# អ្វីទៅជាមុនក្បាលខ្មៅ និងមុនសាច់?

មុនក្បាលខ្មៅ (Blackheads) គឺជាមុនមួយប្រភេទ ដែលមានលក្ខខណ្ឌស្បែកដូចជាដំបៅ (ជាមុន ជាស្នាមអុជៗផ្សេងៗ)។ វាជាមុន ដូចដំបៅពណ៌ខ្មៅ ដែលមានផ្ទុកជាតិ Melanin Oxidized ដែលជាសារធាតុកកើតឡើង ដោយកោសិកាស្បែកហៅថា មេឡាណូស៊ីត (Melanocytes) ឬអាចនិយាយបានថា ស្ថានភាពរន្ធញើសរបស់ស្បែក ត្រូវបានស្ទះ។

រីឯ មុនសាច់ ត្រូវបានគេស្គាល់ហើយថា ជាមុនគ្មានមុខ កើតឡើងលើផ្ទៃមុខ ដោយសារតែស្ទះរន្ធញើស បណ្តាលមកពី ភាពកខ្វក់ ខ្លាញ់ និងកោសិកាស្បែកចាស់ៗ។ វាច្រើនកើតមាននៅលើ ច្រមុះ ថ្ពាល់ សៀតផ្កា និងនៅត្រង់ថ្ងាស។ មុនសាច់ ស្រដៀងនឹងមុនក្បាលខ្មៅដែរ គ្រាន់តែ វាមានដុំសាច់ពណ៌ស ឬពណ៌លឿងប៉ុណ្ណោះ។ 

# អ្វីជាមូលហេតុដែលបណ្តាលឲ្យកើត មុនក្បាលខ្មៅ និងមុនសាច់?

ជាក់ស្តែង រន្ធញើសនៅលើស្បែក កឺជាចំណុចចាប់ផ្តើមនៃ មុនក្បាលខ្មៅ និងមុនសាច់។ ភាពកខ្វក់ ធូលីដី ពីបរិស្ថានជុំវិញ និងកោសិកាចាស់ៗ អាចជ្រៀតចូលរន្ធញើស ដែលចំហរបស់ផ្ទៃមុខយើងបាន។ ជាតិខ្លាញ់ដែលមាននៅក្នុងរន្ធញើស នឹងលាយជាមួយនឹងធូលីដី រួចធ្វើឲ្យស្ទះរន្ធញើស បង្កើតបានជាមុនសាច់ លើផ្ទៃមុខ។ ជាងនេះទៅទៀត ប្រសិនបើធូលីដីនៅតែបន្ត ជ្រៀតចូលរន្ធញើសនោះ បន្តទៀត វានឹងធ្វើឲ្យខ្វះជាតិអុកស៊ីសែនពីខ្យល់ និងបង្កើតបានជាមុនដែលមានពណ៌ខ្មៅ (មុនក្បាលខ្មៅ)។

ខាងក្រោមនេះជា វិធីមួយចំនួន ដើម្បីចៀសឆ្ងាយពីមុនក្បាលខ្មៅ និងមុនសាច់ ទាំងអ្នកមិនទាន់កើត ទាំងអ្នកកើតហើយ ជាពិសេស គឺសម្រាប់សុភាពបុរសយើងតែម្តង ៖

 ១. រក្សាអនាម័យ

ការរក្សាបាននូវអនាម័យស្បែក ជាវិធីដែលសាមញ្ញ និងមានប្រសិទ្ធិភាពបំផុត ដើម្បីការពារការកើតមុនក្បាលខ្មៅ និងមុនសាច់។ អ្នកត្រូវចេះលាងសម្អាតផ្ទៃមុខជារៀងរាល់ថ្ងៃ ដើម្បីធានាថាគ្មានជាតិខ្លាញ់លើសលប់ ជាពិសេសមិនត្រូវយកដៃកខ្វក់ មកប៉ះនឹងស្បែកមុខទេ។ អ្នកត្រូវផ្លាស់ប្តូរកន្សែងជូតមុខឲ្យបានញឹកញាប់ និងត្រូវសម្អាតស្រោមខ្នើយ និងស្រោមពូកផង។ ទំលាប់បែបសាមញ្ញៗទាំងនេះ អាចជួយអ្នកមិនឲ្យកើតមានមុនក្បាលខ្មៅ និងមុនសាច់បាន។

២. ថ្នាំដុសធ្មេញ ជាមួយអំបិល

ប្រសិនបើអ្នកមានបញ្ហាមុនក្បាលខ្មៅយូរមកហើយ ជាពិសេសត្រង់ច្រមុះ និងចង្កា នោះអ្នកគ្រាន់តែច្របាច់ថ្នាំដុសធ្មេញ (កុំប្រើថ្នាំដុសធ្មេញ រសជាតិហិរ) ប្រមាណមួយស្លាបព្រាបាយ ទៅក្នុងចានគោមស្អាតមួយ រួចលាយអំបិល មួយស្លាបព្រាបាយចូល។ កូរឲ្យសព្វ រួចលាបប្បាយនេះ នៅលើផ្ទៃមុខត្រង់កន្លែងដែលមាន មុនក្បាលខ្មៅ និងមុនសាច់ បន្ទាប់មកត្រដុសឲ្យបាន ៣ ទៅ ៤ នាទី ហើយទុកចោល ៣ ទៅ ៤ នាទីបន្ថែមទៀត។ ក្រោយមក លាងសម្អាតចេញ ជាមួយនឹងទឹកស្អាត។ ស្បែករបស់អ្នក អាចនឹងឡើងក្រហម ប៉ុន្តែកុំបារម្ភអី វានឹងប្រែជាធម្មតាវិញរយៈពេល ១០ ទៅ ១៥ នាទីក្រោយ។ 

៣. ស៊ុតស និងក្រដាសជូតមាត់

ស៊ុតស អាចកំចាត់មុនក្បាលខ្មៅ និងមុនសាច់បានយ៉ាងមានប្រសិទ្ធិភាព និងមិនប៉ះពាល់ស្បែករបស់អ្នកឡើយ។ អ្នកគ្រាន់តែយក ស៊ុតមួយគ្រាប់មក បំបែកផ្នែកស និងផ្នែកក្រហមឲ្យចេញពីគ្នា រួចយកស៊ុតស មកវាយឲ្យសព្វពី ៣ ទៅ ៤ នាទី។ បន្ទាប់មកយកវាមកលាបនៅត្រង់កន្លែង ដែលមានមុនក្បាលខ្មៅ និងមុនសាច់ ទុកវាឲ្យស្ងួត ២០ វិនាទី រួចយកក្រដាសជូតមាត់មកដាក់ពីលើ (ដូចម៉ាសបិទមុខ)។ រង់ចាំ ៥ នាទីក្រោយ ឬចាំរហូតដល់មានអារម្មណ៍ថា តឹងស្បែកមុខ។ បន្ទាប់មក អ្នកគ្រាន់តែបក ក្រដាសជូតមាត់ចេញ នោះអ្នកនឹងឃើញមានមុន ជាប់មកជាមួយជាមិនខាន។ ជាចុងក្រោយអ្នកគ្រាន់តែ លាងសម្អាតជាមួយទឹកស្អាត ជាការស្រេច។

៤. ម្សៅ Baking Soda

ម្សៅដុតនំ (Baking Soda) អាចកម្ចាត់មុនក្បាលខ្មៅ និងមុនសាច់បាន ត្រឹមតែមួយយប់ប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវប្រាកដថាស្បែក របស់អ្នកមិនមានប្រតិកម្ម ឬស្តើងពេកឡើយ។ អ្នកគ្រាន់តែលាយម្សៅ Baking soda ២ ស្លាបព្រា ជាមួយទឹកបរិមាណសមគួរ (មិនត្រូវខាប់ពេក ឬរាវពេកទេ) រួចលាបវានៅត្រង់កន្លែង ដែលមានមុនសាច់ និងមុនក្បាលខ្មៅ ដោយប្រើចុងម្រាមដៃម៉ាស្សាជារង្វង់ឲ្យបាន ៣ ទៅ ៤ នាទី (ត្រូវចាំថា មិនត្រូវលាបពាសពេញផ្ទៃមុខទេ)។ ទុកចោល ៥ នាទីបន្ថែមទៀត រួចលាងទឹកជម្រះចេញ ឲ្យបានស្អាតជាការស្រេច។

៥. ផ្លែប៉េងប៉ោះ

ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម វិធីល្អបំផុតគឺ ប្រើទឹករបស់ផ្លែប៉េងប៉ោះ មកកំចាត់មុនក្បាលខ្មៅ និងមុនសាច់ចេញ។ អ្នកអាចស្វែងរកទិញ ប៉េងប៉ោះមួយផ្លែ មកច្របាច់យកតែទឹក រួចលាបលើកន្លែង ដែលមានមុន និងម៉ាស្សាជារង្វង់មួយសន្ទុះ បន្ទាប់មកលាបទឹកប៉េងប៉ោះនោះ ពីលើម្តងទៀត ហើយទុកឲ្យស្ងួត។ នៅពេលដែលវាស្ងួតហើយ អ្នកយកដៃជ្រលក់ទឹកឲ្យសើម ទៅម៉ាស្សាមុខបន្ថែមទៀត រួចលាងទឹកចេញតាមធម្មតា។ អនុវត្តន៍វិធីនេះតែ ២ ទៅ ៣ ដង អ្នកនឹងឃើញមុនក្បាលខ្មៅ និងមុនសាច់ ចាប់ផ្តើមស្ងួត ហើយជ្រុះមកជាមិនខាន។ 

៦. ទឹកដោះគោ និងគ្រាប់សណ្តែកសៀង

ល្បាយទឹកដោះគោឆៅ ជាមួយនឹងសណ្តែកសៀង មានប្រសិទ្ធភាពកំចាត់មុនក្បាលខ្មៅ និងមុនសាច់បានយ៉ាងរហ័ស។ វិធីមួយនេះ ទាមទារឲ្យអ្នក លាងគ្រាប់សណ្តែកសៀងឲ្យស្អាត រូចដាក់ត្រាំក្នុងទឹកដោះគោឆៅមួយយប់។ ព្រឹកឡើង អ្នកយកវាមកកិនដោយម៉ាស៊ីន ប្រហែល ៣០ វិនាទី និងមិនត្រូវឲ្យវាម៉ដ្ឋពេកទេ។ បន្ទាប់មក យកវាមកលាបត្រង់កន្លែងដែលមានមុន និងយកដៃត្រដុសខាត់ ឲ្យបាន ៣ ទៅ ៤ នាទី។ ទុកចោលប្រហែល ២ នាទី រួចលាងទឹកចេញ។ អនុវត្តន៍ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ដើម្បីបានលទ្ធផល ជាទីគាប់ចិត្ត។

៧. ស្រូវ oat និងទឹកឃ្មុំ

ស្រូវ oat និងទឹកឃ្មុំ មិនត្រឹមតែជាអាហារពេលព្រឹកដ៏ឆ្ងាញ់ សម្រាប់ប៉ែកអឺរ៉ុបប៉ុណ្ណោះទេ វាក៏អាចបំបាត់មុនក្បាលខ្មៅ និងមុនសាច់បានលឿនផងដែរ។ អ្នកគ្រាន់តែលាយ ស្រូវ oat ២ ស្លាបព្រា ទឹកឃ្មុំ ២ ស្លាបព្រា និងទឹកក្រូចឆ្មារ ២-៣ ដំណក់។ អ្នកអាចបន្ថែមទឹកដោះគោ ឬទឹកធម្មតា ២-៣ ដំណក់ បន្ថែម ដើម្បីកុំឲ្យវាខាប់ពេក។ យកវាមកលាបលើតំបន់ដែលមានមុន ទុកចោល ៣០ វិនាទី រួចយកដៃត្រដុសខាត់យឺតៗ ៤ ទៅ ៥ នាទី ក្រោយមកលាងសម្អាតចេញជាមួយទឹកស្អាត។ អនុវត្តន៍វិធីសាស្រ្តនេះ ២ ទៅ ៣ ដង ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលរហ័សទាន់ចិត្ត។

៨. ស្ទីមមុខ

ស្ទីម ឬសូណា ជាវិធីដ៏ល្អ ក្នុងការជួយបើករន្ធញើស និងបំផ្លាញធូលីដី ជាតិខ្លាញ់ និងកោសិកាចាស់ៗបាន។ អ្នកគ្រាន់តែ ដាំទឹកក្នុងឆ្នាំងមួយឲ្យពុះ រួចលើកឆ្នាំងនោះចុះ ដោយដាក់មុខពីលើចំហាយ ដែលភាយឡើងមកនោះ។ អ្នកមិនត្រូវជូតចំហាយទឹក ដែលជាប់លើផ្ទៃមុខភ្លាមៗទេ អ្នកគួរទុកចោលឲ្យបាន ៥ ទៅ ៨ នាទីបន្ថែមទៀត ទើបអាចយកកន្សែងមកជូតមុខបាន។

វិធីមួយទៀតគឺ អ្នកអាចជ្រលក់កន្សែងស្អាតមួយចូលទឹកក្តៅឧណ្ណៗ ពូតទឹកចេញ រួចយកមកដាក់លើស្បែកមុខ។ ទុកចោល ២ ទៅ ៣ នាទី រួចអនុវត្តន៍ ដូចពីដំបូងវិញ ២ ទៅ ៣ ដងថែមទៀត។ អនុវត្តន៍តែ ២ ដងក្នុងមួយសប្តាហ៍ ស្បែករបស់អ្នកនឹង អស់ជាតិខ្លាញ់ ដែលជាមូលហេតុចំបង បណ្តាលឲ្យកើតមុនក្បាលខ្មៅ និងមុនសាច់៕ 

ប្រភព៖ Beauty Health Tips | MNT | Top 10 Home Remedies

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]