ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​រថយន្ត​ដឹក​ដី​១​គ្រឿង​បុក​រួច​កិន​ស្លាប់​យ៉ាង​អាណោចអាធ័មនៅ​ចំណុច​ភូមិ​រស្មី ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ធី ភក្តី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រីឯ​រថយន្ត​ដឹក​ដី​ម៉ាក ហ៊ី​ណូ ពាក់​ស្លាក​លេខ តាកែវ 3A-2429 តែ​គេ​មិន​ទាន់​សល់​អត្តសញ្ញាណ​អ្នកបើកបរ​នៅឡើយ​ទេ​ព្រោះ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។

បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​ឆ្លងថ្នល់ ខណៈនោះ​រថយន្ត​ដឹក​ដី​នោះ​កំពុង​បើក​លឿន​ផង​នោះ ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ហើយ​កិន​ក្មេង​ស្រី​រង​គ្រោះ​បែក​សាច់​ខ្ទេច​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ពិតជា​អាណោចអាធ័ម​ខ្លាំង​ណាស់​ដែល​ស្ត្រី​ម្នាក់​ត្រូវ​បាន​រថយន្ត​​កិន​បន្តបន្ទាប់​គ្នា​ឡើង​ខ្ទេច​សាកសព​អស់ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ ទើប​ដឹង​បង្ក​ភ្ញាក់ផ្អើល​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើង​ទេ ប៉ុន្តែ​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​មាន​សៀវភៅ​គ្រួសារ​១​ក្បាល​, អត្តសញ្ញាណប័ណ្ណ​ចំនួន​២ ដោយ​ក្នុង​សៀវភៅ​គ្រួសារ​នោះ​ប្តី​ឈ្មោះ លត ផាប ប្រពន្ធ​ឈ្មោះ ជ្រឺ​ន ហាន់​សាយ អាយុ​៣០​ឆ្នាំ ជា​អ្នក​ភូមិ​គោក​តា​សុខ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ក្រៅពី​នេះ​គេ​ឃើញ​មាន​រូបថត​២​សន្លឹក​សង្ស័យ​ជា​រូប​របស់​ស្ត្រី​រង​គ្រោះ​ព្រោះ​ចំណាំ​ត្រង់​កងដៃ​ក្នុង​រូបថត​និង​ដៃ​ជាក់ស្តែង ។

តាម​សមត្ថកិច្ច​ប្រាប់​ជំ​ហ៊ាន​ដំបូង​ថា ជន​រង​គ្រោះ​ត្រូវ​រថយន្ត​បុក​អូស​ប្រហែល​៧០​ម៉ែ​ត ហើយ​សាកសព​ខ្ទេច​មើល​លែង​យល់ ។ ជន​រង​គ្រោះ​សង្ស័យ​ឈ្មោះ​ដូច​ក្នុង​សៀវភៅ​គ្រួសារ (​ជ្រឺ​ន ហាន់​សាយ​) ព្រោះ​បាន​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ដែល​ប្រទះ​ឃើញ​ក្នុង​កាបូប​មាន​បុរស​ម្នាក់​ប្រាប់​ថា កំពុង​បាត់​សមាជិក​ពី​ស្រុក​ភ្នំស្រុក ហើយ​យក​ទាំង​សៀវភៅ​គ្រួសារ​ជាប់​ជាមួយ​ផង ។ បុរស​ដដែល​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​កើតរោគ​ស​សៃ​ប្រាសាទ​បាត់​ពី​ផ្ទះ​២​ទៅ​៣​ថ្ងៃ​ហើយ ។ សព​ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​បញ្ជូន​ទៅ​តំកល់​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២​សង្កាត់​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​ប្រាប់​ថា ពេល​នេះ​ក្រុម​គ្រួសារ​ដែល​អះអាង​ថា​កំពុង​បាត់​សមាជិក​នោះ​បាន​និង​កំពុង​ធ្វើ​ដំណើរ​មក​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ពិនិត្យ​មើល​សព ថា​តើ​ជា​សាច់ញាតិ​ខ្លួន​ពិត​មែនឬ​យ៉ាងណា?

សូម​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​គេ​ពុំ​ដឹង​ថា កើតឡើង​នៅ​ម៉ោង​ប៉ុន្មាន ហើយ​ជន​រង​គ្រោះ​ជិះ​អ្វី​ឬ​ក៏​ដើរ​មកពីណា​នោះ​ទេ លុះ​ពេល​ព្រឹក​ទើប​អ្នកដំណើរ​ប្រទះ​ឃើញ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]