រាជធានីភ្នំពេញ ៖​ យោងតាមគេហទំព័រក្រសួងអប់រំ ​យុវជននិងកីឡាបានឲ្យដឹងថា​ «ដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ ​ មានពីរ​មុខវិជ្ជា​ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ​ និងរូបវិទ្យា) ​និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម​ (គណិតវិទ្យា​ និង​សីលធម៌-​ពលរដ្ឋវិជ្ជា) ។ ​បេក្ខជនអវត្តមានកើនឡើងដល់​ ១៣០៧ នាក់ ។ ​ ដោយឡែកបេក្ខជន​មានបញ្ហាសុខភាព ចំនួន ២៤នាក់ ។

ដំណើរការសំណេរ​បានបន្តប្រព្រឹត្តទៅដោយរលូនល្អ​ ពោលគឺគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់​មានការទទួលខុសត្រូវខ្ពស់​ក្នុង​ការបំពេញភារកិច្ច ​ទោះបីនៅខេត្តមួយចំនួនមានភ្លៀងក៏ដោយ​ ។ បេក្ខជនបន្តគោរពបទប្បញ្ញត្តិនៃ​​ការប្រឡងបានល្អ ​មានភាព​ជឿជាក់ ​​និងខិតខំធ្វើកិច្ចការបានច្រើន ​ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ​ ដោយមានការចូលរួមយ៉ាងសកម្មពី​អាជ្ញាធរដែនដីកងកម្លាំងមានសមត្ថកិច្ច ​និងមន្ត្រី និងសង្កេតការណ៍ស្ម័គ្រចិត្តមកពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែលពាក់ព័ន្ធ។

ចំពោះដំណើរការសំណេរនារសៀលនេះ ​មានមួយមុខវិជ្ជាគឺ​ វិញ្ញាសាគណិតវិទ្យា ​ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ​ និងអក្សរសាស្ត្រខ្មែរ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ​សង្គម »៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក គួរឲ្យដឹងថា សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ប្រចាំឆ្នាំ​២០១៥-២០១៦ បាន​ចាប់ផ្តើម​ កាលពីព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស ។

ក្នុង​អត្ត​ន័យ​ជា​និមិត្តរូប​នៃ​ការ​បើក​សម័យ​ប្រឡង​នា​ព្រឹក​ថ្ងៃ​ទី​២២​សីហា​នេះ លោក ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, លោក ឃួ​ង ស្រេង អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា និង​មន្ត្រី​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​អញ្ជើញ​ទៅ​កាត់​វិញ្ញាសារ​ប្រឡង​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ គឺជា​ឆ្នាំ​ទី​៣​ហើយ​នៃ​ការ​ធ្វើ​កំណែ​ទម្រ​ង តែ​ឆ្នាំ​នេះ​មានការ​ប្រែប្រួល​ជាង​ឆ្នាំ​មុន ជាក់ស្តែង​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ គឺ​មិនឃើញ​មានការ​នាំ​ចូល​ប្រ៊ុយយ៉ុង​តែ​ម្តង ហើយ​សិស្ស​ក៏​មានការ​ត្រៀមលក្ខណៈ​ល្អ​ប្រសើ​ជាង​មុន ដោយ​ពួក​គាត់​មាន​ទំនុកចិត្ត​ខ្លួនឯង និង​មានការ​ព្យាយាម​រៀនសូត្រ​បាន​ច្រើ​ង​ជាង​មុន ។

លោក​បន្ត​ថា ដើម្បី​ទប់ស្កាត់​នូវ​បាតុភាព​ផ្សេង​ៗ ក្រសួង​បាន​ថែរក្សា​សុវត្ថិភាព​វិញ្ញាសា និង​មានការ​ចែង​ជា​បទបញ្ញតិ ទាំង​បេក្ខជន និង​បុគ្គលិក​អប់រំ ប្រសិនបើ​មាន​អ្នក​លួច​ចម្លង ឬ​មាន​អ្នក​ប្រឡង​ជំនួស គឺ​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ហើយ​ជន​នោះ​អាច​ប្រឈម​មុខជា​មួយ​វិធានការ​ច្បាប់​ទៀត ចំណែក​បុគ្គលិក​អប់រំ​គាត់​នឹង​ត្រូវ​ទទួល​វិន័យ ឬ​ប្រឈម​ជាមួយ​វិធានការ​ច្បាប់​ទៀត​ផង ។

លោក ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​យើង​បាន​ពិនិត្យ​ឡើង​វិញ​នូវ​ចំណុច​ខ្វះខាត​ពី​ឆ្នាំ​មុន បំពេញបន្ថែម និង​មានការ​កែ​លម្អ ដោយ​ក្រសួង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ចំពោះ​វិធានការ​នានា ។ ចំពោះ​កា​រឹត​បន្តឹង​នេះ មិនមែន​ជា​ការ​ដាក់​ពិន័យ​សិស្ស​ទេ គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​សមត្ថភាព​ខ្ពស់ នៅ​ពេល​រៀន​ចប់​អាច​ប្រណាំងប្រជែង​ជាមួយ​យុវជន​ក្នុង​តំបន់ និង​រក​ការងារ​ធ្វើ​បាន ពិសេស​ដើម្បី​អនាគត​សិស្ស​ខ្លួនឯង គ្រួសារ សហគមន៍ ក៏​ដូច​ជា​អនាគត​ប្រទេស​ជាតិ​ទាំងមូល​ផង​ដែរ ។

លោក ហ៊ុន ម៉ា​នី បាន​លើក​ឡើង​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ យើង​សង្កេត​ឃើញ​ថា ប្អូន​ៗ​សិស្សានុសិស្ស​បាន​ផ្លាស់​ប្តូរ​ឥរិយា​បទ និង​ត្រៀមខ្លួន​ជា​ស្រេច ដោយ​ពួក​គាត់​បាន​ប្រកាន់ខ្ជាប់​ផង​ដែរ​នូវ​ពាក្យស្លោក «​អ្នកចេះ​គឺ​ជាប់​» ។

តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​អង្កេត​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ បេក្ខជន​ប្រឡង​បាន​រៀបចំ​ខ្លួន​ល្អ ដោយ​ពួក​គាត់​មិន​មានការ​នាំ​ចូល​ឯកសារ និង​គ្រឿង​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​ចូល​នោះ​ទេ គឺ​មាន​ភាពល្អ​ប្រសើ​ជាង​ឆ្នាំ​មុន​ៗ ។

ចំណែក លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ មាន​ប្រសា​សាន៍​ថា តាម​រយៈ​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​សម្រាប់​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ពិតជា​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ គឺ​សិស្ស​ពុំ​បាន​យក​ប្រ៊ុយយ៉ុង ឬ​ឯកសារ​ផ្សេង​ៗ​ដូច​ជា​ទូរស័ព្ទ​ដៃ​ជាដើម ចូល​ក្នុង​មណ្ឌល​ប្រឡង​ទេ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យល់​ដឹង​របស់​បេក្ខជន ព្រមទាំង​មានការ​អប់រំ​របស់​ក្រសួង​ផង​ដែរ ។ លោក​បន្ត​ថា អាជ្ញាធរ​ដែនដី​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន ជា​ពិសេស​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​នៅ​តាម​មណ្ឌល​ប្រឡង ក្នុង​នោះ​មានការ​ទប់ស្កាត់​អាជីវកម្ម​ថតចម្លង​នៅ​តាម​ទីប្រជុំជន​ផ្សេង​ៗ នៅ​ក្បែរ​សាលា ឬ​មណ្ឌល​ប្រឡង ដើម្បី​ធានា​បានការ​ប្រឡង​មួយ​ដែល​មាន​សុ​ក្រិត​ភាព តម្លាភាព និង​គ្មាន​អំពើ​ស៊ីសំណូកសូកប៉ាន់ ឬ​កើត​មាន​អំពើ​បោកប្រាស់​ពី​ជនខិលខូច​មួយ​ចំនួន ដែល​បំ​ភ្លើ​ស​ពី​ការ​បែកធ្លាយ​វិញ្ញាសា​ក្នុង​ពេល​ប្រឡង​នោះ​ទេ ។

សម្រាប់​មន្ត្រី​សង្គម​ស៊ី​វិល និង​អ្នក​សង្កេតការណ៍​នានា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​នា​ពេល​ប្រឡង​ឆ្នាំ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ព្រោះ​ឪពុក ម្តាយ អាណាព្យាបាល និង​មិត្តភក្តិ បាន​យល់​ពី​ច្បាប់​របស់​អ្នក​ប្រឡង​ច្បាស់​ណាស់ មិន​មាន​ភាព​រញ៉េរញ៉ៃ​ដូច​ពេល​មុន​ៗ​ឡើយ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​មិនសូវ​នឿយហត់​ការពារ​សុវត្ថិភាព​ដែរ ព្រោះ​ពួក​គេ​ទាំងនោះ​បាន​យល់​អស់ហើយ ។

សូម​បញ្ជាក់​ថា នៅ​ទូ​ទាំង​ប្រទេស​មាន​បេក្ខជន​ប្រឡង​ចំនួន​៩៣.៧៥២​នាក់​, មាន​មណ្ឌល​ប្រឡង​ចំនួន​១៥៧ ដែល​ចែក​ចេញ​ជា​៣.៧៨១​បន្ទប់ ។ សម្រាប់​រាជធានី​ភ្នំពេញ មាន​មណ្ឌល​ប្រឡង​ចំនួន​២៣​មណ្ឌល បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ចំនួន​១៧.១១៦​នាក់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]