មណ្ឌលគិរី ៖ នៅភូមិដាច់ស្រយ៉ាលមួយ ក្នុងឃុំសុខសាន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋជាង ២០០គ្រួសារ និងសិស្សានុសិស្ស ជាច្រើននាក់ កំពុងដង្ហោយហៅសុំឲ្យសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយសាងសង់ស្ពានយោល មួយកន្លែង នៅអូរច្បារ ប្រវែងជិត ១០០ម៉ែត្រ ដោយសារនៅទីនេះ ពេលទឹកអូរឡើងខ្លាំង ពួកគាត់ត្រូវជិះក្បូនមក សាលារៀន។

ជារៀងរាល់ឆ្នាំពេលរដូវវស្សា​មកដល់ ទឹកអូរច្បារ ឡើងខ្លាំងមិនអាចធ្វើដំណើរ ឆ្លងកាត់ទីនេះ បានទេ ពួកគេត្រូវជិះក្បូនឬស្សីមួយផ្ទាំង សម្រាប់ចម្លង ពួកគេមកសាលារៀន រូបភាព និងសកម្មភាពបែបនេះ ត្រូវបានពលរដ្ឋមូលដ្ឋានរិះគន់ធ្ងន់ៗ ដល់អាជ្ញាធរស្រុកកោះញែកថា គ្មានចេតនាក្នុងការរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ ហើយជាពិសេស ក្មេងៗ សិស្សសាលា ពិបាកក្នុងការធ្វើដំណើរ មកសាលារៀនតែម្តង។

លោក សៀត គឹមសាន នាយកសាលាកែរពៅ បានលើកឡើងថា “វាជារឿងពិតណាស់ នៅពេលរដូវវស្សា ឈានមកដល់ ក្មេងៗសិស្សសាលាជិត ១០០នាក់ នៅក្នុងភូមិ ជីក្លប់ ក្រុមកែរពៅ ក្រុម កណ្តាល ក្រុមទួលខ្លុង និងក្រុម ក្តីសង្ឃឹមថ្មី ពួកគេតែងតែធ្វើដំណើរ មកសាលារៀន ដោយជិះក្បូន ជារៀងរាល់ឆ្នាំ​ មិនមែនតែក្មេងៗ សិស្សសាលាប៉ុណ្ណោះទេ សូម្បីតែលោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋអ្នកធ្វើដំណើរទូទៅ ក៍ធ្វើដំណើរឆ្លងកាត់ទីនោះ មិនបានដែរ ព្រោះគ្មានស្ពានឆ្លង ឡើយគឺជិះក្បូន”។

លោកបន្ដទៀត “ជាងនេះទៅទៀត បញ្ហាប្រឈមខ្លាំង គឺនៅពេលមានអ្នកជម្ងឺ ឈឺថ្កាត់ម្តងៗ ពិបាកជួយនាំយកទៅព្យាបាល នៅមន្ទីរពេទ្យណាស់​ ដោយសារតែគ្មានស្ពានសម្រាប់ឆ្លង រីឯក្មេងៗសិស្សសាលាវិញ ក៍មានបញ្ហាច្រើនដែរ ពោលគឺ នៅពេលទឹកជំនាន់ឡើងខ្លាំង ពួកគាត់ មិនបានធ្វើដំណើរ មកសាលាបានទេ ដូច្នេះបញ្ហាទាំងអស់នេះ អាចធ្វើអោយមានអត្រានៃការ បោះបង់ចោលសាលា និងអត្រាត្រួតថ្នាក់ មានកំរិតមួយខ្ពស់ផងដែរ”។ លោក មើល សឿន អភិបាលស្រុកកោះញែក បានទទួលស្គាល់ថា ក្មេងៗសិស្សានុសិស្សទាំងនោះ នៅពេលរដូវវស្សា ពេលទឹកជំនន់ ទឹកភ្លៀងឡើងពេញអូរច្បារនេះ ពួកគេពិតជាបានជិះ ក្បូនមកសាលារៀនមែន ដោយសារគ្មានស្ពានឆ្លង ហើយបញ្ហានេះស្រុកកំពុងគិតគូរ ។

ជាមួយគ្នានេះដែរលោក ស្វាយ សំអ៊ាង ​​អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងថា “បញ្ហាក្មេងៗសិស្សសាលា ធ្វើដំណើរមកកាន់សាលា ដោយជិះក្បូន នេះ ខ្ញុំកំពុងចាត់ចែង ឲ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោះស្រាយបញ្ហានេះហើយ”។

លោក អភិបាលខេត្តបានបន្តទៀតថា ដើម្បីធ្វើការឆ្លើយតប តាមតម្រូវការរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឲ្យបានទាន់ពេលវេលា ក្នុងនាមខេត្តត្រូវតែគៀងគ និងអំពាវនាវរកថវិកា​ ពីក្រុមហ៊ុន ឬសប្បុរសជន នានា យកមកសាងសង់ស្ពានយោល ឆ្លងកាត់អូរច្បារនេះ ឲ្យបានលឿន ​បំផុតដើម្បីកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរ ដែលថវិកាអាចចំណាយ ប្រហែលជាង ១ម៉ឺនដុល្លា ហើយគម្រោងស្ពាន ស្ថិតនៅឃុំសុខសាន គឺចំណុច អូរច្បារ ក្នុងស្រុក កោះញែក ខេត្តមណ្ឌលគិរី ប្រវែងអូរច្បារនេះ មានប្រវែងមិនដល់១០០ម៉ែត្រ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បុរសចំណាស់ម្នាក់ មានឈ្មោះថា Tan បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងអាណិតអាសូរ ដល់រូបគាត់យ៉ាងខ្លាំង ដោយសារតែ គាត់បានជំនះចិត្ត ដាក់ចៅៗបន្តែតទឹក នៅក្នុងធុងឈើដ៏ធំមួយ ដើម្បីជូនពួកគេ ទៅសាលារៀន ជារៀងរាល់ថ្ងៃ មូលហេតុបណ្តាលមកពី ការជន់លិចនៃទឹកជំនន់ យ៉ាងខ្លាំងតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អស់រយៈពេលប្រមាណជាជាង ១សប្តាហ៍មកហើយ ដែលបុរសវ័យចំណាស់ ឈ្មោះ Tan បានប្រថុយគ្រោះថ្នាក់ធ្វើដូច្នេះ ដើម្បីជូនចៅៗរបស់ខ្លួន ទៅសាលារៀន ព្រោះតែមិនចង់ឲ្យពួកគេ ខកខានការរៀនសូត្រឡើយ។

ជាមួយគ្នានេះដែរ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក ផ្លូវជាច្រើន ត្រូវបានទឹកជន់លិច បណ្តាលឲ្យមនុស្សប្រមាណជា ១៥,០០០នាក់ ជាប់គាំងនៅក្នុងផ្ទះ និងមិនអាចប្រើប្រាស់ មធ្យោបាយធ្វើដំណើរមួយចំនួនបានឡើយ។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែភូមិស្រុក ដែលលោក Tan រស់នៅ ត្រូវជន់លិចប៉ុណ្ណោះទេ ប៉ុន្តែនៅឯភូមិភាគកណ្តាល និងខាងត្បូង នៃប្រទេសចិនវិញ ក៏ជួបគ្រោះទឹកជំនន់ដ៏អាក្រក់ ដូចគ្នានេះដែរ ខណៈផ្លូវ ផ្ទះ និងសូម្បីតែផ្សារទំនើប ក៏ត្រូវជន់លិច គ្មានសល់ដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]