(ភ្នំពេញ)៖​ ដូចអ្វីដែល សាន ស្រីឡៃ ធ្លាប់​តែមានក្តីស្រមៃ ចង់ក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបនោះ បច្ចុប្បន្នអតី​ត​បេ​ក្ខនារី កម្មវិ​ធីប្រឡង​ច​ម្រៀងលំដាប់ថ្នាក់ ពិភពលោក «The Voice Cambodia» រដូវកាលទី២ អ្ន​កនា​ង សាន ស្រីឡៃ បានប្រកាសស្នើ​ឲ្យ​ទស្សនិកជនគាំទ្រ នូវចម្រៀងថ្មីរបស់នាង ចេញលើ​ក​ដំបូងប្រចាំ​ផលិតកម្មភ្លេងរីខត គឺបទចម្រៀង Original Song មានចំណងជើងថា «នឹកគេស្ទើរស្លាប់ខ្លួ​នហើយ!

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រី មកពីខេត្តបន្ទាយមានជ័យ អ្នកនាង សាន ស្រីឡៃ មុននេះបន្តិច បានសរសេរបង្ហោះភ្ជាប់ ជាមួយឃ្លីបវីដេអូចម្រៀងរបស់ខ្លួន​ថា «មិនដឹងថា អាមិចអាម៉ាទេ សាន ស្រីឡៃ អើយ...! តែយ៉ាងណានាងខ្ញុំ សូមអគុណសម្រាប់ការគាំទ្រ របស់ពុកម៉ែបង បងប្អូន និងមិត្ដៗជាទីស្រឡាញ់ទាំងអស់គ្នា អរគុណ ដែលអ្នកទាំងអស់គ្នា ធ្វើឲ្យខ្ញុំមា​នថ្ងៃនេះ ហើយពិសេសនោះ គឺសូមអគុណដល់​គ្រូរបស់ខ្ញុំ គឺបងស្រី ពេជ្រ សោភា គឺគាត់តែម្នាក់​ដែ​លបានផ្ដល់ភាពខ្វះខាត ដែលខ្ញុំមាន គាត់ព្យាយាមធ្វើឲ្យក្មេងល្ងង់ម្នាក់នេះ ឲ្យស្គាល់នូវអ្វីដែលហៅថាសិល្បៈ»

អ្នកនាង សាន ស្រីឡៃ បាន្តថា «ខ្ញុំហ្នឹងធ្វើតាមដំបូន្មានរបស់បងរហូតទៅ អរគុណខ្លាំងណាស់ បើគ្មានការស្រឡាញ់ពីបងៗទាំងអស់នោះ ម្ល៉េះពេលនេះក្ដី​បំណង សាន ស្រីឡៃ មិនដឹងថា យ៉ាងមិចឡើយស្រឡាញ់ SP ស្រឡាញ់ក្រុម SP ទាំងអស់។ ខ្ញុំមានបទផ្ទាល់ខ្លួនហើយសង្ឃឹមថា ពុកម៉ែបងប្អូន និងមិត្ដៗស្រលាញ់គាំទ្រទាំងអស់គ្នា អរគុណច្រើនចា៎!»។

សូមបញ្ជាក់ថា បទ Original Song ​ដែលច្រៀង​​ដោយតារាស្រីរូប​ស្រស់សោភា អ្ន​កនាង សាន ស្រីឡៃ គឺ​ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ថ្មី ដោយ ទ្រី សក្កដា និងនិពន្ធបទភ្លេងថ្មី ដោយ មាស សុគន្ធ ។ បទ «នឹកគេស្ទើរស្លាប់ខ្លួ​នហើយ» ដែលទើបត្រូវបានប្រកាស ចេញលក់ឆាប់ៗនេះ ដោយផលិតកម្មភ្លេងរីខត៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ពេជ្រ សោភា អា​ណិត​ដល់ សាន ស្រីឡៃ ពេក សុខ​ចិត្ត​ឲ្យ​រ៉ូប​ស្លៀក​ពេល​ឡើង​ឆាក ចង់ឲ្យ​ទុក​លុយ​ព្យា​បាល​ម្ដាយ គួររំលឹកផងដែរថា នេះមិនមែន​ជាលើកទី១ទេ សម្រាប់តារាចម្រៀងស្រីប្រចាំ ផលិតកម្មហង្សមាស និង​ជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia»​ រដូវកាលទី២ អ្នកនាង ពេជ្រ សោភា ទទួលបានការលើកសរសើរ ពីសំណាក់ទស្សនិកជ និងតារាសិល្បៈ​ដូច​គ្នា លើអត្តចរិក ព្រមទាំងសមត្ថភាព-ទេពកោសល្យ ស័ក្តិសមជាតារាល្បីឈ្មោះ។

តារាចម្រៀង និងគ្រូ​បង្វឹក​ ​(Coach)​​ក្នុងកម្មវិធី «The Voice Cambodia» អ្នកនាង ពេជ្រ សោភា ត្រូវបានគេកត់សម្គាល់ឃើញថា នាងហា​ក់មា​ន​យីអ៊ុនខ្ពស់​ឡើងវិញ បន្ទាប់ពីបទចម្រៀង Original So​n​g ជាច្រើនត្រូវបានផលិតចេញលក់ នៅលើទីផ្សារចម្រៀង ពិសេស​គឺតាមរយៈ «បទរាំញីកែវជើង»​។​​ មិនតែប៉ុណ្ណោះអ្នកនាង ពេជ្រ សោភា ក៏ក្លាយជាគ្រូ​បង្វឹក ​(Coach) របស់កម្មវិធី «The Voice C​ambodia» រដូវកាលទី២ដែលរៀបចំ ដោយស្ថានីយ​ទូ​រទស្សន៍ ហង្សមាស ផងដែរ។

ដ្បិតតែយ៉ាងនេះក៏ពិតមែន តែចំពោះអ្នកនាង ពេជ្រ សោភា ថ្មីៗនេះត្រូវបានមហាជន អ្នកគាំទ្រជាច្រើនមើលឃើញថា នាងជាគូ្របង្វឹកដែលមានសមត្ថភាព ក្នុងការជ្រើសរើសត្រូវជាមួយបេក្ខជន ប្រ​ឡងនៅក្នុងកម្មវិធី «The Voice Cambodia»​ ខណៈដែលមានមិត្តក្នុងហ្វេសប៊ុកមួយចំនួនធំ ក៏បានយល់ឃើញដូចគ្នានេះដែរ។ ម្យ៉ាងទៀត ពេជ្រ សោភា ក៏ត្រូវបានគេលើកសរសើ​រ ពីទង្វើ​ល្អៗជាមួយបេក្ខជន និងបេក្ខនារីជាកូនក្រុម ផងដែរ។

ប្រភពពីអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកបានលើកឡើងថា «ខ្ញុំសូមសរសើរបងភា ជាម​នុស្សមានទឹកចិត្តចេះជួយទុក្ខធុរៈដល់កូនក្រុម គាត់ដោយបានឲ្យ ស្រីឡៃ ស្លៀករ៉ូបរបស់គា​ត់ ព្រោះគាត់មិនចង់ឲ្យ ស្រីឡៃ ចំណាយច្រើនទៅលើសម្លៀកបំពាក់ មកប្រឡងចង់ឲ្យទុកលុយទៅព្យាបាលម្តាយ ។ មិនមែនតែ ស្រីឡៃ ម្នាក់ទេ ដែលបងភា ជួយតាំងពី The voi​ce season 1 ​បងភាតែងតែជួយដល់កូនក្រុម»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]