ភ្នំពេញ ៖ មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប ដឹកនាំដោយលោក ង៉ែត ចេក ប្រធានសាខា សហការ ជាមួយ​មន្ត្រីមន្ទីពាណិជ្ជកម្ម រួមជាមួយអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦បានចុះត្រួតពិនិត្យទំនិញ នៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានរកឃើញសរសៃគុយទាវផ្ទុកសារធាតុគីមី ចំនួន ៦.៥០គីឡូក្រាម ។

លោកប្រធានសាខា បានឲ្យដឹងថា គោលបំណងនៃការចុះពិនិត្យនេះ មន្ត្រីជំនាញ បានយកចិត្តទុកដាក់ជាសំខាន់ ទៅលើផលិតផលទំនិញ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករដាក់តាំងលក់ នៅលើទីផ្សារ ឲ្យទទួលបាននូវ ម្ហូបអារហារ ប្រកបដោយ សុវត្ថិភាព និងមិនប៉ះពាល់ដល់ សុខភាព ។ 

តាមរយៈ​ការ​ចុះត្រួតពិនិត្យនៅផ្សារលើធំថ្មីនេះ កំលាំងចំរុះបានរកឃើញ និងធ្វើកិច្ចសន្យាដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ដូចជា ប្រេងខ្យង ម៉ាក Maggi ទឹកស៊ីអ៊ីវ ម៉ាក Maggi សរុបចំនួន ២០ ដប ។ ទំពាំងកំប៉ុង ដល់កាលបរិច្ឆទ ប្រើប្រាស់ ចំនួន ៣កំប៉ុង ។ និងបានត្រួតពិនិត្យមើលលើ សរសៃមី គុយទាវ និងរក​ឃើញសរសៃគុយទាវមានផ្ទុកសារធាតុគីមីហាមឃាត់ Borax ចំនួន ៦.៥០គីឡូក្រាម។

ផ្តើមចេញពីទីផ្សារ មន្ត្រីជំនាញកាំកុងត្រួល ក៏បានរកឃើញទីតាំងផលិតសរសៃគុយទាវ ពុំទាន់មានច្បាប់ ស្ថិតនៅ ភូមិតាកុយ សង្កាត់ស្វាយដង្កំ ក្រុងសៀម រាប ខេត្តសៀម រាប មានម្ចាស់ឈ្មោះ តាន់ ធីតា ។ ហើយធ្វើកិច្ចសហការ​ជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ ដូចជា មន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម ក្រោមការដឹកនាំរបស់លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាសាដំបូងខេត្តសៀម រាប ទំនិញខូចគុណភាពនេះត្រូវបានរក្សាទុក ដើម្បីពិនិត្យ និងកំទេចចោលនៅពេលក្រោយ ។

ចំពោះទីតាំងផលិតត្រូវបានបិទជាបណ្តោះអាសន្ន រង់ចាំនីតិវិធីផ្លូវច្បាប់ ។ លោកប្រធានសាខាបានបញ្ជាក់ទៀតថា ការចុះពិនិត្យនេះ គឺធ្វើឡើងជាប្រចាំ តាមការណែនាំចង្អុលបង្ហាញពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងគោលបំណង ការពារផល ប្រយោជន៏ និង សុខភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ទាន់ពេលវេលា នូវការធ្វីចររាចរ ចែកចាយ លក់ដូរផលិតផល ទំនិញ ខូចគុណភាព ។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុង​ប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា​ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]