ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើបតែ​បាន​២​ឆ្នាំ បាន​លង់ទឹក​ស្លាប់ នៅ​ក្នុង​ស្រះទឹក​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​ចម្ងាយ​ប្រហែលជា ៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ចុងកាល់

ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ គ្រឿន មក​រា អាយុ ២​ឆ្នាំ ហើយ​ឪពុក​កុមារ​រង​គ្រោះ​ឈ្មោះ ប៉ាត គ្រឿន អាយុ​៣២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ចំណែកឯ​ម្តាយ​ឈ្មោះ តុល ភាត់ អាយុ​២៦​ឆ្នាំ មុខរបរ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ហេតុការណ៍​ដែល​បាន​រក​ឃើញ​សាកសព​កុមារ​រង​គ្រោះ នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ បើ​តាម​រៀបរាប់​ពី​ស្ត្រី​ជា​ម្ដាយ​បានឱ្យ​ដឹង​ថា នៅមុន​កើតហេតុ​កុមារ​រង​គ្រោះ នឹង​មាន​ក្មេង​ជា​ច្រើន​ផ្សេង​ទៀត បាន​លេង​ទឹក​នៅ​ក្បែរ​ផ្ទះ។

ខណៈ​មេឃ​កំពុង​តែ​ភ្លៀង ហើយ​ខ្លួន​ជា​ម្ដាយ កំពុង​ជាប់រវល់​ធ្វើ​កិច្ច​ការងារ​ផ្ទះ ចំណែកឯ​ឪពុក ជាប់រវល់​ទៅ​បន្ទាយ​ទាហាន ដោយ​សំអាង​កូន​របស់​ខ្លួន កំពុង​តែ​លេង​ទឹកភ្លៀង​ជាមួយ​ក្មេង​ៗ ក្នុងភូមិ នៅ​ក្បែរ​ផ្ទះ មិន​បាន​ចាប់អារម្មណ៍​។ នៅ​ពេល​រក​កូនប្រុស ដើម្បី​បញ្ចុក​បាយ ក៏​ស្រាប់តែ​បាត់ ហើយ​បាន​សួរ​ទៅ​ក្មេង​ដែល​លេង​ជា​គ្នា ក៏​រក​មិនឃើញ ហើយ​ថែម​ទាំង​បាន​ដើរ​រក​នៅ​តាម​ទឹក​ថ្លុក និង​ទឹក​ពាង​នៅ​ក្បែរ​ផ្ទះ ក៏​រក​មិនឃើញ​ទៀត​។

ពេល​នោះ​សាច់ញាតិ និង​អ្នក​ជិតខាង ក៏​ជួយ​រក​ដែរ ដោយ​មានការ​សង្ស័យ ក៏​ទៅ​រក​នៅ​ស្រះ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែលជា ៥០​ម៉ែត្រ ហើយ​ពេល​ទៅ​ដល់​ក៏​ឃើញ​សព​កុមារ​រង​គ្រោះ​អណ្តែត​ចេញពី​ទឹក ឪពុក​ម្ដាយ និង​អ្នក​ជិតខាង​ឃើញ​សភាព​បែប​នេះ​មាន​ក្ដី​តក់ស្លុត​បំផុត​។

ភ្លាម​ៗ​នោះ​ខ្លួន​ជា​ម្តាយ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​។ ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព ឳ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ បានប្រទះឃើញ សាកសពក្មេងប្រុស អណ្តែតទឹកស្រះ នៅចំណុច (ដើមស្រល់ របស់ក្រុមហ៊ុនហ្គោលឌិន) ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

គរបាលការពារព្រំដែន៩១១ បានឲ្យភ្នាក់ងារ Fresh News ថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសព ក្មេងប្រុសខាងលើ កម្លាំងបានធ្វើការស្រាវជ្រាវរកឪពុកម្តាយភ្លាមៗ សាកសពឈ្មោះ កក្កដា ពិសិដ្ឋ ភេទប្រុស អាយុ១០ឆ្នាំ ឪពុកម្តាយ រស់នៅមណ្ឌល២ ស្ថិតភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បើតាមឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា ក្មេងនេះបានបាត់ខ្លួនតាំង ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ មកម្ល៉េះ ខណៈកុមារារងគ្រោះខាងលើមកលេងជាមួយឪពុកមារ និងម្តាយមីងនៅចំណុចនេះ ហើយបានចុះលេងទឹកស្រះរួចក៏បាត់ខ្លួនតែម្តង ។

បច្ចុប្បន្ននេះ សមត្ថកិច្ចបានធ្វើកោសល្យវិច័យសពក្មេងប្រុស មិនមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងឃាតកម្មទេ សពក្មេងប្រុសនេះពិតជាលង់ទឹកពិតប្រាកដមែន។

សមត្ថកិច្ចបានប្រគល់សពក្មេង ទៅឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ទន្ទឹមនឹងនោះផងដែរ រំលឹកព័ត៌មានចាស់ ក្មេងប្រុសម្នាក់លង់ទឹកប្រឡាយស្លាប់ ខណៈម្តាយកំពុងជជែក គ្នាលេងក្រោមផ្ទះ ភ្លេចគិតកូន នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងដែរ នៅចំណុចប្រឡាយ ស្ថិតក្នុងភូមិម៉ាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធិ អធិការនគរបាល ក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងព្រឹកនេះថា ក្មេងរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ឡេង សៀវ អាយុ៣ខួប ឪពុកឈ្មោះ ឡាញ់ ចាន់ឡា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ ឈន ប្រឹម អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

លោកអធិការ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម្តាយក្មេងរងគ្រោះ បាននាំកូនទៅលេងផ្ទះអ្នកភូមិ ជាមួយគ្នាលុះទៅដល់ក៏បាន អង្គុយជជែកគ្នាលេងនៅក្រោមផ្ទះ ហើយក្មេងរងគ្រោះក៏បានរត់លេងនៅក្បែរៗនោះដែរ ស្រាប់តែមួយសន្ទុះក្រោយមករកមើលកូន មិនឃើញ ក៏ដើររកកូនក៏ប្រទះឃើញអណ្តែត នៅក្នុងប្រឡាយទឹក នាំគ្នាផ្អើតឆោឡោចុះស្រង់ជួយសង្គ្រោះ។

លោកអធិការបន្ថែមថា ដោយម្តាយក្មេងរងគ្រោះមិនអស់ចិត្ត ក៏បញ្ជូនកូនរបស់ខ្លួនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ តែជាអកុសល ពេទ្យបានបញ្ជាក់ថា ក្មេងនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើត ហេតុសពក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឲ្យលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ ចូលរួមរំលែកទុក្ខដល់គ្រួសារសពនិងបានផ្តល់ នូវអង្ករ៤០គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ២យួរ ថវិកា១០ម៉ឺនរៀល សម្រាប់ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]