគំនិតច្នៃប្រឌិតល្អ នៅក្នុងការហាត់ប្រាណបណ្តើរ និងអង្គុយរៀនបណ្តើរបែបនេះ ហើយចំណាយប្រាក់ប្រមាណជុំវិញ ១៥០ដុល្លារប៉ុណ្ណោះក្នុងការតំឡើង ដែលសំភារៈទាំងនេះសុទ្ធសឹងតែមាន ធានារ៉ាប់រងផងដែរ។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះឧបករណ៍នេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]