ភ្នំពេញ៖ នៅមុននេះបន្តិច នៅលើបណ្តាញសង្គម គណនីភរិយា តារាសម្តែង ដែលតែងតែបានជួយដល់សង្គម ជាច្រើន តាមរយៈ ការបរិចាក្ខ ជាថវិកា ទៅដល់ជនក្រីក្រមួយចំនួន លោក សាវិន ហ្វីលីប ស្រាប់តែមានបញ្ហាគាំងបេះដូង ក្នុងក្លិបហាត់ប្រាណមួយកន្លែង ។

យោងតាមសាររបស់ភរិយា លោក សាវិន ហ្វីលីប ដែលបានបង្ហោះ នៅលើបណ្តាញសង្គម នៅមុននេះបន្តិចបានឲ្យដឹងថា តារាសម្តែង លោក សាវិន ហ្វីលីប បានធូរស្បើយបន្តិចហើយ នឹងកំពុងតែបន្ត សម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត្រ ដោយសារតែលោក បានគាំងបេះដូងក្នុងក្លិបហាត់ប្រាណ ។

ក្នុងនោះភរិយារបស់ លោក សាវិន ហ្វីលីប បានសរសេរសារ បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ របស់អ្នកស្រី និងបានរៀបរាប់ថា៖ "ស្វាមីខ្ញុំគាំងបេះដូង នៅកន្លែងហាត់ប្រាណ ពេលនេះនៅមន្ទីរពេទ្យកាល់ម៉ែត្រ គាត់បានធូរស្រាលបន្តិចហើយ សូមទេវតាជួយតាមថែរក្សាបង" ។

គួរបញ្ជាក់ផងដែរថា បើតាមរូបភាពរបស់ លោក សាវិន ហ្វីលីប ដែលកំពុងតែសម្រាកព្យាលនោះ បានបង្ហាញ់ឲ្យឃើញថា លោកហាក់មានសភាព មិនសូវស្រួលខ្លួន រួចទៅហើយ ដោយសារមានស្មាម ជប់ខ្យល់ជាច្រើន នៅលើខ្លួនប្រាណរបស់លោក ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានកាលពីខែមករា ២០១៦ ឲ្យដឹងថា បើទោះបីជាខំព្យាយាម លាក់បាំងបដិសេធ ម្តងហើយម្តងទៀត ពីអ្នកសារព័ត៌មាន តារាដែលផុសផុល រឿងសប្បុរសធម៌ លោក សាវីន ហ្វីលីប ពិតជាចូលរួមថតភាពយន្តឲ្យតារាហូលីវ៉ូដ នាង Angelina Jolie ដោយចំណាយកញ្ចប់ ទឹកប្រាក់រាប់ម៉ឺន ដុល្លារអាមេរិក ។

ប្រភពព័ត៌មាន ក្នុងចង្កោមសិល្បៈ បានលួចបង្ហើបឲ្យដឹងថា ពិតប្រាកដណាស់ លោក សាវីន ហ្វីលីប ពិតជាថតរឿងឲ្យ តារាហូលីវ៉ូដ Angelina Jolie តែលោកមិនហ៊ាននិយាយ ជាសាធារណៈ ព្រោះបំរាមរបស់ក្រុមថត និងផលិតករ របស់តារាហូលីវ៉ូដ មិនឲ្យខ្ចាយព័ត៌មាននេះ ចេញទៅក្រៅ ។

បើទោះបីជាខំលាក់ បាំងយ៉ាងណា ព័ត៌មាននេះ នៅតែធ្លាយចេញដដែល ដោយក្រដាសមិនអាច ខ្ចប់ភ្លើងជិតបានឡើយ ធ្វើឲ្យមហាជន គិតថា តារាវ័យជ្រេ រូបសង្ហារ សាវីន ហ្វីលីប ពិតជាមានសំណាង ដែលមានឱកាស ពាំនាំវប្បធម៌ខ្មែរ ទៅកាន់លោកខាងលិច និងជាឱកាសមួយ ធ្វើឲ្យពិភពលោក កាន់តែស្គាល់ខ្មែរច្បាស់មែនទែន ។ម្យ៉ាងវិញទៀត Angelina Jolie ដែលមកដឹកនាំថតរឿង នៅលើកទឹកដីកម្ពុជា នេះ នឹងទាក់ទាញឲ្យ ផលិតករបរទេស លើពិភពលោក នឹងងាកមកចាប់អារម្មណ៍ យកទឹកដីកម្ពុជា ថតរឿងផ្សេងៗទៀត ដែលជាប្រភពមួយ ជួយឲ្យ តារាខ្មែរអាចទាញយកចំណូល ដ៏ច្រើនលើសលប់ ។

ក្នុងបទសម្ភាស ជាមួយនឹង LookingToday កន្លងមក លោក សាវីន ហ្វីលីប នៅតែបន្តលាក់បាំង និងច្រានចោលម្តងហើយម្តងទៀត ដោយសុំមិននិយាយ ទាក់ទងថតភាពយន្តឲ្យ Angelina Jolie ដោយក្នុងនោះលោកបានថ្លែងថា «មិនអាចនិយាយបានទេ» ។ ប៉ុន្តែលោកក៏បានទទួលស្គាល់ថា «រឿងអ្វីក៏ដោយ មិនអាចលាក់បាំងនឹង អ្នកសារព័ត៌មានបានឡើយ» ។

ប្រភពខាងលើបានទម្លាយថា «លោក សាវីន ហ្វីលីប ទទួលបានចំណូល ច្រើនលើសលប់ ពីការថតរឿងនេះ បើធៀបការថតភាពយន្ត ឲ្យផលិតករក្នុងស្រុក គឺមិនអាចធៀបនឹង ចំណូលទទួលបានពី Angelina Jolie ដែលអាចឲ្យលោករស់បាន យ៉ាងស្រូលមួយរយៈ ពីចំណូលនេះ» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]