រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​២​ក្រុម មាន​គ្នា​ប្រមាណ​ជា​ជិត​១០​នាក់ ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ និង​ដុំ​ថ្ម​គ្រប់​ដៃ បាន​ជិះ​រថយន្ត និង​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​ តាម​ដងផ្លូវ​យ៉ាង​សាហាវ ហើយ​រថយន្ត​បើក​បំ​បុក​ កិន​ពីលើ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ ជាប់​នៅ​ខាងក្រោម បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ ខណ្ឌចំការមន ចុះ​មក​ធ្វើការ​ដោះស្រាយ បែរ​ទៅ​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ ។

ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​ ០៥ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​២៩៤ កែង​ផ្លូវ​លេខ ២១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​ ប្រជាពលរដ្ឋ​ម្នាក់​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​គឺ​ម៉ាក​កាម​រី​បា​ឡែ​ន បិទ​ស្កុ​ត​ពណ៌​.​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AK-៤២២១ បើកបរ​ដោយ​យុវជន​មិន ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។ ចំណែក​ម៉ូតូ​រង​គ្រោះ ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១BC-៣៣៨៩ ជិះ​គ្នា​៣​នាក់ ។

មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ខាងលើ ដោយ​មាន​ម៉ូតូ​ជា​បក្សពួក​ចំនួន​២​គ្រឿង​ទៀត ប្រដាប់​ដោយ​ខ្សែ

ក្រវាត់​ក្នុង​ដៃ និង​មាន​គ្នា​ពី​៥ ទៅ​៦​នាក់​ជិះ​ប្រដេញ​ម៉ូតូ​ម៉ាក​វ៉េវ របស់​ក្រុម​យុវជន​មួយ​ក្រុម​ទៀត ដែល​មាន​ជិះ​គ្នា​៣​នាក់ ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​មួយ​ដើម​ផង ដោយ​មាន​សំឡេង​ស្រែក​ខ្លាំង​ៗ ។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ ដោយ​ភាព​ស្លន់ស្លោ ម៉ូតូ​របស់​ក្រុម​យុវជន​ទាំង​៣​នាក់​នោះ ក៏​ជ្រុល​ចង្កូត​ទៅ​ប៉ះ​ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ មួយ​គ្រឿង​បណ្តាល​ឱ្យ​ដួល ស្រប​ពេល​នោះ រថយន្ត​របស់​គូប​ដិ​បក្ស​របស់​ខ្លួន​បើក​មក​ទាន់ បំ​បុក​និង​កិន​ពីលើ​ ជាប់​ខាងក្រោម​តែ​ម្តង ។ ហើយ​ពួក​គេ​ក៏​បើក​ឆាកប្រយុទ្ធ​គ្នា​ប្រាវ និង​បណ្តាល​ឱ្យរ​ថយ​ន្ត​ បែក​កញ្ចក់​មុខ​-​ក្រោយ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ពួក​គេ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​ចោល​បាត់​អស់ តែ​មិន​បណ្តាល​ឱ្យ​មាន​ភាគី​ ណា​ម្នាក់​រង​របួស​ឡើយ ។

តាម​ប្រភព​មន្ត្រី​នគរបាល​ មូលដ្ឋាន​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ គឺ​កើតឡើង​ក្រោយ​ពី​ពួក​គេ​មាន​ជម្លោះ​គ្នា និង​ដេញ​វាយ​គ្នា​តាំងពី​ នៅ​ក្បែរ​របង​អតីត​ឌ្រី​ម​លែ​ន​ឌ៍ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​មក​ម្ល៉េះ ។ លុះ​មក​ដល់​ចំណុច​ខាងលើ ដោយ​មិន​បានដឹង​ពី​រឿងហេតុ​ច្បាស់ ក៏​ធ្វើការ​អនុវត្ត​ត្រឹមតែ​ ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សម្ថ​កិច្ច​ ក៏​បាន​ចុះ​មក​ដល់ ឃើញ​ត្រឹមតែ​រថយន្ត​បុក និង​កិន​ម៉ូតូ​ពីលើ​នោះ និង​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ ឬ​ភាគី​ណាមួយ​នៅ​នឹង​កន្លែង​កើតហេតុ ក៏​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត និង​ម៉ូតូ​បញ្ជូន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដោយ​មាន​តែ​តំណាង​ភាគី​ ទាំង​សងខាង​តែ​ប៉ុណ្ណោះ ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ និង​បញ្ចប់​ទៅ​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]