កំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីជនរងគ្រោះប្តឹងថាបានលួចយកកាបូបលុយក្នុងរថយន្ត រួចតាមស្វែងរកតាមប្រព័ន្ធ GPS ដែលភ្ជាប់នៅនឹងទូរស័ព្ទ នៅម៉ោងប្រមាណ០៩៖០៥នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចមុខវិទ្យាល័យព្រះបាទសុរាម្រឹតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។ 

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ ភិរម្យ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BN-7735 បានធ្វើសកម្មភាពបើកទ្វារថយន្តរបស់ជនរងគ្រោះ លួចយកកាបូបយួដៃ ខណៈដែលជនរងគ្រោះកំពុងឈប់រថយន្តនៅកន្លែងហាងបោកអ៊ុតខោអាវ ដែលមិនបានចាក់សោរទ្វារថយន្ត។

មន្រ្តីនគរបាល បានបន្តទៀតថា ភ្លាមៗនោះដែរម្ចាស់រថយន្ត ក៏បានក្រឡេកមើលឃើញទាន់ហើយស្រែកឆោឡោ រីឯជនសង្ស័យពេលធ្វើសកម្មភាពបានសំរេចរួច ក៏បានជិះម៉ូតូរត់គេចបាត់ ដោយយកបានសម្ភារៈមួយចំនួនក្នុងកាបូប រួមមាន លុយដុល្លារចំនួន ៣០០០ដុល្លារ, លុយខ្មែរ ៣លានរៀល, ទូរស័ព្ទម៉ាក Samsung ០១គ្រឿង និងIpad 01គ្រឿង រួមនឹងឯកសារមួយចំនួន។

ក្រោយកើតហេតុ ជនរងគ្រោះ ឈ្មោះ សាំង ពិសី ភេទស្រី អាយុ២៦ឆ្នាំ ដែលមានទីលំនៅភូមិមិត្តភាព សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ បានមករាយការណ៍នៅប៉ុស្តិ៍កំពង់ឆ្នាំង ដោយប្រាប់ថា ទូរស័ព្ទខ្លួនដែលចោរបានលួចយកទៅនោះ មានភ្ជាប់ប្រព័ន្ធ (G.P.S) ជនរងគ្រោះបានចុចទៅទូរស័ព្ទដៃរបស់ខ្លួន រួចប្រព័ន្ធ GPS ក៏បង្ហាញសញ្ញា(ក្នុងទូរស័ព្ទ) រួចក៏បើកថយន្តតាមពីក្រោយជនសង្ស័យ ក៏ទាន់នៅចំណុចស្រុកត្រាំកក់ ខេត្តតាកែវ ហើយក៏បានប្តឹងនគរបាលស្រុកត្រាំកក់ចាប់បានតែម្តង។

ក្នុងនោះសម្ភារៈដែលបានទទួលពីនគរបាលស្រុកត្រាំកក់រួមមាន លុយដុល្លារ១១២០ដុល្លារ, លុយខ្មែរ ២០.៧០០០០រៀល, ទូរស័ព្ទ ០១គ្រឿង ម៉ាក Samsung, Ipad ០១គ្រឿង និងកងដៃចំនួន០៦ មានតម្លៃ៦០០ដុល្លារ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​បាញ់​គ្រាប់កង់​១​ដើម ព្រោះ​ខឹង​ខ្ចី​លុយ​ពី​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា មិន​បាន​មាន​កំហឹង​ក្នុង​ខ្លួន ហើយ​ឆ្លៀតពេល​ដែល បុរស​នោះ​ចូល​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព លួច​ទូរស័ព្ទ​ដៃ​១​គ្រឿង ហើយ​បាន​គេចខ្លួន​បាត់​។

លុះ​បាន​២​ថ្ងៃ​ក្រោយមក ត្រូវ​ម្ចាស់​ប្រទះ​ឃើញ មិន​មាន​បំណង​ប្ដឹង​នគរបាល​ទេ ព្រោះ​យល់​ថា​ជា​អ្នក​រស់នៅ​ក្នុង​ស្រុកភូមិ​ជាមួយ​គ្នា ជន​រង​គ្រោះ​គ្រាន់តែ​សួរនាំ​ជន​នោះ​ដើម្បី​សុំ​យក​ទូរស័ព្ទ​មក​វិញ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ជន​នោះ​បាន​ឆ្លើយ​យ៉ាង​ខែង​ថា អញ​លួច​មែន តើ​ឯង​ចង់​ធ្វើ​អី​អញ បើ​ឯង​ខ្លាំង អញចង់​លួច​ទាំង​ម៉ូតូ​ឯង​ទៀត​ក៏​បាន​ដែរ​។ ដោយសារ​តែ​ពាក្យ​សម្ដី​គំរាម​លួច​មិន​ឈប់​បែប​នេះ​ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ប្ដឹង ឲ្យ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​ឃាត់ខ្លួន​។

ព្រមទាំង​ដកហូត​បាន​កាំភ្លើងខ្លី បាញ់​គ្រាប់កង់​១​ដើម​នោះ​ផង​ដែរ កាំភ្លើង​នោះ​ជា​កាំភ្លើង​ដែក មិនមែន​ជ័រ​ទេ​មាន​ទម្ងន់​ស្មើនឹង​កាំភ្លើង​ម៉ាក​កា​៥៩​ដែរ ចំណែក​ទូរស័ព្ទ​បាត់​រក​មិនឃើញ​ឡើយ សង្ស័យ​ជន​នោះ​លក់​បាត់​ហើយ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ ៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ទល់មុខ​រោងចក្រ​កាត់ដេរ​៦​ជាន់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ អានអត្ថបទពេញ៖ ខឹង​ខ្ចី​លុយ​គេ​មិន​បាន គុំ​លួច​របស់របរ​គេ​វិញ  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]