យើងធ្លាប់តែគិតថា ដំណាំរុក្ខជាតិ គួរតែដាំនៅក្នុង សួនច្បារខាងក្រៅ ក្រោមពន្លឺព្រះអាទិត្យ ឲ្យឆ្ងាយពីផ្ទះ និងការិយាល័យ ដែលជាកន្លែងរស់នៅ និងធ្វើការ។ ប៉ុន្តែ ករណីបែបនេះ មិនមានទៀតទេ សព្វថ្ងៃនេះ។ វាលែងជាបញ្ហាទៀតហើយ ទោះជាអ្នក រស់នៅ ឬធ្វើការ លើអគារកម្ពស់រាប់រយជាន់ក៏ដោយ អ្នកអាចដាំសួនច្បារ ផ្ទាល់ខ្លួនមួយ ដោយដាក់រុក្ខជាតិទាំងនោះ ក្នុងផើង ក្នុងប្រអប់ ឬដាក់ធុងព្យួរ ក៏បាន។

ខាងក្រោមនេះជា ហេតុផល ដែលអ្នកគួរតែមានដំណាំរុក្ខជាតិ ក្នុងផ្ទះ និងការិយាល័យធ្វើការ របស់អ្នក ៖ 

១. បន្សុទ្ធខ្យល់

រុក្ខជាតិ ជួយធ្វើឲ្យមាន ខ្យល់បរិសុទ្ធបែបធម្មជាតិ។ វាមានសមត្ថភាព អាចសម្អាតខ្យល់ ពីសារធាតុគីមីពុល ដូចជា formaldehyde និង benzene ដែលមាននៅក្នុង ក្លិនថ្នាំលាបផ្ទះ ផ្សែងបារី និងជាតិប្លាស្ទិច ជាដើម។ រុក្ខជាតិ ក៏អាច បង្កើតជាតិសំណើម ក្នុងខ្យល់ ដោយបញ្ចេញទឹក ជាចំហាយ ដែលវាអាចការពារយើងពី បញ្ហាផ្លូវដង្ហើម ក្អកស្ងួត និងឈឺក បានយ៉ាងមានប្រសិទ្ធិភាព។ ខាងក្រោមនេះជា រូបភាពនៃប្រភេទរុក្ខជាតិដាំក្នុងផ្ទះ ដែលជួយបន្សុទ្ធខ្យល់បានល្អបំផុត ៖ 

២. សម្រួលការដកដង្ហើម

រាល់ពេលដែលអ្នកដកដង្ហើម រាងកាយរបស់អ្នកត្រូវការ ស្រូបយកអុកស៊ីសែន និងបញ្ចេញ កាបូនឌីអុកស៊ីត។ ក្នុងអំឡុងពេលធ្វើរស្មីសំយោគ រុក្ខជាតិស្រូបយក កាបូនឌីអុកស៊ីត រួចបញ្ចេញអុកស៊ីសែនវិញ។ ហេតុនេះ ការដាំរុក្ខជាតិ ក្នុងផ្ទះ និងការិយាល័យ អាចបង្កើនកម្រិតឧស្ម័នអុកស៊ីសែនបាន។

ជាក់ស្តែង នៅពេលយប់ រុក្ខជាតិឈប់ធ្វើរស្មីសំយោគ រួចស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតវិញ។ ប៉ុន្តែ មានរុក្ខជាតិមួយចំនួនដូចជា ដើមផ្កាអរគីដេ ប្រទាលសេដ្ឋី និងដើម epiphytic bromeliads ដែលមិនស្រូបយកអុកស៊ីសែន និងបញ្ចេញ CO2 វិញទេ។ អ្នកគួរតែមានរុក្ខជាតិ ប្រភេទនេះ ក្នុងបន្ទប់គេង ដើម្បីឲ្យបង្កើនខ្យល់បរិសុទ្ធ។

៣. ជាគ្រឿងតុបតែងគេហដ្ឋាន

ការដែលអ្នកដាក់ ដំណាំរុក្ខជាតិ ណាមួយ នៅខាងមុខទ្វារចូលផ្ទះ គឺដូចជាបង្ហាញ ការស្វាគមន៍ មួយបែបដ៏ស្រស់ស្អាតយ៉ាងអញ្ចឹង។ អ្នកអាចជ្រើសរើស រៀបចំ តុបតែង តាមកន្លែងផ្សេងៗ នៅក្នុងផ្ទះ ជាពិសេស វាមិនទាមទារឲ្យអ្នក ស្រោចទឹក ដាក់ជី ច្រើនលើក ច្រើនសារ ដូចជាដំណាំ ក្នុងសួនផ្ការនោះទេ។ ការដាក់ផើងរុក្ខជាតិ តាមជ្រុងបន្ទប់របស់អ្នក មិនត្រឹមតែធ្វើឲ្យមាន បរិយាកាសបរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងបង្កើនភាពស្រស់ស្អាតទៀតផង។ 

៤. ជួយឲ្យគេងលក់ស្រួល

អត្ថប្រយោជន៍ ពីដំណាំរុក្ខជាតិ ដែលដាំក្នុងផ្ទះ ដូចជា ដើមផ្កាម្លិះ ឡាវេនឌ័រ ប្រទាលកន្ទុយក្រពើ និងម្លិះរួត សុទ្ធតែអាច ជួយសម្រួលដល់ វដ្តដំណេក របស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកដាំវាទុកក្នុងបន្ទប់គេង។ វាជួយកាត់បន្ថយ ភាពអស់កម្លាំង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ ល្អប្រសើរជាងមុន រួចអាចគេងលក់យ៉ាងស្កប់ស្កល់។

៥. ជួយឲ្យមានសុខភាពល្អ

ការដាក់ដាំរុក្ខជាតិក្នុងបន្ទប់ ដូចជានៅមន្ទីរពេទ្យជាដើម  អាចជួយអ្នកជំងឺ ដែលត្រូវបានវះកាត់ អាចជាសះស្បើយឆាប់រហ័សជាងមុន (យោងតាមក្រុមអ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យរដ្ឋ Kansas សហរដ្ឋអាមេរិក)។ បើប្រៀបធៀបជាមួយអ្នកជំងឺ ដែលនៅក្នុងបន្ទប់ ដែលមិនមានដើមរុក្ខជាតិ អ្នកជំងឺដែលមានដើមរុក្ខជាតិ ក្នុងបន្ទប់ មិនសូវមានការឈឺចាប់ មានអត្រាបញ្ហាបេះដូង  និងសម្ពាធឈាមទាប   មិនសូវអស់កម្លាំង  និងអាចចេញពីមន្ទីរពេទ្យបានឆាប់រហ័សជាងមុនទៀតផង។

ដោយហេតុនេះ ទើបប្រទេសហូឡង់ បានសិក្សាបន្ថែម និងរកឃើញថា ការដាក់ដាំរុក្ខជាតិ នៅការិយាល័យធ្វើការ អាចជួយកាត់បន្ថយភាពអស់កម្លាំង  ផ្តាសាយ   ឈឺក្បាល  ក្អក  ឈឺក   និងគ្រុន បានទៀតផង។ ការសិក្សាមួយទៀត របស់សាកលវិទ្យាល័យកសិកម្ម នៃប្រទេសន័រវេស បានបង្ហាញថា អត្រានៃការកើតជំងឺ បានធ្លាក់ចុះរហូតដល់ទៅ ៦០% ដោយគ្រាន់តែដាក់រុក្ខជាតិ ក្នុងការិយាល័យធ្វើការ។ 

៦. ជួយឲ្យធ្វើការបានកាន់តែល្អ

អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីជាមិនខានទេ។ ជាក់ស្តែង ការសិក្សារបស់និស្សិត និងអ្នកស្រាវជ្រាវ ជាច្រើន បានលើកឡើងថា វត្តមានរបស់រុក្ខជាតិ បានធ្វើឲ្យបុគ្គលិកការិយាល័យ អាចពង្រឹងការផ្តោតអារម្មណ៍ និងផលិតភាព  ជាពិសេស អាចបង្កើនការចងចាំ បានដល់ទៅ ២០% នេះបើយោងតាម ការសិក្សារបស់ សាកលវិទ្យាល័យរដ្ឋ Michigan។

៧. ផ្តល់ជាផ្លែផ្កា

ការដាំបន្លែ ផ្លែឈើ ក្នុងផ្ទះ មិនមែនជារឿងចម្លែកទៀតទេ។ សព្វថ្ងៃនេះ មនុស្សជាច្រើន តែងតែដាំរុក្ខជាតិបន្លែ ផ្លែឈើ តាមដំបូលផ្ទះរបស់ខ្លួន ឬតាមបង្អួចក៏មាន។ ក្រៅពីអាចសន្សំសំចៃលុយ ដោយមិនចាំបាច់ទិញឥវ៉ាន់ពីផ្សារផងនោះ អ្នកអាចទទួលទាន ដោយមិនចាំបាច់ខ្វល់ពីជាតិគីមី ឬថ្នាំសម្លាប់សត្វល្អិតទៀតឡើយ។ ប្រភេទរុក្ខជាតិដែល ងាយដាំ និងផ្តល់ផលបានច្រើនមានដូចជា ប៉េងប៉ោះ ផ្លែប៊ឺរ ការ៉ុត ក្រូចឆ្មារ និងក្រូចឃ្វិច ជាដើម៕ 

ប្រភេទ៖ Lifehack | BAYER ADVANCED | treehugger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]