រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍គិតត្រឹម​វេលាម៉ោង​០១ និង​២០នាទីរសៀលថ្ងៃទី១៨ សីហា ២០១៦ នេះ ​សមត្ថកិច្ចចម្រុះ ដែល​ឡោមព័ទ្ធ​ចាប់​ប​ក្រុមចោរ​ប្លន់​បាន​ចំនួន​៣នាក់ ស្ថិត​ក្នុងបុរីសន្តិភាព២​ ​ក្នុងភូមិ​ដំណាក់ត្រយឹង សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍​​សែន​ជ័យ ។

ប្រភពឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង៣នាក់ ១-​ឈ្មើ​សុខ រិទ្ធី អាយុ​២៦​ឆ្នាំ ២-​ឈ្មោះដាវីត អាយុ​១៨​ឆ្នាំ និង​៣-នារី​​ឈ្មោះ​ឃុន ផៃ អាយុ១៦​ឆ្នាំ (ជាសង្សារ​ជនឈ្មោះដាវីត) ដែល​ខណៈ​ពេល​នេះ កម្លាំង​កំពុងស្រាវជ្រាវ​បន្ត​ចាប់បក្សពួក​​ទៀតផងដែរ ។

គួររំលឹកថា កាលពីវេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ថ្ងៃដដែល​នេះ សមត្ថកិច្ច​ចម្រុះ​​កំពុង​ឡោម​ព័ទ្ធ​​ចាប់​​ក្រុម​ចោរប្លន់​នៅ​ក្នុង​បុ​រី​សន្តិភាព​២ ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ឡោម​ព័​ទ្ធចាប់​ក្រុម​ចោរប្លន់​នៅ​ទីតាំង​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជា​ចោរប្លន់​បាន​ម្នាក់​ ក្នុង​ចំណោម​៦​នាក់​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល ក្រោយ​ពី​ពួក​គេ​​​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ C125 មួយ​គ្រឿង ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC 0635 ពី​យុវជន​ឈ្មោះម៉ៅ ខួច អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដុ​ង ឃុំ​ព្រៃ​ស្តៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម​យក​ម៉ូតូ​មក​វិញ ។

សកម្មភាព​វាយ​ប្លន់​ម៉ូតូ​នោះ​កើតឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ សីហា ២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​ប​កម្សាន្ត​« មី​ត​ណាយ​» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៦នាក់ ប្រដាប់ដោយកាំភ្លើងធ្វើសកម្មភាព៣ដើម រថយន្តមួយគ្រឿង ដែលតែងតែប្លន់កក្រើកនៅតាមបណ្តាខេត្តនោះ ហើយត្រូវបានបង្ក្រាបនៅទឹកដីឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលនោះ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ មុនបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត តាមនីតិវិធី។

យោងតាមរបាយការណ៍របស់នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រុមចោរទាំងនេះ បានធ្វើសកម្មភាពប្លន់ចំនួន១០លើកមកហើយ នៅខេត្តចំនួន៧ រួមមាន ខេត្តព្រៃវែង ២លើក ខេត្តកំពង់ឆ្នាំង ២លើក ខេត្តតាកែវ២លើិក ខេត្តក្រចេះ១លើក ខេត្តកំពង់ចាម១លើក ខេត្តត្បូងឃ្មុំ១លើក និងខេត្តកណ្តាល១លើក។ 

របាយការណ៍បានបញ្ជាក់ទៀតថា ការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានធ្វើឡើងមុនពេលដែលពួកវាគ្រោងចូលប្លន់ នៅផ្ទះលក់មាស លក់សាំង និងផ្ទេរលុយ Wing តាមផ្លូវចូលវត្តធន់មន្ត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ដោយធ្វើឡើងនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយក្នុងប្រតិបត្តិការនោះ បានបាញ់ម្នាក់បណ្តាលឲ្យបាក់ជើងផងដែរ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងនគរបាលជាតិទទួលផែនយុត្តិធម៌ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលតាមបណ្តាខេត្តមួយចំនួនទៀត។

ខាងក្រោមនេះគឺជាសង្ខេបចម្លើយសារភាព សកម្មភាពប្លន់ ១០លើក ០៧ ខេត្តរួមមាន៖

១. ខេត្តព្រៃវែង ០២លើក

-(ថ្ងៃទី២៧.០៣.២០១៥ ភូមិដូនយូ ឃំុ ជីខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង)

-(ថ្ងៃទី២៩.០៤.២០១៦ ភូមិព្រែកពោធិ ឃំុ រំលិច ស្រុកសីុធរកណ្ដាល ខេត្តព្រៃវែង)

២. ខេត្តកំពង់ឆ្នាំង ០២លើក

-(ថ្ងៃទី២១.១០.២០១៤ ផ្សារព្រៃខ្មែរ ភូមិ ព្រៃខ្មែរ ឃំុរលាផ្អៀ ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង)

-(ថ្ងៃទី៣១.០៧.២០១៦ ភូមិរ៉ា ឃំុត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង)

៣. ខេត្តតាកែវ ០២លើក

-(ថ្ងៃទី០៥.០៥.២០១៥ ភូមិ ឃំុ ស្រុកទ្រាំង ខេត្តតាកែវ)

-(ថ្ងៃទី០៩.០៧.២០១៥ ភូមិសីហា ឃំុ ចំបក់ ស្រុកបាទី ខេត្តតាកែវ)

៤. ខេត្តក្រចេះ ០១លើក

(ថ្ងៃទី២៤.០៧.២០១៦ ភូមិត្រពាំងស្រែ ឃំុ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ)

៥. ខេត្តត្បូងឃ្មុំ ០១លើក

(ថ្ងៃទី២៨.០៧.២០១៦ ភូមិដា ឃំុ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ)

៦.ខេត្តកំពង់ចាម ០១លើក

(ថ្ងៃទី២៦.០៥.២០១៦ ភូមិពង្រ ឃំុ ស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម)

៧. ខេត្តកណ្ដាល ០១លើក, បង្ក្រាប ចាប់ខ្លួន ០៦នាក់ ពេលកំពុងដើរមើលរកទីតាំងប្លន់

(ថ្ងៃទី០៤.០៨.២០១៦ ភូមិអំពិលលាស់ ឃំុ ក្រាំងយ៉ូង ស្រុកស្អាង ខេត្តកណ្ដាល)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]