(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញប្រតិបត្តិការ ប្រមាញ់ចាប់បានជនសង្ស័យ២នាក់ ដែលបានជិះម៉ូតូឆក់ខ្សែកតាមផ្លូវពីជនរងគ្រោះ នៅចំណុចផ្លូវលេខ១៥៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយបានធ្វើការឃាត់ខ្លួន និងប្រមូលបានទ្រព្យសម្បត្តិទាំងអស់មកវិញ ព្រមទាំងបានឆែកឆេរ ហើយបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ទៀត។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ុង យុទ្ធាថៃ ហៅក្អូន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងឈ្មោះ ឡុង សុវណ្ណារិទ្ធ ហៅឡុង អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះ មានឈ្មោះ មាស សាវី ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីទិញម្ហូបនៅផ្សារគីឡូលេខ៤ ជិះម៉ូតូជាមួយប្តីតាមបណ្តោយផ្លូវលេខ១៥៦ ពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូតាមពីក្រោយ ហើយអែបទន្ទឹមខាងឆ្វេងដៃ ធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះបានសម្រេច និងព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនេះ ជនរងគ្រោះក៏បានស្រែកចោរៗ។

នៅពេលឮសម្រែកជនរងគ្រោះភ្លាម កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចេញអន្តរាគមន៍យ៉ាងរហ័ស ដេញស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់​ បាននៅចំណុចមុខសាលាឆទាន ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងចាប់យកបានវត្ថុតាងជាក់ ស្តែងតែម្តង។

វត្ថុតាងដែលដកហូតបាន មានខ្សែកប្លាទីនសមួយខ្សែ ទម្ងន់៣ជី (បានប្រគល់ឲ្យជនរងគ្រោះវិញ), ម៉ូតូមួយគ្រឿងម៉ាក Suzuki Let's ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1E-0308 ព្រមទាំងម្ស៉ៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក១កញ្ចប់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

មានករណីដែលធ្លាប់កើតឡើងស្រដៀងគ្នានេះដែរ គឺកម្លាំងនគរបាល​ខណ្ឌពោធិសែនជ័យ បង្ក្រាប​ក្រុមចោរឆក់​យ៉ាង​សកម្ម​២នាក់ ដក​ហូតម៉ូតូ​ និង​វត្ថុតាង​មួយ​ចំនួន​

កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានបង្ក្រាប និងចាប់ខ្លួន ក្រុមចោរឆក់២នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ដែលការចាប់ខ្លួននេះ បានធ្វើឡើងភ្លាមៗ ក្រោយពីពួកគេ បានឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅតាមផ្លូវកម្ពុជាក្រោម នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។

អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបាន នៅតាមផ្លូវសហព័ន្ធរុស្សី សង្កាត់កកាប ព្រមទាំងដកហូតម៉ូតូមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា សម្រាប់ជនសង្ស័យទាំង២នាក់នេះ កំពុងស្ថិតក្រោមការសួរនាំ ពីសមត្ថកិច្ច របស់លោក នៅអធិការដ្ឋាននគរបាលខណ្ឌ ថាតើពួកគេអាចជាប់ពាក់ព័ន្ធ និងបទល្មើសអ្វីខ្លះទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]