មនុស្សស្រីវ័យក្មេងជាច្រើនតែងតែប្រាថ្នាថាចង់បានសក់វែង និងស្រស់ស្អាតជាងគេ ប៉ុន្តែសម្រាប់អ្នកដែលមានសក់វែងស្រាប់ទៅហើយនោះ  បែរជាមានកង្វល់ក្នុងការថែរក្សាវាឱ្យបានល្អទៅវិញ។ ឯអ្នកខ្លះទៀតមិនចូលចិត្តកាត់សក់ខ្លីទេ ទោះមានគេប្រាប់ ថាមុខខ្លួនសក្តិសមនឹងសក់ខ្លីក៏ដោយចុះ។

ចំណែកពេលនេះអ្នកអាចនឹងផ្លាស់ប្តូរចិត្តក៏ថាបាន ក្រោយពីបានដឹងពីអត្ថប្រយោជន៍នៃការកាត់សក់ខ្លីទាំងអស់នេះរួច៖


១. អស់បារម្មណ៍ទោះបីជាអាកាសធាតុក្តៅយ៉ាងណាក៏ដោយ៖ បច្ចុប្បន្នយើង សង្កេតឃើញថាពន្លឺព្រះអាទិត្យតែកាន់តែក្តៅទៅៗជារៀងរាល់ថ្ងៃ ហេតុដូច្នេះប្រសិន បើអ្នកមានសក់វែង  រាងកាយអ្នកនឹងឆាប់បែកញើស  ជាពិសេសនៅក្នុងសក់ និងនៅត្រង់កញ្ចឹងកតែម្តង។ ហើយញើសទាំងនោះនឹងបង្កឱ្យអ្នកមានអារម្មណ៍តានតឹង បានគ្រប់ទីកន្លែង  មិនតែប៉ុណ្ណោះវាបង្កមេរោគផ្សិតផ្សេងៗ មិនថានៅលើរាងកាយ សរសៃសក់  ឬសំលៀកបំពាក់នោះទេ។ ដូច្នេះបើអ្នកមានសក់ខ្លី មិនថាស្ថិតនៅក្នុងរដូវក្តៅប៉ុណ្ណានោះទេ  អ្នកនៅតែអាចស្រស់ស្រាយបានគ្រប់ពេលវេលាទាំងអស់។

២. សន្សំសំចៃពេលវេលា៖ សុភាពនារីយើងម្នាក់ៗយល់ថា ការដែលត្រូវចំណាយ ពេលច្រើនថែរក្សាសក់ឱ្យបានវែង ជារឿងមិនងាយស្រួលទេ  ប៉ុន្តែដោយសារចង់បានភាពស្រស់ស្អាតដែលកើតចេញពីសក់ទើបចេះតែស៊ូទ្រាំទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាមានការលំបាកខ្លាំងប៉ុណ្ណាក៏ដោយ។ ប៉ុន្តែប្រសិនបើអ្នកកាត់ សក់ខ្លីវិញអ្នកអាចចំណេញពេលវេលាបានមួយចំណែកទៅធ្វើរឿងអ្វីផ្សេងទៀត។ លើសពីនេះទៀតអ្នកបានកាត់បន្ថយការចំណាយពេលកក់ អប់ ផ្លុំវាស្ងួត ​ ឬតុបតែងម៉ូតផ្សេងៗជាដើម។

៣. ចំណេញថវិកា៖ ប្រាកដណាស់  សក់វែងអ្នកច្បាស់ជាត្រូវចំណាយលុយ ទិញផលិតផលថ្លៃ  យកមកថែបំប៉នវាជារៀងរាល់ពេល ហើយអ្នកតែងតែអង្គុយគិតថា  ត្រូវធ្វើយ៉ាងណាទើបសក់មានសុខភាពល្អ រ៉ឹងមាំ?  ចុះបើអ្នកមានសក់ខ្លីវិញ អ្នកមិនចាំបាច់ខ្ជះខ្ជាយលុយដែលបានមកដោយការធ្វើការងារយ៉ាងលំបាកលំបិន យកទៅចំណាយលើវាច្រើនណាស់ណាពេកទេ  គឺអ្នកអាចប្រើតែផលិតផលល្អល្មមៗ សមស្របទៅនឹងសរសៃសក់របស់អ្នកជាការស្រេច។

៤. ងាយស្រួលតុបតែង៖ ទទួលស្គាល់ថាមានអ្នកខ្លះ ខ្ជិលតុបតែងម៉ូតសក់ជាទីបំផុត ព្រោះត្រូវចំណាយពេលយូរ  និងមានបញ្ហាស្មុគស្មាញច្រើនណាស់ជាមួយនឹងសក់ ដ៏វែងរបស់ខ្លួន។  ដូច្នេះចង់អស់កង្វល់រឿងនេះ អ្នកគួរផ្លាស់ប្តូរទម្រង់ម៉ូតសក់ទៅជា ខ្លីវិញម្តងលមើល៍! ដឹងអត់ថាវាមានភាពងាយស្រួលសិត កក់ អប់ និងអាចលើក ចងបានលឿនរហ័សតាមចំណូលចិត្ត។

៥. មើលទៅក្មេងជាងមុន៖ ល្បិចនេះជួយបង្កើនសម្រស់ផ្ទៃមុខអ្នកឱ្យមានសភាពក្មេង ជាងវ័យលើសកាលពីមុនបានមួយកម្រិត។  មិនតែប៉ុណ្ណោះវាជួយបិទបាំងស្នាមជ្រីវជ្រួញខ្លះដែរ។ និយាយឱ្យចំទៅ កាលពីមុនបើមានគេធ្លាប់ហៅអ្នកថា មីងៗ តែពេលនេះអាចជំនួសមកហៅអ្នកថា បងៗវិញក៏អាចថាបានណា។

៦. បង្កើនភាពទាន់សម័យ៖ នេះជាអ្វីដែលអ្នករាល់គ្នាប្រាថ្នាចង់បានមែនទេ? សូម្បីតែ តារាល្បីៗមួយចំនួន  ក៏និយមកាត់សក់ម៉ូតខ្លីៗនេះដែរ  ព្រោះវាមើលទៅស៊ិចស៊ី ទាក់ទាញ  និងជានារីទាន់សម័យម្នាក់នៅក្នុងសង្គម៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]