ភ្នំពេញ៖ តារាសម្តែងដ៏ល្បីល្បាញ ក្នុងទស្សវត្សទី៨០ អ្នកនាង អម្ពរ ទេវី គឺបានមកដល់ទឹកដីកម្ពុជាហើយ កាលពីព្រឹកមិញនេះ។

ចំពោះវត្តមានរបស់ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរីករាយពន់ពេក ព្រោះនឹងបានមើលស្នាដៃក្នុងការសម្តែងរបស់ អ្នកនាងម្តងទៀត តាមរយៈរឿងថ្មី ចំណងជើងថា​"ទឹកចិត្តម្តាយសម័យថ្មី" ដែលដឹកនាំដោយ អ្នកស្រី ពាន់ ភួងបុប្ផា។ 

ដោយយោងតាមរូបថតជាច្រើនសន្លឹក របស់ទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានបង្ហាញឲ្យឃើញ នូវរូបសម្រស់របស់ អ្នកនាង អម្ពរ ទេវី យ៉ាងស្រស់សោភា ទោះបីពេលនេះនាងមានវ័យជ្រេបន្តិចក៏ដោយ។

ក្នុងនោះដែរ ទំព័រហ្វេសប៊ុកសិល្បករកម្ពុជា ក៏បានសរសេរបញ្ជាក់ដែរថា អ្នកនាង អម្ពរទេវី នឹងមកថតរឿង ទឹកចិត្តអ្នកម្តាយសម័យថ្មី មានរយៈពេលត្រឹម៣០ថ្ងៃតែប៉ុណ្ណោះ ហើយនេះក៏ជាវត្តមានដែលប្លែក និងគួរឲ្យចាប់អារម្មណ៍បំផុតក្នុងវិស័យភាពយន្តខ្មែរ ដែលអ្នកនាង សម្ពរទេវី បានបាត់មុខក្នុងវិស័យភាពយន្ត អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ៕

ចុះតើប្រិយមិត្ត នឹងចង់រង់ចាំមើលស្នាដៃក្នុងការសម្តែង របស់អ្នកនាង អម្ពរទេវី សាជាថ្មីដែរទេ?  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្ដែងធ្លាប់ល្បីល្បាញ និងជាដៃគូដ៏ស័ក្តិសមជាមួយនឹង លោក ទេព រិន្ទដារ៉ូ អ្នកនាង អម្ពរ ទេវី បានបង្ហាញឲ្យដឹងថា រូបនាង ធ្វើដំណើរមកកាន់ទឹកដីកំណើត របស់ខ្លួន ដែលជាដំណើរមកកាន់ប្រទេសកម្ពុជាដ៏កម្រ ពុំធ្លាប់មានរយៈពេលជាង២០ឆ្នាំមកនេះ ដើម្បីចូលរួមសម្ដែងក្នុងស្នាដៃនិពន្ធ និងដឹកនាំ សម្ដែងក្នុងរឿងថ្មីរបស់អ្នកស្រី ពាន់ ភួង បុប្ផា មានចំណងជើងថា «ទឹកចិត្តម្ដាយសម័យថ្មី» ដែលជាស្នាដៃដំបូងរបស់អ្នកស្រី បន្ទាប់ពីចុះកិច្ចសន្យាផលិតរឿងឲ្យផលិតកម្ម «ថោន»។

កវីនិពន្ធ និងដឹកនាំសម្ដែងឆ្នើម អ្នកស្រី ពាន់ ភួងបុប្ផា បានថ្លែងដោយបើកចំហរ ក្នុងសន្និសីទកាសែត ចូលមកកាន់ផលិតកម្ម «ថោន» ជាការពិតកំពូលតារាសម្ដែងឆ្នើម និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងទស្សវត្ស៨០ និង៩០ អ្នកនាង អម្ពរ ទេវី នឹងមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងដើមខែសីហា ឆ្នាំ២០១៦ ដើម្បីចូលរួមថតរឿងឲ្យអ្នកស្រី តាមការសន្យា ពេលដែលអ្នកស្រីទៅលេងនៅសហរដ្ឋអាមេរិក ហើយបានជួបនឹងអ្នកនាង អម្ពរ ទេវី ។

អ្នកស្រី ពាន់ ភួងបុប្ផា ថ្លែងថា « ចា៎..រឿង ទឹកចិត្តម្ដាយសម័យថ្មី នឹងមានការចូលរួមសម្ដែង ពីសំណាក់អ្នកនាង អម្ពរ ទេវី ហើយគាត់មកកម្ពុជាតែរយៈពេលតែ១២ថ្ងៃ ប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវរៀបចំឈុតឆាកឲ្យគាត់ជាមុន ព្រោះជាពេលវេលាមួយខ្លីបំផុត ហើយគាត់មកខ្មែរពេលនេះ មិនមែនមកកម្សាន្ត ឬក៏មកលេងបងប្អូនទេ គឺគាត់មកថតរឿងឲ្យខ្ញុំតែម្ដង ព្រោះគាត់បានជាប់មាត់ជាប់ក ជំពាក់ពាក្យសម្ដី ថានឹងសម្ដែងរឿងឲ្យខ្ញុំ ពេលខ្ញុំជួបគាត់នៅអាមេរិក..!»។

អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ទៀតថា អ្នកនាង អម្ពរ ទេវី អាចនឹងសម្ដែងជាតួលោកជំទាវ ក្នុងសាច់រឿងរបស់អ្នកស្រី ហើយមិនមែនជារឿងងាយស្រួលទេ ដែលអ្នកស្រីអាចកងកាវតួសម្ដែងពីជំនាន់មុន ដែលកំពុងតែរស់នៅប្រទេសក្រៅ ឲ្យមកសម្ដែងក្នុងរឿងអ្នកស្រីបាន វាគឺជារឿងលំបាកមួយ ប៉ុន្តែដោយសារតែតារាសម្ដែង ទាំងអស់នោះ ធ្លាប់ស្គាល់ពីស្នាដៃ ពីបទពិសោធន៍របស់អ្នកស្រី នាពេលកន្លងមក ទើបពួកគាត់ទុកចិត្ត និងនៅតែរីករាយសម្ដែងឲ្យអ្នកស្រីដដែល។

សូមបញ្ជាក់ថា បើយោងតាមអ្នកស្រី ពាន់ ភួងបុប្ផា បានបន្ថែមថា រឿង«ទឹកចិត្តម្ដាយសម័យថ្មី» នឹងមានការចូលរួមសម្ដែង ដោយតារាជំនាន់មុន និងជំនាន់ក្រោយល្បីៗជាច្រើនដួង រួមមាន អ្នកនាង អម្ពរ ទេវី, អ្នកស្រី ឌី សាវ៉េត, លោក ទេព រិន្ទដារ៉ូ, អ្នកនាង ស៊ឹម សូលីកា ,អ្នកនាង សុខ សោម៉ាវត្តី ព្រមទាំងវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]