រាជធានី​ភ្នំពេញ ៖ ព្រោះតែ​រឿង​លុយ​១​ម៉ឺន​រៀល​ បាន​កើតជា​ជម្លោះ​រហូត​ កូនប្រុស​យក​កន្ត្រៃ​ចាក់​ឪពុកចុង​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​៥ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សាន ម៉ា​លី​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ ចាន់ នឿ​ន អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ។ ចំណែក​ជន​ដៃដល់​ជា​កូនចុង​ឈ្មោះ ប៊ុ​ន សេង អាយុ​១៨​ឆ្នាំ ។

តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា គាត់​មាន​ប្តី​មុន​បានកូន​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ ហើយ​ប្តី​គាត់​តែងតែ​ដើរ​លេងបៀ​ មិន​គិត​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ ក៏​បាន​លែងលះ​គ្នា ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​កូន​៤​នាក់ ។

បន្ទាប់​ពី​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ ក៏​បាន​ស្គាល់គ្នា​ជា​ឈ្មោះ សាន ម៉ា​លី​ន ជា​បុរស​ពោះម៉ាយ​កូនស្រី​ម្នាក់​អាយុ​ជាង​១០​ឆ្នាំ ក៏​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​៧​ឆ្នាំ​មក​ហើយ តែ​មិន​មានកូន​ទេ គឺ​រស់នៅ​ជាមួយ​កូន​របស់​ប្រពន្ធ​ ទាំង​៤​នាក់ ចំណែក​កូនស្រី​ប្តី​រស់នៅ​ស្រុក​កំណើត​ឯណោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប្តី​គាត់​តែងតែ​ផឹកស្រា​ជា​ប្រចាំ​ គ្មាន​សុភមង្គល​នៅ​ក្នុង​គ្រួសារ​ទេ រហូត​ធ្វើ​ឲ្យ​គាត់​ខូចចិត្ត​ចេះ​ផឹកស្រា​ដែរ នៅ​ថ្ងៃ​កើតហេតុ​គាត់​បាន​ទៅ​ជួយ​ធ្វើការ​ប្តី​ចប់​ម៉ោង ហើយ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​ស្រី​ៗ​ជា​កម្មករ​សំណង់​ដូច​គ្នា ចំណែក​បុរស​ជា​ប្តី​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​មួយ​វង់​ផ្សេង​គ្នា ។

លុះ​ផឹកស្រា​ស្រវឹង​ហើយ​គាត់​បាន​ដើរទៅ​សុំ​លុយ​១​ម៉ឺន​រៀល​ពី​ប្តី​ដើម្បី​យក​ទៅ​ទិញ​ម្ហូប​ហូប​ទាំងអស់​គ្នា ពេល​នោះ​បុរស​ជា​ប្តី​បាន​សួរ​ថា​យក​លុយ​ទៅ​ណា អញ​អត់​មាន​លុយ​ទេ ប្រពន្ធ​ក៏​បាន​សួរ​ថា ចុះ​លុយ​ដែល​ទើបនឹង​បើក​ល្ងាច​មិ​ញ​នោះ ហើយ​លុយ​នេះ​យក​ទៅ​ទិញ​ម្ហូប​ស៊ី​ទាំងអស់​គ្នា​តើ ទើប​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ស្រប​ពេល​នោះ​កូនប្រុស​ឈ្មោះ ប៊ុ​ន តូច អាយុ​១៣​ឆ្នាំ បាន​ដើរមក​ឃើញ​ឪពុក​ម្តាយ​ឈ្លោះប្រកែក​គ្នា​ក៏​បាន​និយាយ​ថា មួយ​ថ្ងៃ​ៗ​គិតតែ​ពី​ឈ្លោះប្រកែក​គ្នា គ្មាន​សុភមង្គល​សោះ ធ្វើ​ឲ្យ​បុរស​ជា​ឪពុកចុង​ខឹង​បាន​ចាប់​កូនប្រុស​បោក ក៏​ត្រូវ​កូនប្រុស​ច្បង​ឈ្មោះ ប៊ុ​ន សេង អាយុ​១៨​ឆ្នាំ ឃើញ​ឪពុកចុង​វាយ​ប្អូនប្រុស​ក៏​បាន​យក​កន្ត្រៃ​កាត់​ក្រចក​ដែល​មាន​ចុង​ស្រួច​ចាក់​ឪពុកចុង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។

ដោយឡែក​អ្នក​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ខាងលើ​នេះ​តែងតែ​ឈ្លោះប្រកែក​គ្នា​ស្ទើរ​រាល់ថ្ងៃ ដោយសារ​តែ​រឿង​លុយកាក់ ហើយ​ប្តី​ប្រពន្ធ​នេះ​ផឹកស្រា​ទាំង​២​នាក់​ទៀត​ស្រវឹង​ពេល​ណា​តែងតែ​ឈ្លោះប្រកែក​គ្នា​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​កូន ។

នៅ​ថ្ងៃ​កើតហេតុ ពេល​កំពុង​តែ​ផឹកស្រា​ថ្នាំ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ដោយសារ​តែ​ប្រពន្ធ​ទៅ​សុំ​លុយ​១​ម៉ឺន​រៀល ទើប​បណ្តាល​ឲ្យ​ឈ្លោះប្រកែក​គ្នា​រហូត​កើត​អំពើ​ហិង្សា​ធ្វើ​ឲ្យ​កូនប្រុស​ច្បង​ខឹង​ពេក​យក​កូន​កន្ត្រៃ​ចាក់​ឪពុកចុង​ចំនួន​២​កន្លែង​របួស​សៀត​ថ្កា​ខាងឆ្វេង និង​ក្បាលពោះ ។

ក្រោយ​ពេល​កើតហេតុ អ្នក​ជិតខាង​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​កូនប្រុស​ទាំង​២​នាក់ និង​ម្តាយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ក្រសាំង ទើប​ដឹង​ថា កូនប្រុស​ច្បង​ជា​ជន​ដៃដល់ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កូនប្រុស​ច្បង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​ច្បាប់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ និង​កូនប្រុស​ប្អូន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]