(ត្បូងឃ្មុំ)៖ បន្ទាប់ពីមន្រ្ដីការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង នៃសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានពីប្រទេសវៀតណាមមកថា នឹងមានមុខទំនិញទូរស័ព្ទប្រភេទ Smart Phone បំរុងលួចនាំចូលមកកម្ពុជា ដោយគេចកាតព្វកិច្ចពន្ធ និងអាករ នៅវេលាត្រង់ថ្ងៃទី៣០ ខែកក្កដា ២០១៦។

ក្រោយពីទទួលបានដំណឺងនេះភ្លាម កំលាំងសមត្ថកិច្ចគយប្រចាំ នៅច្រកអន្តរជាតិត្រពាំងផ្លុង បានចាត់ឲ្យមន្រី្ដគយ នៅប្រចាំការឃ្លាំមើលដើម្បីចាប់ឃាត់ ទំនិញខាងលើ។ លុះប្រហែលជាម៉ោង១២ថ្ងៃដដែល ទើបឃើញមានអ្នកដំណើរជនជាតិវៀតណាម០២នាក់ស្ពៀយការុង មកឈប់នៅតំបន់ប៉ារាស់ខាងកម្ពុជា (ព្រំប្រទល់កម្ពុជា-វៀតណាម) ពេលនោះមន្រ្ដីគយមានការសង្ស័យទើប ហៅមកសាកសួរព័ត៌មាន និងធ្វើការឆែកឆេរ ជាលទ្ធផលសមត្ថកិច្ចគយ បានត្រួតពិនិត្យឃើញមានទូរស័ព្ទ iPhone 6plus = ៧២គ្រឿង ដែលពុំមានឯកសារបង់ពន្ធ និងអាករឡើយ។

បន្ទាប់មកសមត្ថកិច្ចគយ បានកសាងកំណត់ហេតុល្មើសគយ ដើម្បីឲ្យម្ចាស់ទំនិញបង់ពន្ធ អាករ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មានទូរស័ព្ទស្មាតហ្វូនទំនើបៗអត់បង់ពន្ធ ជាង ៤.០០០គ្រឿង ត្រូវបានកម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអំពើគេចពន្ធ សហការជាមួយកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយព្រះរាជអាជ្ញារងរាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ ចុះទៅដកហូតទាមទារ ឲ្យម្ចាស់ទៅបំពេញ នីតិវិធី និងបង់ពន្ធ ឡើងវិញ។ តម្លៃពន្ធលើទូរស័ព្ទ ដែលមិនបង់ពន្ធនេះ មានរហូត៤០-៥០ម៉ឺនដុល្លារអាម៉េរិក។ ទូរស័ព្ទមិនបង់ពន្ធទាំងនេះ ត្រូវរឹបអូសពីហាងលក់ទូរស័ព្ទ «នីកា» និង «New Phone» ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

យោងតាមមន្រ្តីគយ ដែលបានចុះទៅចាប់ទូរស័ព្ទអត់បង់ពន្ធកាលពីទី២៨ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា ទំនិញទូរស័ព្ទអត់បង់ពន្ធជាង ៤.០០០គ្រឿងនេះ មានជាប្រភេទរបស់ចិន ជាង ២.០០០គ្រឿង និង ជាង២.០០០គ្រឿងទៀត ជាប្រភេទ iPhone, Samsung, iPad...។ល។

មន្រ្តីគយចល័តបានបញ្ជាក់ថា ទូរស័ព្ទ ដែលអត់បង់ពន្ធនេះ មានតម្លៃត្រូវបង់ពន្ធ រហូតដល់ ៤០-៥០ម៉ឺនដុល្លារ។ មន្រ្តីគយដដែលនេះ បានបន្តថា កម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេចពន្ធ នឹងបន្តចុះបើកប្រតិបត្តិការត្រួតពិនិត្យ រាល់ទំនិញទាំងឡាយណាដែលគេចពន្ធ ឲ្យដូចភ្លៀងរលឹម និងជាប្រចាំ។

នាយកដ្ឋានគយ និងរដ្ឋាករ ក៏បានអំពាវនាវដល់ម្ចាស់យានយន្ត, ម៉ូតូ និងទំនិញទាំងឡាយណា ដែលមិនបានបំពេញ កាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ រួសរាន់ទៅបង់ពន្ធ ជៀសវាងប្រឈមនឹងការចាប់ និង ផាកពិន័យ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]