(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី០៧ ខែសីហានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើស្ពានអាកាសស្ទឹងមានជ័យ បង្កឡើងដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលបង្កគ្រោះថ្នាក់នេះ ដោយសាររថយន្តដឹកទំនិញធ្ងន់ពេក មិនអាចឡើងស្ពានអាកាសស្ទឹងមានជ័យបាន ក៏រអិលថយក្រោយ បុកនឹងរបាំងទ្រូងផ្លូវតែម្តង។ 

យ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។ ចំណែកឯអ្នកបើកបររថយន្ត និងព្រូរថយន្ត បានគេចខ្លួនភ្លាមៗបន្ទាប់ពីមានហេតុការណ៍នេះ។

ក្រោយកើតហេតុនៅព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចជំនាញបានចុះទៅរៀបចំសណ្តាប់ធ្នាប់ និងចាត់ការតាមនីតិវិធី។

ចំពោះករណីនេះ ប្រជាពលរដ្ឋបានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខូចខាតស្ពាន ផ្លូវ និងការបង្កគ្រោះថ្នាក់ជាយថាហេតុ ដែលអាចបង្កឡើងដោយរថយន្តដឹកទំនិញធុនធំ ផ្ទុកទំនិញលើសទម្ងន់នេះ។ ប្រជាពលរដ្ឋ បានសំណូមឲ្យសមត្ថកិច្ចជំនាញ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងរកឲ្យឃើញម្ចាស់រថយន្តដែលដឹកទំនិញនេះ មកទទួលទោសតាមច្បាប់៕  

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មានរថយន្តយីឌុបដឹកអង្ករ១គ្រឿង បានធ្វើឱ្យកៅស៊ូក្រាលស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ផុងរបើកអស់១ផ្ទាំងធំដោយសារតែរថយន្តនោះដាច់កាឡេរអិលថយក្រោយហើយម្ចាស់រថយន្តព្យាយាមយកកំណល់មកកល់កង់ ធ្វើឱ្យកំណល់ផុងស្រុតលិចចូលក្នុងកៅស៊ូក្រាលស្ពាន កាលពីថ្ងៃទី២២ កុម្ភៈ នៅលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង ក្នុងទឹកដីឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

រថយន្តយីឌុប១គ្រឿងនេះ ពាក់ស្លាកលេខតាកែវ 3A-1743 បានផ្ទុកអង្ករប្រមាណជា៦០តោនដែលតាមប្រភពព័ត៌មានបានបញ្ជាក់ថា អង្ករទាំងនេះត្រូវបានគេនាំចូលពីប្រទេសវៀតណាម ក្នុងគោលដៅដឹកទៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចស្រុកពាមរក៍បានប្រាប់ឱ្យដឹងថា មូលហេតុដែលរថយន្តនេះឡើងស្ពានមិនរួច តែប្រឹងរោទ៍ឡើងរហូតដល់ដាច់កាឡេនេះ គឺដោយសារតែរថយន្តផ្ទុកទម្ងន់ច្រើនពេកលើសកម្លាំងមា៉សីុនជាហេតុនាំឱ្យរថយន្តដាច់កាឡេក៏រអិលថយក្រោយវិញ ពេលនោះព្រូឡានបានលោតចុះយកកំណល់មកកល់កង់រថយន្ត តែដោយសាររងសម្ពាធធ្ងន់ពេកធ្វើឱ្យដុំកំណល់នោះផុងលិចចូលទៅក្នុងកៅស៊ូក្រាលស្ពានគាស់របើកកៅស៊ូអស់១ផ្ទាំងធំ ។ ភ្លាមៗនោះខាងក្រុមអ្នកមើលថែស្ពានបានមកពិនិត្យ និងបានហៅ ម្ចាស់រថយន្តទៅជួបតម្រូវឱ្យជួសជុលអ៊ុតកៅស៊ូនោះឡើងវិញ ។

គួរបញ្ជាក់ផងដែរថា ស្ពានត្សឹបាសា គឺជាស្ពានដ៏ស្រស់ស្អាតនិងរឹងមាំល្អដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជាដែលបានទទួលពីប្រជាជនជប៉ុន និងជាស្ពានដែលល្អដាច់គេនៅប្រទេសកម្ពុជា ។ ប្រជាពលរដ្ឋបានលើកឡើងថា ទោះបីជាស្ពាននេះរឹងមាំយ៉ាងណាក៏ដោយលទ្ធភាពទ្រទម្ងន់របស់វាក៏នៅមានដែនកំណត់ដែរ ដូច្នេះបើសិនជាគេបណ្តោយឱ្យរថយន្តធ្ងន់ៗបើកឆ្លងកាត់ម៉ាសេរីដូចសព្វថ្ងៃនេះ មិនយូរមិនឆាប់វាក៏អាចមានបញ្ហាផងដែរ។

ដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋសំណូមពរឱ្យក្រសួងសាធារណការជួយចាត់វិធានការដាក់ស្លាកសញ្ញាកំណត់ទម្ងន់នៅគល់ស្ពាននេះផង ដើម្បីថែរក្សាស្ពាននេះឱ្យនៅគង់វង្សបានយូរអង្វែង ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ការដឹកជញ្ជូនដោយរថយន្តធុនធ្ងន់បច្ចុប្បន្នគឺជាការដឹកដោយគ្មានការទទួលខុសត្រូវណាមួយនោះទេ ទាក់ទងដល់ការខូចផ្លូវ ឬស្រុតស្ពាន ។ ក្រុមមន្ត្រីបានឱ្យដឹងថា តាមបណ្តោយផ្លូវជាតិលេខ១ចាប់ពីច្រកទ្វារអន្តរជាតិបាវិតមកដល់ស្ពានត្សឹបាសានេះ មានកន្លែងថ្លឹងរថយន្តនៅជីភូក្នុងខេត្តស្វាយរៀង តែរថយន្តដឹកលើសចំណុះរហូតឡើងស្ពានមិនរួចនេះមិនបានដឹកចេញពីច្រកទ្វារបាវិតនោះទេ តែដឹកចេញពីច្រកទ្វារបន្ទាយចក្រី ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ហើយក៏គ្មានទីតាំងថ្លឹងរថយន្តដែរ រហូតឆ្លងស្ពានមកត្រើយខាងលិចទើបមានទីតាំងថ្លឹងរថយន្តមួយកន្លែងក្នុងស្រុកលើកដែក ខេត្តកណ្តាល តែមិនច្បាស់នោះទេថា ប្រសិនបើរថយន្តយីឌុបនេះឆ្លងស្ពានដោយសុវត្ថិភាពនោះហើយ អាចឆ្លងផុតពីកន្លែងថ្លឹងរថយន្តនេះឬបែបណាទេ ។

មតិមហាជនមួយចំនួនដោយសារតែមានការបារម្ភពីស្ពានដ៏ស្រស់ល្អនេះ អ្នកខ្លះនិយាយថា តើគប្បីឱ្យរថយន្តធុនធ្ងន់ដឹកជញ្ជូនឆ្លងកាត់ស្ពានបែបនេះរហូតទៅឬ ? យកល្អគួរតែឱ្យរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តកុងតឺន័រធំៗឆ្លងសាឡាងវិញទៅក៏ល្អដែរ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]