ថៃ៖ បន្ទាប់ពីរៀបការ ជាមួយកូនសេដ្ឋីប្រាក់វាល់លាន កាលពីកំឡុងពេល ឆ្នាំ២០១០ រួចមក តារាសម្តែងស្រី មានឈ្មោះល្បីនាង Nune Woranut បានក្លាយខ្លួនទៅជា កូនប្រសារស្រីម្នាក់ ដែលមានការទទួលស្គាល់ ពីម្តាយក្មេកថា នាងមានលក្ខណៈសម្បត្តិល្អគ្រប់យ៉ាង  មិនថាការបំពេញការងារ នៅក្រៅផ្ទះ ឬក៏ក្នុងផ្ទះនោះទេ។

ជាក់ស្តែងកាលពីយប់ ថ្ងៃទី២៣ ខែសីហាកន្លងទៅ តារាស្រីល្បីល្បាញរូបនេះបាន ប្រារព្ធធ្វើនូវពិធីខួបកំណើតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ជូនចំពោះម្តាយក្មេករបស់នាង គឺអ្នកស្រី Arunee Bhirombhakdi ក្នុងឱកាសទៅជួបជុំអាហារពេលល្ងាចជាមួយគ្នា នៅភោជនីយដ្ឋានមួយកន្លែង។

ស្ថិតក្នុងទិដ្ឋភាពថ្ងៃកំណើតអ្នកស្រី Arunee និងលោក Piya ជាស្វាមី  ពិតជាមានសេចក្ដី អំណរ និងត្រេកអរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃរបស់ កូនប្រសារសំណព្វចិត្តរូបនេះ ដោយសារតែនាងនៅតែចងចាំមិនភ្លេច នូវថ្ងៃខួបកំណើតរបស់ខ្លួន បើទោះបីជានាងមានភារកិច្ចជាប់រវល់ យ៉ាងមមាញឹក ជាមួយនឹងការងារសិល្បៈ យ៉ាងណាក្តី។

ទង្វើនេះបានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា នាង Woranut គឺជាកូនស្រី កត្តញ្ញូម្នាក់មិនថាចំពោះតែឪពុកម្តាយបង្កើត ឬឪពុកម្តាយក្មេកនោះទេ។ ទោះបីជាវាមិនមែនជាការធ្វើពិធីធំដុំ ឱ្យបានអធិកអធម ប៉ុន្តែផ្តោតទៅលើក្រុមគ្រួសារ ខាងស្វាមីនាង Woranut ពួកគាត់មានអារម្មណ៍រីករាយ និងកក់ក្តៅយ៉ាងខ្លាំង ដោយមានកូនប្រសារស្រីដូចជានាង។ ហើយនៅក្នុងបេសកម្មលើកនេះនាង Woranut ក៏បានបញ្ជាក់ឱ្យអ្នកគាំទ្រនាងទាំងអស់ ព្រមទាំងមហាជនទូទៅឃើញផងដែរថា​ នាងបានបំពេញតួនាទីជាកូនប្រសារល្អប្រពៃកម្ររកបានម្នាក់ ដែលមិនដូចជាពាក្យចចាមអារ៉ាមទាំងឡាយកាលពីមុនថា នាង និងស្វាមីលោក Todd Piti កំពុងមានការបែកបាក់គ្នានោះឡើយ។

ឃើញសកម្មភាពសប្បាយរីករាយរវាងម្តាយឪពុកក្មេក និងកូនប្រសារច្បាស់ៗ បែបនេះ ព័ត៌មានរឿងអាស្រូវទាំងប៉ុន្មានកាលពីមុន ក៏បានស្ងាត់ទៅតាមនោះផងដែរ គ្មាននរណាមួយ ហ៊ានចេញមុខមករិះគន់ទៀតទេ ឬសើររើវាឡើងសាជាថ្មីម្តងទៀតទេ ព្រោះវាហាក់ដូចជា ផ្ទុយពីការពិត ដែលកំពុងតែកើតមានឡើង នៅពេលបច្ចុប្បន្ននេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]