(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចយុវជនអូស្រ្តាលី បានគ្រងតំណែងជើងឯក ពានយុវជនអាស៊ាន AFF U-16 Youth 2016 នៅទឹកកម្ពុជា ក្រោយយកឈ្នះ U-16 វៀតណាម ដោយបាល់ប៉េណាល់ទី​កាត់សេចក្តី ៥-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រមុននេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងជំនួបដ៏ស្វិតស្វាញនារាត្រីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ វៀតណាមបានធ្វើការនាំមុខ ១-០ នៅនាទីទី៣៥ និងគ្រាប់ទី២ នៅនាទីទី៥៥ មុនពេលដែលអូស្រ្តាលី ទាត់បាល់ពិន័យប៉េណាល់ទី​បានគ្រាប់វិញនៅនាទីទី៥៧។

តែយ៉ាងណាក៏ដោយ វៀតណាមបន្ថែមគ្រាប់ទី៣ ទៀតនៅនាទីទី៧៧ តែត្រូវបានអូស្រ្តាលី តាមស្មើវិញនៅនាទីទី៨២ និងនាទីទី៩០+៤ ដោយពុំមានការបន្ថែមម៉ោង ១៥នាទី ២ដងឡើយ សម្រេចទាត់បាល់ប៉េណាល់ទីយកតែម្តង ដោយអូស្រ្តាលី ធ្វើសម្រេចបាន ៥គ្រាប់ ខណះដែលវៀតណាម ធ្វើបានតែ ៣គ្រាប់ប៉ុណ្ណោះ ដូចលទ្ធផលទម្លាក់ U-16 ថៃក្នុងវគ្គ៤ក្រុមផងដែរ។

រាប់ទាំងលើកនេះទៀត U-16 អូស្រ្តាលី បានឈ្នះពានជើកឯក AFF U-16 Youth បាន២លើកហើយក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៦ និងបានសងសឹកវៀតណាម បានសម្រេចផងដែរ ក្រោយធ្លាប់ចាញ់ ៣-០ កាលពីប្រកួតសន្សំពិន្ទុក្នុងពូល A ដោយមាន U-16 ជាប់លេខ៣ និងម្ចាស់ផ្ទះកម្ពុជា ជាប់លេខ៤ ដែលចាប់ផ្តើមការប្រកួតពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានស្តាតចាស់ និងស្តាតអូឡាំពិក៕

ប្រភព៖ FreshNews

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមយុវជន U-16 ថៃ ដើម្បីដណ្តើម ចំណាត់ថ្នាក់លេខ៣ នារសៀលម៉ោង ៣៖៣០នាទីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍ពានរង្វាន់ យុវជនអាស៊ីអាគ្នេយ៍ AFF U-16 Youth Championship 2016 នៅទឹកដីកម្ពុជា។

នេះជាការប្រកួតរវាងក្រុមដែលជ្រុះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដោយ U-16 របស់ម្ចាស់ផ្ទះកម្ពុជា បានចាញ់ U-16 វៀតណាម ១-០ ទាំងប្រផិតប្រផើយ ក្រោយពេលក្រុមការពារ តំណែងជើងឯក U-16 ថៃ បានចាញ់ U-16 អូស្រ្តាលី ដោយបាល់ប៉េណាល់ទី ៥-៣ កាត់សេចក្តី បន្ទាប់ពីប្រកួតពេញម៉ោងស្មើលទ្ធផល ៣-៣ ដោយពុំមានបន្ថែម ម៉ោង ១៥នាទី២ដងឡើយកាលពីថ្ងៃទី២១ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា។

ពិតជាស្វិតស្វាញខ្លាំងឡើងថែមទៀត ត្បិតក្រុមគោព្រៃជំទង់កម្ពុជា ធ្លាប់ចាញ់ U-16 ថៃ ៦-០ កាលពីប្រកួតសន្សំពិន្ទុ ក្នុងពូល B ដែលជាការបរាជ័យលើកដំបូង ក្នុងចំណោមលេង៤ប្រកួត ឈ្នះ៣ មិនដែលស្មើនៃយុទ្ធនាការ AFF U-16 Youth 2016 នេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]