ថៃ៖ ជារឿងនឹកស្មានមិនដល់មួយ កើតឡើងនៅប្រទេសថៃ ដែល បុរសចំណាស់ ជនជាតិថៃម្នាក់ រើសបានកាបូបលុយ ដែលមានសាច់ប្រាក់ជាច្រើន និងកាតឥណទានធនាគារនៅក្នុងនោះ ប៉ុន្តែលទ្ធផលចុងក្រោយ បុរសម្នាក់នោះ ត្រូវបានម្ចាស់កាបូប ផ្តល់សគុណមកវិញ នូវផ្ទះល្វែងមួយខ្នង និងផ្តល់ការងារឲ្យធ្វើទៀតផង។

យោងតាមប្រភពបានឲ្យដឹងថា បុរសម្នាក់ ដែលរើសបានកាបូបលុយនោះមានឈ្មោះថា Waralop អាយុ ៤៤ឆ្នាំ គ្មានផ្ទះសម្បែង និងមានប្រាក់បន្តិចបន្តួចប៉ុណ្ណោះសម្រាប់ចិញ្ចឹមជីវិត។

អំឡុងពេលដែលគាត់រើសបានកាបូបនោះ ក្នុងខ្លួនគាត់មានប្រាក់ត្រឹមតែ ៩បាត ប៉ុណ្ណោះ ចំនែកឯការបូបលុយដែលគាត់រើសបានវិញ មានចំនួនសាច់ប្រាក់រហូតដល់ ២មឺុនបាត និងមានកាតឥណទានធនាគារមួយទៀត ប៉ុន្តែបែរជាគាត់មិនបានយកលុយទាំងនោះទុកទេ ថែមទាំងយកកាបូបលុយដែលគាត់រើសបាននេះ ទៅបុស្តិ៍ប៉ូលិស ដើម្បីស្វែងរកម្ចាស់ទៀតផង។

ចំនែកឯម្ចាស់កាបូបវិញ មានឈ្មោះថា Niity Pongkriangyos អាយុ៣០ឆ្នាំ នៅពេលប៉ូលិសជូនដំណឹងអំពីការរើសបាន កាបូបលុយរបស់ខ្លួនដូច្នេះ ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលខ្លួនឯង មិនទាំងបានដឹងថាជ្រុះបាត់កាបូបតាំងពីពេលណាផង។

នៅពេលដែល លោក Nitty បានដឹងថា បុរសដែលរើសបានកាបូបលុយគាត់នោះ គឺជាបុរសក្រីក្រ គ្មានផ្ទះសម្បែងម្នាក់រួចមក គាត់បានតបស្នងគុណវិញ ដោយបានផ្តល់ការងារមួយក្នុងរោងចក្ររបស់គាត់នៅទីក្រុងបាងកក មិនថែមតែប៉ុណ្ណោះ ថែមទាំងផ្តល់ការស្នាក់នៅ ក្នុងផ្ទះល្វែងមួយខ្នងទៀតផង។

លោក Nitty ដែលជាម្ចាស់កាបូបបាននិយាយថា «ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលប៉ូលិសទាក់ទងខ្ញុំប្រាប់ថា កាបូបលុយរបស់ខ្ញុំត្រូវបានប្រទះឃើញ ទាំងខ្ញុំមិនដឹងថា វាបានជ្រុះបាត់ផងនោះ» ។ លោកបន្ត «ប្រសិនជាខ្ញុំស្ថិតក្នុងស្ថានភាពក្រ គ្មានផ្ទះនៅបែបនេះវិញ ខ្ញុំច្បាស់ជារើសកាបូបលុយទុកបាត់ហើយ មិនប្រគល់ឲ្យវិញទេ។ នេះបង្ហាញឲ្យឃើញថា អ្នកស្មោះត្រង់នៅតែមាន ហើយគឺជាប្រភេទមនុស្ស ដែលយើងកំពុងត្រូវការ»

គួរបញ្ជាក់ផងដែរថា ម្ចាស់កាបូបដែលមានវ័យ៣០ឆ្នាំនេះ ដំបូងឡើយ រូបគាត់បានប្រគល់លុយក្នុងកាបូបនោះទាំងអស់ ដើម្បីឲ្យទៅបុរសអ្នករើសបាន  ប៉ុន្តែចុងក្រោយ គាត់បានផ្លាស់ប្តូរគំនិត ដោយផ្តល់ការងារ និងប្រាក់ខែជាងមួយមឺុនបាតក្នុងមួយខែ ជាមួយនឹងផ្ទះល្វែងមួយខ្នងវិញ៕ 

ប្រភព៖ Asian Town

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]