បរទេស៖ កាលពីពេលថ្មីៗនេះ លេចលឺដំណឹងមកថា Justin Bieber ដែលជាតារាចម្រៀងដ៏ល្បី របស់សហរដ្ឋអាមេរិក នឹងត្រូវបានជ្រើសជាតួសម្តែង នៅក្នុងរឿងមួយ ទាក់ទងនឹងជីវិតបាល់ទាត់ ដែលមានការចូលរួមសម្តែងដោយកីឡាករបាល់ទាត់ល្បីលំដាប់ពិភពលោក ដូចជា Cristiano Ronaldo និង David Beckham ផងដែរ។

បើយោងតាមប្រភពបានឲ្យដឹងថា Justin Bieber នឹងត្រូវបានចូលរួមសម្តែងនៅក្នុងរឿងមួយទាក់ទងបាល់ទាត់ ជាពិសេសគឺក្លិប Real Madrid តែម្តង ហើយបន្ថែមពីនេះទៀត តារាចម្រៀង សញ្ជាតិកាណាដា រូបនេះ កំពុងតែស្ថិតនៅក្នុងការចរចា និងពិភាក្សាលើកចុងក្រោយជាមួយផលិតករ ពោលគឺរងចាំតែ Justin ចុះហត្ថលេខាយល់ព្រមតែប៉ុណ្ណោះ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា Justin នឹងត្រូវចូលរួមសម្តែងជាមួយ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo នៅក្នុងរឿងថ្មីមួយនេះ ដែលមានគំរោងថវិកាថតរហូតដល់ ១០០ លានផោន។

ទាក់ទងនឹងសាច់រឿងនេះផងដែរ Justin ដែលមានវ័យ២២ឆ្នាំ នឹងត្រូវដើរតួជាកីឡាករយុវជនមួយរូបដែលមកពី ទីក្រុង Los Angeles ហើយបានងើបខ្លួនពីភាពងងឹតក្នុងជីវិតរបស់ខ្លួន ដោយក្លាយខ្លួនជាកីឡាកំពូលមួយរូប ជាមួយនឹងក្លិបដ៏ល្បី។ ចំនែកឯការថតវិញ នឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយនេះក្នុងខែមិនា ហើយចំពោះទីតាំងថតវិញ កីឡដ្ឋាន Bernabeu ក៏ត្រូវបានក្លិប Real Madrid អនុញ្ញាត្តិឲ្យថត ក្នុងអំឡុងពេលការប្រកួតខ្លះៗផងដែរ។

ទាក់ទងនឹងរឿងនេះផងដែរ នឹងត្រូវថតឡើងវិញដោយដកស្រង់ និងយកគំរួតាមសាច់រឿង Goal ដែលធ្លាប់បានចាក់បញ្ចាំង កាលពីឆ្នាំ ២០០៥ រហូតដល់ ២០០៩ ផងដែរ។ ហើយអ្វីដែលរឹតតែពិសេសទៀតនោះ ក្នុងរឿងនេះក៏មានការចូលរួមសម្តែងពី កីឡាករជើងចាស់David Beckham ផងដែរ ដោយ Beckham ផ្ទាល់ក៏ធ្លាប់បានសម្តែងនៅក្នុងរឿង Goal ដែរ។

ប្រភពបានបន្ថែមឲ្យដឹងទៀតថា គំរោងនៃការថត នឹងចាប់ផ្តើមមុន ប្រសិនបើ Justin ចុះហត្ថលេខាយល់ព្រមថត នៅខាងមុខនេះ ហើយរឹតពីនេះទៀតប្រសិនជាមាន Justin ជាតួសម្តែង រឿងមួយនេះអាចនឹងល្បីនៅក្នុងឆ្នាំ២០១៧ ផងដែរ។

គួររំលឹកផងដែរថា Justin ក៏ចូលចិត្តលេងនូវកីឡាករបាល់ទាត់នេះផងដែរ ដោយរូបគេធ្លាប់ធ្វើការហ្វឹកហាត់ជាមួយក្រុម Barcelona និង Chelsea ទៀតផង៕

ដូច្នេះចាំមើលថា សាច់រឿងនឹងទៅជាយ៉ាងណា ប្រសិនបើតួសម្តែងសុទ្ធតែកំពូល ហើយល្បីៗបែបនេះ? 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]