កូរ៉េខាងត្បូង៖ មួយរយៈពេលកន្លងទៅនេះ បន្ទាប់ពីបានបែកធ្លាយ រូបថតណាត់ជួបគ្នាលក្ខណៈគូស្នេហ៍ រវាងKai សមាជិកក្រុមExo និងKrystal សមាជិកក្រុម F(x) ដែលត្រូវបានអ្នកគាំទ្រម្នាក់លួចថតសកម្មភាពរបស់ពួកគេ តាមរយៈកាម៉េរាសុវត្ថិភាពមក បានធ្វើឲ្យអ្នកនិយមលេងអ៊ិនធឺណិតមួយចំនួនធំ ខឹងសម្បារនឹងទង្វើដ៏អសីលធម៍ របស់អ្នកគាំទ្រម្នាក់នោះយ៉ាងខ្លាំង ព្រោះតែបានបំពានដល់សិទ្ធិឯកជនរបស់អ្នកដទៃជ្រុលពេក។

មិនថាយ៉ាងណា បើយោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី ៤ ខែកញ្ញា កន្លងទៅនេះ នៅលើបណ្តាញសង្គមTwitter ផ្ទាល់ខ្លួនរបស់អ្នកគាំទ្រ ដែលបានលួចថតសកម្មភាពណាត់ជួបគ្នា នៃគូស្នេហ៍ល្បីប្រចាំផលិតកម្ម SM មួយគូនេះ នាងបានបង្ហោះជាសារសុំទោសទៅកាន់លោក Kai ព្រមទាំងអ្នកគាំទ្រទាំងអស់ថា៖

« ខ្ញុំកំពុងសរសេរនេះ គឺដើម្បីសុំទោសទៅកាន់ Kai និងអ្នកគាំទ្ររបស់លោកទាំងអស់ ដែលខ្ញុំបានធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍របស់អ្នកទាំងអស់គ្នាជាខ្លាំង បន្ទាប់ពីបានឃើញនូវរូបថត ដែលបានថតចេញពីកាម៉េរាសុវត្ថិភាព ដោយនេះជាកំហុសរបស់ខ្ញុំដែលបាន លូកលាន់ដល់រឿងឯកជនរបស់ Kai»។

នាងបានបន្តទៀតថា៖ «ការដែលបង្ហោះរូបថតរបស់ Kai ជាសាធារណៈបែបនេះ គឺវាខុសច្បាប់ ដោយពាក់ព័ន្ធពីបទរំលោភដល់សិទ្ធិបុគ្គលរបស់គេ ព្រមទាំងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់គេ ថែមទៀតផង។ អាស្រ័យហេតុនេះហើយ ខ្ញុំពិតជាសុំទោសចំពោះលោក​​ Kai ជាខ្លាំង»។

លើសពីនេះនាងក៏បានបន្ថែមទៀតថា៖ «ខ្ញុំបង្ហោះ [រូបថត] ទាំងនេះ គឺខ្ញុំបានដឹងហើយថាវានឹងល្បីសុះសាយខ្លាំង ប៉ុន្តែមិនថាយ៉ាងណា ខ្ញុំពិតជាខ្មាសនឹងខ្លួនឯងណាស់។ ខ្ញុំបានបង្ហោះរូបទាំងនោះ ទៅលើ Twitter ដោយខ្ញុំគិតថា ប្រហែលជាគ្មាននរណា ចាប់បានថាខ្ញុំជាអ្នកបង្ហោះនោះទេ ទោះជាយ៉ាងណា ភ្លាមៗនោះដោយសារតែភ័យខ្លាច ខ្ញុំក៏បានលុបវាចេញពី Twitter របស់ខ្ញុំវិញ ព្រោះតែខ្ញុំបានដឹងថាក្រុមអ្នកគាំទ្ររបស់ Kai ពួកគេកំពុងតែស្វែងរកគណនី Twitter របស់ខ្ញុំ ដើម្បីមកវាយប្រហារលើរូបខ្ញុំផ្ទាល់។ ប៉ុន្តែមិនថាយ៉ាងណា ខ្ញុំសប្បាយចិត្តនឹងទទួលយកទាំងអស់ ទាំងការរិះគន់ ឬក៏ចង់ដាក់ទោសយ៉ាងណាក៏បានដែរ»។

គួរឲ្យដឹងថា ចំពោះបទល្មើសនេះ ក្រុមអ្នកគាំទ្ររបស់Kai បាននិយាយថា ពួកគេនឹងដាក់ពាក្យបណ្តឹង ចាត់ការតាមវិធានការច្បាប់ ហើយពួកគេក៏កំពុងតែពិភាក្សាជាមួយមេធាវីដែរ។ បន្ថែមពីនេះ ពួកគេក៏សូមអគុណដល់អ្នករាល់គ្នា ដែលបានជួយគ្នាមួយដៃមួយជើងស្វែងរក អ្នកគាំទ្រល្មើសច្បាប់ម្នាក់នោះ៕ 

ប្រភព៖ Soompi

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា រយៈពេលជាច្រើនខែមកហើយ ដែលទំនាក់ទំនងស្នេហារវាង កំពូលតារាទាំង២ នាក់នេះ បានលាតត្រដាងបើកប្រាប់ទៅកាន់សាធារណៈជនទាំងអស់ បន្ទាប់ពីត្រូវបានក្រុមប្រមាញ់រូបថតតារា លួចថតបានសកម្មភាពរបស់ពួកគេកំពុងតែណាត់ជួបគ្នាយ៉ាងផ្អែមល្អែម។

ប៉ុន្តែមិនយ៉ាងណា ថ្មីៗនេះក្រុមអ្នកគាំទ្រ  ក៏លួចថតបានសកម្មភាព Kai សមាជិកក្រុម Exo និង Krystalសមាជិកក្រុម F(x) កំពុងណាត់ជួបគ្នានៅខាងក្រៅជាថ្មីម្តងទៀតហើយ។ ពួកគេទាំង២នាក់ បានព្យាយាមរកកន្លែងស្ងប់ស្ងាត់ និងមានលក្ខណៈឯកជនផ្ទាល់ខ្លួនបំផុត ដើម្បីចៀសវាងពីក្រុមអ្នកប្រមាញ់រូបថតទាំងអស់ ប៉ុន្តែមិនថាយ៉ាងណា ពួកគេនៅតែមិនអាចគេចផុតពីភ្នែកអ្នកគាំទ្រដដែល។ 

គេបានប្រទះឃើញអ្នកទាំងពីរ ណាត់ជួបគ្នានៅឯកន្លែងកម្សាន្តមួយកន្លែង ពោលគឺពួកគេ បានចូលទៅលេង Escape room ឬយើងអាចនិយាយបែបងាយៗស្រួលយល់ថា «បន្ទប់វង្វេង» ដែលល្បែងកម្សាន្តនេះ គេតម្រូវឲ្យយើង ដើរចូលក្នុងបន្ទប់នោះហើយ រួចរកច្រកចេញមកវិញដោយខ្លួនឯង គឺវាស្រដៀងនឹងសួនវង្វេងដែរ។

បន្ថែមពីនេះ ខណៈពេលដែលពួកគេទាំង២ កំពុងដើរកម្សាន្តជាមួយគ្នា ក៏ស្រាប់តែបុគ្គលិកដែល ធ្វើការនៅឯទីនោះ ទំនងជាអ្នកគាំទ្រពួកគេ ក៏បានលួចថតសកម្មភាពរបស់ពួកគេទាំង២ តាមកាមេរ៉ាសុវត្ថិភាព CCTV ដែលបានដាក់សំរាប់ការពារសុវត្ថិភាពនៅក្នុងបន្ទប់វង្វេង នោះ។

គូសបញ្ជាក់ថា បើទោះបីជា Kai និង Krystal ពួកគេព្យាយាមពាក់ម៉ាស់បិទបាំងមុខ ដើម្បីរក្សាសិទ្ធិបុគ្គល ដើរលេងជាលក្ខណៈផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែមើលទៅអ្នកគាំទ្រហាក់បីដូចជា លើសហើយ រំខានរឿងឯកជនរបស់ពួកគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]