ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។ សូម្បីតែ ស្លឹករបស់វា ក៏ត្រូវបានគេកែច្នៃ យកទៅប្រើប្រាស់ ជារូបភាពលើជញ្ជាំង និងពិដានផងដែរ។

# អាហាររូបត្ថម្ភ ដែលមានក្នុងផ្លែម្នាស់

ផ្លែម្នាស់ គឺជាឃ្លាំង នៃអត្ថប្រយោជន៍សុខភាព ដោយសារតែវាពោរពេញ ទៅដោយសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ រួមទាំង សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់កាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនC វីតាមីនB6 ក៏ដូចជា ជាតិសរសៃរលាយ និងមិនរលាយផ្សេងទៀត។ 

# អត្ថប្រយោជន៍សម្រាប់សុខភាព របស់ផ្លែម្នាស់

១. កាត់បន្ថយបញ្ហារលាកសន្លាក់

ម្នាស់ ត្រូវបានគេប្រើប្រាស់ជាប្រចាំ សម្រាប់កាត់បន្ថយបញ្ហារលាកសន្លាក់ និងសាច់ដុំ ជាពិសេស អ្នកដែលឧស្សាហ៍ រងបញ្ហារលាកសន្លាក់ញឹកញាប់។ នេះជាជំងឺ ដែលមានមនុស្សរាប់លានអ្នកជុំវិញពិភពលោក ជួបប្រទះ។ ផ្លែម្នាស់ មានផ្ទុកអង់ស៊ីម proteolytic (ឬ bromelain) ដែលជាសារធាតុកម្រ និងមានសម្ថភាពអាចបំបែក ជាតិប្រតេអ៊ីនស៊ាំញ៉ាំ និងការពារការរលាក នៅក្នុងរាងកាយបានផងដែរ។

២. ជួយសុខភាពជាលិកា និងកោសិកា

អត្ថប្រយោជន៍ ដែលគេតែងតែមើលរំលង គឺវីតាមីន C ដែលមានក្នុងផ្លែម្នាស់ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ បង្កើតជាតិកូឡាជែន (collagen)។ ជាតិ collagen នេះគឺជាវីតាមីនដ៏មានសារៈសំខាន់ របស់សរសៃឈាម ស្បែក សរីរាង្គ និងឆ្អឹង។ កម្រិតជាតិវីតាមីន C ខ្ពស់ អាចជួយឲ្យរបួស ឆាប់ជាសះស្បើយ និងងាយការពារ ការឆ្លងមេរោគ និងជំងឺផ្សេងៗបានច្រើនទៀតផង។

៣. បង្ការជំងឺមហារីក

វីតាមីន C ប្រឆាំងអុកស៊ីតកម្ម ដែលមានក្នុងផ្លែម្នាស់ ជួយប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក។ ម្នាស់ សម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ រួមមាន វីតាមីនA  បេតាការូទីន  Bromelain និងកម្រិតជាតិម៉ង់កាណែសខ្ពស់ ដែលអាចការពារជំងឺមហារីកផ្សេងៗ បានជាច្រើនប្រភេទ។ ផ្លែម្នាស់ ត្រូវបានគេទទួលស្គាល់ថា អាចជួយការពារ ជំងឺមហារីក មាត់ បំពង់ក និងសុដន់បាន។

៤. ជួយដល់ការរំលាយអាហារ

ម្នាស់ក៏ដូចជា ផ្លែឈើដទៃទៀតដែរ ដែលសម្បូរទៅដោយ ជាតិសរសៃ តែចំនុចពិសេសគឺ វាមានទាំងជាតិសរសៃដែលរលាយ និងមិនរលាយ។ នេះមានន័យថា ការទទួលទានផ្លែម្នាស់ អាចការពារអ្នកពីបញ្ហាសុខភាពជាច្រើន រួមមាន ការទល់លាមក រាគ រលាកពោះវៀន ស្ទះសរសៃឈាម ឈាមកក និងបញ្ហាសម្ពាធឈាមខ្ពស់។

៥. ព្យាបាលក្អក និងផ្តាសាយ

វីតាមីន C របស់ផ្លែម្នាស់ ជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ។ ក្នុងនោះដែរ អង់ហ្ស៊ីមពិសេសឈ្មោះ Bromelain ក៏ជួយកាត់បន្ថយស្លេស និងសំបោរ ដែលមានក្នុងបំពង់ក និងឆ្អឹងច្រមុះផងដែរ។ វាជួយការពារអ្នកពីជំងឺ ដែលធ្វើឲ្យអ្នកឡើងស្លេស និងសំបោរ ក៏ដូចជា ជួយកម្ចាត់ពួកវាចោល នៅពេលដែលអ្នកកំពុងតែឈឺ ឲ្យជាសះស្បើយឆាប់រហ័ស ទៀតផង។

៦. ជួយដល់សុខភាពឆ្អឹង

ទោះបីជា ផ្លែម្នាស់ មិនសម្បូរជាតិកាល់ស្យូម ដែលជាសារធាតុធ្វើឲ្យឆ្អឹងមានភាពរឹងមាំក៏ពិតមែន ប៉ុន្តែវាមាន សារធាតុម៉ង់កាណែសច្រើន ដែលជាសារធាតុរ៉ែ ដ៏សំខាន់មួយទៀត ជួយឲ្យឆ្អឹងមានភាពរឹងមាំបានដូចគ្នា។ ជាងនេះទៅទៀត វាជួយឲ្យឆ្អឹងលូតលាស់ និងប៉ះប៉ូវវិញបានទៀតផង។ 

៧. រក្សាសុខភាពមាត់

ជាមួយនឹង សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកមាត់នោះ ម្នាស់ក៏ជួយពង្រឹងអញ្ចាញធ្មេញ មិនងាយធ្វើឲ្យធ្មេញបាក់។ ផ្លែម្នាស់ មានសមត្ថភាពដ៏អស្ចារ្យនិងត្រូវបានគេចាត់ទុកថា ជាឱសថធម្មជាតិ ជួសជុលធ្មេញ ដែលរង្គើ និងបញ្ហាអញ្ចាញធ្មេញមិនរឹងមាំ។

៨. ជួយសុខភាពភ្នែក

ចក្ខុ គឺជាញាណ ដែលសំខាន់ជាងគេបំផុតសម្រាប់មនុស្ស។ ផ្លែម្នាស់ អាចជួយដល់សុខភាពភ្នែក និងការពារភាពចុះខ្សោយនៃភ្នែក តាមអាយុទៀតផង។ មនុស្សដែលមានវ័យចំណាស់ ច្រើនតែជួបបញ្ហា មើលមិនច្បាស់ ហេតុនេះ សារធាតុ Beta carotene នៅក្នុងម្នាស់អាចជួយពន្យាបញ្ហាភ្នែកមើលមិនច្បាស់នេះបាន។ ចាប់ផ្តើមឧស្សាហ៍ទទួលទានម្នាស់ ពីថ្ងៃនេះតទៅ! នោះអ្នកនឹងមិនចាំបាច់បារម្ភ បញ្ហាភ្នែក នៅពេលចាស់ទៅឡើយ។

៩. ជួយចលនាឈាម និងបញ្ហាសម្ពាធឈាម

ជាតិប៉ូតាស្យូម និងជាតិរ៉ែផ្សេងៗ នៅក្នុងផ្លែម្នាស់ ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យចលនាឈាមរត់បានប្រក្រតី។ វាជួយការពារ ការស្ទះ និងការកកឈាម។ ជាងនេះទៅទៀត សារធាតុទង់ដែង របស់ម្នាស់ជួយធ្វើឲ្យកោសិកាឈាមក្រហម មានសុខភាពល្អ ដែលបណ្តាលឲ្យកើនឡើងនូវអុកស៊ីសែន និងដំណើរការបានប្រក្រតី ដល់ប្រព័ន្ធសរីរាង្គដទៃទៀត។

១០. ការពារការជ្រុះសក់ និងធ្វើឲ្យក្រចកមិនងាយបាក់

អ្នកអាចធ្វើឲ្យក្រចក និងសក់របស់អ្នកស្រស់ស្អាតបានដោយ កិនយកទឹករបស់ម្នាស់ ១ ស្លាបព្រាបាយ ស៊ុតក្រហម ១ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ និងប្រេងក្រូចឆ្មារ ២ ដំណក់ លាយចូលគ្នា រួចយកមកលាបលើក្រចក និងគល់សក់របស់អ្នក។ អ្នកអាចប្រើ ញឹកញាប់តាមចំនូលចិត្ត ដើម្បីឲ្យ ក្រចកស្រស់ស្អាត និងមិនមានបញ្ហាសក់ជ្រុះ។

១១. ជួយថែរក្សាស្បែក

អ្នកអាចលាបទឹកម្នាស់ នៅលើផ្ទៃមុខ ទុករយៈពេល ១០ នាទី រួចលាងសម្អាតចេញ។ អ្នកក៏អាចចិត ម្នាស់ស្រស់ជាចំនិតៗ មកបិទលើស្បែក ដើម្បីកម្ចាត់ស្បែកចាស់ៗ នឹងសម្រួលចលនាឈាមរត់លើផ្ទៃមុខផងដែរ។ ជាងនេះទៅទៀតអ្នកអាចយក ចំនិតម្នាស់ ទៅដុសកែងជើងក្រិនបានទៀតផង ដើម្បីជួយបន្ទន់ស្បែក និងកម្ចាត់ស្បែកចាស់ៗ ក៏ដូចជាការពារមិនឲ្យប្រេះកែងជើង ផងដែរ។

# បញ្ហាដែលអាចកើតមានពី ការទទួលទានម្នាស់

ដោយសារតែជាតិ Bromelain របស់ម្នាស់ ជាអង់ហ្ស៊ីម ដែលអាចបំបែកអាហាររឹងៗបាន ហេតុនេះ ប្រសិនបើអ្នកទទួលទានម្នាស់ច្រើនពេក អ្នកអាចបបូរមាត់ អញ្ចាញ និងអណ្តាត រងការស្ពឹក ឬស្កាត ជាមិនខាន។ Bromelain និងវីតាមីន C មិនអាចទទួលទានលើសកំណត់បានទេ។ ដូច្នេះ បើនៅតែបន្តទទួលទាន លើសកំណត់នោះ អ្នកអាចនឹងក្អួត រាគ និងឈឺក្បាល មិនខាន។ ដូចគ្នានេះផងដែរ សារធាតុ Bromelain ជំនួយដល់ការមករដូវ ហេតុនេះស្ត្រីដែលមានផ្ទៃពោះ ត្រូវចៀសវាងទទួលទានម្នាស់ច្រើនពេក។ ក្នុងករណីកម្រខ្លះ អាចធ្វើឲ្យរលូតកូនទៀតផង៕ 

ប្រភព៖ Organic Facts | Lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]