(ភ្នំពេញ)៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាម បានបាចសាចឡើងជុំវិញការ​ចោទប្រកាន់ថា ម្ដាយរបស់តារាសម្ដែង សារ៉ាយ សក្ខណា គឺអ្នកស្រី សម្ផស្ស ក្លាយជាម៉ែយ៉ែម ជួយដឹក​នាំ​ពាំយួរឲ្យ នាង សូរ អេណា ទាក់ទងប្ដីគេ ហើយត្រូវបានល្បីសុះសាយពេញ ពិភពសិល្បៈរួចមក តារាសម្ដែង សារ៉ាយ សក្ខណា និងម្ដាយរបស់នាង បានកើតទុក មិនសុខចិត្ត ដេកមិនលក់បក់មិនល្ហើយ បញ្ចេញនូវសារឈឺចាប់ តាមបណ្ដាញសង្គម ដើម្បីឲ្យធូរទ្រូងខ្លះ ប៉ុន្តែតាមរយៈសារនោះ សារ៉ាយ សក្ខណា បានសង្កត់ធ្ងន់ថា «ទេវតាពិតជាមានភ្នែក (ព្រះនេត្រទិព្វ) នរណាធ្វើរឿងអ្វីខ្លះដាក់គ្រួសារនាង សូមទទួលយករឿងហ្នឹងចុះ..!»

រឿងរ៉ាវផ្ទុះឡើង ជុំវិញការហែកហួរដណ្ដើមប្ដីគេ ពីសំណាក់នាង សូរ អេណា មិនទាន់បានបញ្ចប់នៅឡើយ ព្រោះសាច់រឿងបានរាលដាល​​ ដូចភ្លើងឆេះ​ជើងជញ្ជ្រាំងស្រូ​វ​ក្នុងខែប្រាំង ​រហូតរលាកដល់ម្តាយអ្នកនាង សារាយ សក្ខណា គឺលោកស្រី សម្ផស្ស ដែលបានក្លាយជាជនរងគ្រោះជាប់ឈ្មោះអាស្រូវថា ជា ម៉ែយ៉ែម ដឹកញីបន្ស៊ីឈ្មោល ខណៈដែលលោកស្រី ពេលកំពុងតែធ្វើដំណើរកំសាន្ត នៅលើទ្វីបអ៉ឺរ៉ុប និង​ទៅការក្មួយ​នៅទីនោះ។

តារាសិល្បៈស្រីល្បីៗជាច្រើននាក់ ដែលស្គាល់​លោកស្រី សម្ផស្ស នាំគ្នានិយាយការពារ លោកស្រីថា អ្នកស្រី សម្ផស្ស មិនមែនជាក្រុមម៉ែយ៉ែម​នោះទេ ពោលលោកស្រីរកស៊ី ​សុចរឹតណាស់ គឺរបរបើកហាងអាហារ សាច់អាំង នៅទួលគោក ហើយអ្នកស្រីជួយតារាសិល្បៈផ្សេងៗ​ច្រើនណាស់ និងជាមនុស្សចាស់ម្នាក់ គួរឲ្យគោរពរ ក្នុងសិល្បៈ​ផងដែរ ។

តារាសម្ដែង នៅតែមានទីផ្សារខ្ពស់ អ្នកនាង សារ៉ាយ សក្ខណា មិនបាននិយាយអ្វីច្រើនទេ ក្នុងរឿងនេះ ប៉ុន្តែគេសង្កេតឃើញថា ​នាង ទៅវត្តហើយចូលបន់ស្រន់ក្នុងវិហារមួយ ហើយបាននិយាយថា «អំពើល្អដែល ខ្ញុំនិងម៉ាក់ខ្ញុំបានសាង សូមជួយថែរក្សាក្រុមគ្រួសារខ្ញុំ ហើយអ្នកដែលបង្ខូចឈ្មោះគ្រួសារខ្ញុំ សូមឲ្យអ្នកទទួលអ្វីដែលអ្នកបានធ្វើចុះ ទេវតាមានភ្នែក. ។ ហើយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ដែលបានជឿជាក់ និងផ្ដល់កំលាំងចិត្ត សូមឲ្យទេវតា​តាមថែរក្សា​អ្នកទាំងអស់!»

ទស្សនិកជនជាច្រើន នៅតែបន្តស្ដីបន្ទោស និង​និយាយដៀមដាម​ថា មានចៅស្រី មានកូនស្រី អ្នកស្រីសម្ផស្ស ប្រយ័ត្ន​មានកម្មពារ ​ព្រមទាំងពាក្យនិន្ទា​ជាច្រើនទៀ​ត។ ប៉ុន្តែ បើក្រឡេកមើលពីធាតុ​ពិតជាក់ស្ដែង បើសិនជា សារ៉ាយ សក្ខណា ជាមនុស្សមិនល្អ មានម្ដាយដឹកញីបន្ស៊ីឈ្មោលមែន នាងមិនអាចមានស្វាមីត្រឹមត្រូវ និងរៀបការយ៉ាងពេញ​មុខពេញ​មាត់បែបនេះនោះទេ ព្រោះតារាស្រីខ្លះ ប្រកបរបរមិនត្រឹមត្រូវ មិនមានស្វាមីត្រឹមត្រូវទេ ហើយក៏បន្សាត់ខ្លួនយ៉ាងឆ្ងាយ ពីសិល្បៈហើយបាត់មុខជារៀងរហូត ក៏មានដែរ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា តារាសម្ដែងស្រីបីដួង ចេញមុខអះអាងថា ម្ដាយសារ៉ាយ សក្កណា ជាមនុស្សល្អមិនមែនជាម៉ែយ៉ែម។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់តារាសម្តែង និងជាតារាម៉ូឌែល កញ្ញា សូរ្យ អេណា ដែលជាប់ពាក់ព័ន្ធនឹងរឿងយកប្ដីគេ ត្រូវបានផ្ទុះពេញបណ្ដាញសង្គម ហ្វេសប៊ុក ខណៈដែលម្ដាយ សារ៉ាយ សក្កណា ក៏ត្រូវបានចោទប្រកាន់ថា ជាម៉ែយ៉ែមបន្ថែមទៀត។

ក្រោយពីរឿងទាំងនេះ ត្រូវបានផ្សព្វផ្សាយ និងចែកចាយជាបន្ដបន្ទាប់ ក៏មានតារាសម្ដែងស្រី៣រូប ចេញមុខការពារថាម្ដាយសារ៉ាយ សក្កណា​ មិនមែនជាមនុស្សដូច្នោះនោះទេ គឺជាមនុស្សល្អ។ នៅក្នុងនោះ តារាសម្ដែងស្រីធ្មេញជំពឹស នៅ សូនីតា បានធ្វើការឆ្លើយតបទៅនឹងព័ត៌មានខាងលើ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាងថា << គាត់ជាមនុស្ស ដែលតែងតែជួយយកអាសារមនុស្សគ្រប់គ្នា ឈប់បានឈប់ទៅ គាត់ក៏ជាអ្នកមានគុណមកលើខ្ញុំមួយរូបដែរ>> រីឯកញ្ញា ឌុច លីដា ដែលជាតារាសម្ដែងលេចធ្លោមួយរូបដែរនោះ បានលើកឡើងយ៉ាងខ្លីថា <<ចោតខុសហើយបិុ>>។ ទន្ទឹមនឹងនេះដែរ កញ្ញា សោភណ្ឌ លីនដា បានសំណូមពរឲ្យអ្នកសារព័ត៌មាន សើុបឲ្យច្បាស់មុននឹងសរសេរ។

ទោះជាយ៉ាងណា មកទល់ពេលនេះ មិនទាន់មានការបកស្រាយណាមួយ ពីសាមីខ្លួន កញ្ញា សូរ្យ អេណា និងអ្នកម្ដាយ សារ៉ាយ សក្កណា ថាតើរឿងនេះទៅជាយ៉ាងណាវិញ ទើបបណ្ដាលឲ្យមានរឿងនេះផ្ទុះឡើងនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]