តារាកំប្លែងល្បីឈ្មោះ ជាច្រើនឆ្នាំអ្នកនាង សំ ប៉ូលីដា ដែលកន្លងមកធ្លាប់បានធ្វើ ឲ្យទស្សនិកជនបានផ្ទុះ សំណើចសើចសប្បាយ ជាមួយការលេងកំប្លែង នៅពេលថ្មីៗនេះបានធ្លាក់ខ្លួន រស់នៅលំបាកវេទនា ហើយថែមទាំងជួបគ្រោះថ្នាក់ រហូតដល់បាក់ជើងសាំ្ត ហើយអំពាវនាវស្វែងរកជំនួយនោះ ។នៅពេលថ្មីៗនេះ មានសារព័ត៌មានជាច្រើន បានធ្វើការចុះផ្សាយ ដោយដាក់ការសង្ស័យថា ស្នាមរបួសដែលកើតមាន នៅលើមុខ និងជើងរបស់នាង ដែលរងរបួសគឺដោយសារ តែស្វាមីជាអ្នកប្រើអំពើហឹង្សា ដែលរឿងនេះកំពុងតែក្លាយ ជាប្រធានបទក្តៅ ធ្វើឲ្យទស្សនិកជនជាច្រើន កំពុងតែរង់ចាំការបកស្រាយ ពីម្ចាស់សាម៉ីខ្លួន ។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY នៅមុននេះ តារាកំប្លែង អ្នកនាង សំ ប៉ូលីដា បានប្រាប់ឲ្យដឹងថា រឿងរ៉ាវគ្រប់យ៉ាង ដែលបណ្តាលឲ្យអ្នកនាង រងរបួស ដល់ថ្នាក់បាក់ជើងនេះ គឺបណ្តាលមកពី កាលពីមួយរយៈមុន អ្នកនាងដួល ហើយមិនបានចាប់អារម្មណ៍ដឹងថា ឆ្អឹងជើងប្រះ ដោយមួយរយៈនោះ ជើងចេះតែហើម និងឈឺអ្នកនាងគិតថា ប្រហែលជាមកពីឡើង ជាតិអាស៊ីត ទើបមិនបានទៅពិនិត្យត្រឹមត្រូវ ។ លុះដល់ថ្ងៃកើតហេតុ អ្នកនាងពាក់ស្បែកជើងកែងចោទ ហើយក៏ធ្វេសប្រហេស រួចដួលហើយគួបផ្សំ ឆ្អឹងប្រះស្រាប់ ក៏បាក់តែម្តងទៅ ។

អ្នកនាងបានបន្តទៀតថា ក្រោយពីមានបញ្ហានេះ កើតឡើងគឺមានបុគ្គលិក នៅហាងក៏បានដឹងរឿងនេះ ដោយក្រោយពីអ្នកនាងដួល គឺត្រូវបានបុគ្គលិកនិងស្វាមី យកទៅពិនិត្យនៅមន្ទីរពេទ្យ ៧៩តែពេទ្យថាមិនអាច ធ្វើការវះកាត់បានទេ ព្រោះអ្នកនាងមានជំងឺទឹកនោមផ្អែម ។

ដោយឡែកស្វាមីរបស់អ្នកនាង សំ ប៉ូលីដា ក៏បានបកស្រាយប្រាប់ឲ្យដឹងថា «សម្រាប់រឿងដែលថា ខ្ញុំប្រើហឹង្សាដាក់ភរិយា គឺមិនមែនជាការពិតទេ វាជារឿងដែលខុសស្រឡះ តាមពិតទៅគាត់ស្រវឹង ហើយក៏ដួលដោយខ្លួនឯង នៅមុខហាង ពេលដែលដួលនោះ ខ្ញុំមិនទាំងបានដឹងផង ព្រោះនៅមើលការ ខុសត្រូវនៅក្នុងហាង ទើបដឹងជាក្រោយ ក៏នាំទៅពេទ្យទើបដឹងថា ជើងរបស់គាត់ស្រាំប្រមាណ២ខែ ដោយឡែកទាក់ទង និងស្នាមនៅលើមុខគឺប្រហែលជាអាច ដួលទៅប៉ះនឹងអ្វី ហើយប្រសិនបើមិនជឿទេ អាចមកសួរបុគ្គលិក នៅហាងនេះផ្ទាល់បាន» ។

តារាកំប្លែង ដែលធ្លាប់មានប្រជាប្រិយភាពខ្លាំង កាលពីប៉ុន្មានឆ្នាំមុនគឺ អ្នកនាង សំ ប៉ូលីដា នៅពេលថ្មីៗនេះ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយអ្នកនាងបានរងរបួស បាក់ជើងខាងស្តាំ ហើយពេលនេះអ្នកនាង បានធ្វើការអំពាវនាវ ស្វែងរកជំនួយពីសប្បុរសជន ព្រោះតែជីវភាពរបស់ អ្នកនាង រស់នៅលំបាកវេទនា ខ្វះខាតគ្មានសូម្បីតែផ្ទះស្នាក់នៅ ។

យ៉ាងណាមិញ ក៏សង្ឃឹមថា នឹងមានសិល្បករ សិល្បការិនី ដែលទទួលបានដំណឹងនេះហើយ និងអាចជួយឧបត្តម្ភជាថវិកា ឬជាសម្ភារៈផ្សេងៗ ទៅតាមលទ្ធភាព និងសណ្តានចិត្តរបស់ខ្លួន ដើម្បីឲ្យតារាកំប្លែងជើងចាស់ អ្នកនាង សំ ប៉ូលីដា ទទួលបានការព្យាបាល និងមានកន្លែងសម្រាកព្យាបាល បានត្រឹមត្រូវផងដែរ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]