ភ្នំពេញ៖ ក្រុមនិស្សិតពេទ្យ សាលាអន្តរជាតិ (IU) ដែលបានធ្វើបាតុកម្ម កាលពីថ្ងៃសុក្រម្សិលមិញ បាននាំគ្នាសម្តែងនូវ ការព្រួយបារម្ភរបស់ខ្លួន ខណៈដែលពួកគេ ធ្វើការតវ៉ា ស្រាប់តែមានការកត់ឈ្មោះ និងថតរូបទុកពីសំណាក់សាលា ។

និស្សិតដែលបានចូលរួម ធ្វើការតវ៉ាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ឈ្មោះ សុវណ្ណ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ ទី២៥ នេះថា មាននិស្សិតភាគច្រើន ដែលបានចូលរួមធ្វើការតវ៉ា កាលពីថ្ងៃម្សិលមិញ ត្រូវបានខាងភ្នាក់ងាររបស់សាលា ធ្វើការកត់ឈ្មោះ និងថតរូបទុក ដែលជាហេតុធ្វើឲ្យពួកគេ ព្រួយបារម្ភ ពេលដែលពួកគេប្រឡង ខ្លាចសាលាឲ្យពួកគេធ្លាក់ និងមិនចេញសញ្ញាបត្រឲ្យ ។

លោកបានបន្តថា " នេះជាវិធីគាបសង្កត់របស់សាលា ក្នុងការធ្វើឲ្យនិស្សិត ដែលហ៊ានចេញមុខធ្វើការតវ៉ា មិនហ៊ានចេញមុខតវ៉ាតទៅទៀត ដោយពួកគេបារម្ភ ខ្លាចសាលាចោទថា ជាអ្នកបះបោរ " ។

ពាក់ព័ន្ធទៅនឹងការតវ៉ា របស់ខ្លួននោះ លោក សុវណ្ណ បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ មាននិស្សិតកើនឡើងដល់ជិត ៣០០នាក់ ហើយក្នុងការចូលរួមតវ៉ា ដែលកាលពីម្សិលមិញ មាននិស្សិតចូលរួមតែ២៤០នាក់ប៉ុណ្ណោះ។ ហើយប្រសិនបើសាលាមិនដោះស្រាយ តាមការទាមទារទាំងបីចំណុចនោះទេ នៅថ្ងៃច័ន្ទ ពួកគេ នឹងទៅធ្វើការតវ៉ានៅមុខភូមិគ្រឹះ សម្ដេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្ដេចជួយរកដំណោះស្រាយដល់ពួកគេ ។

បើតាមនិស្សិតរូបនេះ និស្សិតទាំងអស់មិនចង់ធ្វើការតវ៉ានោះទេ ព្រោះវានាំឲ្យប៉ះពាល់ដល់ មុខមាត់របស់សាលា ដែលនិស្សិតទាំងអស់ ក៏ជាសិស្សរបស់សាលា នេះដែរ ដូច្នោះពួគគេស្នើឲ្យសាលាធ្វើការដោះស្រាយឲ្យបានឆាប់ៗ ទៅតាមការទាមទារទាំងបីចំណុចរបស់ខ្លួន ។

គួរបញ្ជាក់ថា និស្សិតសាកលវិទ្យាល័យអន្តរជាតិ (IU) ជាង២០០នាក់ បានតវ៉ានៅមុខសាកលវិទ្យាល័យ កាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ម្សិលមិញ ដោយពួក គេកើតទុក្ខ មិនសុខចិត្តរឿងប្រឡងសង មួយមុខវិជ្ជា ដែលសាលាតម្រូវឱ្យបង់រហូតទៅដល់ ១២០ដុល្លារ ដែលចំនួននេះវាច្រើនលើសលប់ ហួសពីលទ្ធភាព របស់និស្សិត ដោយពួកគេបានធ្វើការតវ៉ា ទៅលើ ៣ចំណុច ទី១. សូមឱ្យសាលាយកតម្លៃបង់ប្រឡងសង មួយមុខវិជ្ជាតែ២៥ដុល្លារប៉ុណ្ណោះបានហើយ ។ ២.តម្រូវឱ្យសាលា ផ្តល់មូលហេតុ ឱ្យបានច្បាស់ចំពោះ អ្នកដែលបានពិន្ទុសូន្យ និងទី៣. តម្រូវឱ្យសាលាបន្ថែម២៥ពិន្ទុ ទៅលើពិន្ទុធ្លាក់របស់ពួកគេ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]