បរទេស៖ អត្តពលិក ដែលចេញទៅតំណាងឲ្យប្រទេសរបស់ខ្លួន នៅក្នុងព្រឹត្តការណ៍អូឡាំពិក សុទ្ធតែចង់បានត្រលប់មកវិញនូវមេដាយ ក៏ដូចជាកិត្តិយសជូនប្រទេសជាតិ។ ដូច្នេះនៅពេលដែលពួកគេទទួលបានមេដាយមាស នោះរដ្ឋាភិបាលរបស់ប្រទេសនីមួយៗ តែងយកចិត្តទុកដាក់ និងផ្តល់ប្រាក់រង្វាន់ជូនពួកគេជាការលើកទឹកចិត្ត  នៃការខិតខំប្រឹងប្រែងនៅក្នុងព្រឹត្តការណ៍កីឡា។ 

ជាក់ស្តែងទាក់ទងនឹងប្រាក់រង្វាន់ ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ពោលគឺប្រទេសសឹង្ហបុរី ជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងការផ្តល់ប្រាក់រង្វាន់ដល់អត្តពលិករបស់ខ្លួន។ បើគិតតាមតារាងបញ្ជីឈ្មោះ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលផ្តល់ប្រាក់រង្វាន់ច្រើនជាងគេ ទៅដល់អត្តពលិករបស់ខ្លួនរូបណា ដែលទទួលបានមេដាយមាសនៅក្នុងព្រឹត្តការណ៍អូឡាំពិក ឆ្នាំ២០១៦នេះ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់មួយផ្សេងទៀតនោះ សហរដ្ឋអាមេរិក ដែលជាប្រទេសសេដ្ឋកិច្ចលេខ១ ក្នុងពិភពលោក  បានត្រឹមតែឈរក្នុងចំណាត់ថ្នាក់លេខ៩ប៉ុណ្ណោះ នៃតារាបញ្ជីឈ្មោះផ្តល់ប្រាក់រង្វាន់សម្រាប់អត្តពលិកដែលបានមេដាយមាស។ អត្តពលិកដែលតំណាងឲ្យសហរដ្ឋអាមេរិក នឹងទទួលបានប្រាក់រង្វាន់ចំនួន ២៥,០០០ដុល្លារ សម្រាប់មេដាយមាស ១៥,០០០ដុលា្លរ មេដាយប្រាក់ និងមេដាយសំរឹទ្ធទទួលបាន ១០,០០០ដុល្លារ។

ក្រលេកមកមើលចំណាត់ថ្នាក់លេខ១ ប្រទេសសឹង្ហបុរី វិញម្តង អត្តពលិកដែលតំណាងឲ្យប្រទេសសឹង្ហបុរី ដែលទទួលបានមេដាយមាស នៅអូឡាំពិក នឹងត្រូវទទួលបានជាប្រាក់រង្វាន់រហូតដល់ ៧៥៣,០០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាចំនួនច្រើនលើសលប់មួយគួរឲ្យកត់សម្គាល់។ ចូលមកដល់លេខ២ នៃតារាងចំណាត់ថ្នាក់វិញ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នានេះដែរ នឹងផ្តល់ប្រាក់រង្វាន់ដល់អត្តពលិករបស់ខ្លួន  ៣៨៣,០០០ដុល្លារអាមេរិក ប្រសិនបើឈ្នះមេដាយមាសនៅអូឡាំពិក។

យោងតាមប្រភពបានបន្ថែមឲ្យដឹងផងដែរថា ក៏មានប្រទេសមួយចំនួនដែរ ដែលមិនបានផ្តល់ជាប្រាក់រង្វាន់ដល់អត្តពលិករបស់ខ្លួន ដូចជា ក្រូអាត ចក្រភពអង់គ្លេស ន័រវេស និងស៊ុយអែត ហើយចំនែកឯប្រទេសដូចជា កូរ៉េខាងត្បូង និងប្រទេសបែឡារុស វិញ ក៏មិនបានផ្តល់ជាប្រាក់រង្វាន់ដល់អត្តពលិកខ្លួនដែរ ប៉ុន្តែបានផ្តល់នូវជាស្បៀង និងគ្រឿងសម្ភារៈខ្លះៗ ខណៈប្រទេសអាល្លឺម៉ង់វិញ មិនត្រឹមតែទទួលបាននូវប្រាក់រង្វាន់ ២០,០០០ដុល្លារ ប៉ុណ្ណោះទេ ថែមទាំងទទួលបានការផ្គត់ផ្គង់ស្រាបៀររយៈពេលមួយជីវិតទៀតផង៕

ដូច្នេះបើចឹងដឹងថាប្រទេសណា ដែលផ្តល់ប្រាក់រង្វាន់ច្រើនជាងគេ ដល់អត្តពលិករបស់ខ្លួនដែលទទួលបានមេដាយមាស ក្នុងព្រឹត្តការណ៍អូឡាំពិកនោះ សូមទស្សនារូបភាពបញ្ជីចំណាត់ថ្នាក់ខាងក្រោមនេះ៖  

ប្រភព៖ Sport Yahoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]