ពីមួយឆ្នាំទៅមួយឆ្នាំ ការសិក្សាចេះតែមានការរីកចម្រើនជឿនលឿនទៅមុខជានិច្ច។ ពិសេសការផ្តល់អាហាររូបករណ៍ពីសំណាក់បណ្តាសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស មិនថាប្រទេសក្នុងតំបន់អាស៊ី ឬអឺរ៉ុបនោះទេ ក៏ហាក់ដូចជាមានសន្ទុះខ្លាំងក្លាឡើងជាលំដាប់។

រីឯចំនួនសិស្សនិស្សិតដែលបានប្រឡងជាប់ អាហារូបករណ៍ទៅបន្តការសិក្សានៅបរទេស ក៏មានមិនតិចនាក់ដែរ។ ក្នុងនោះប្រទេសថៃជាប្រទេសនៅជិតយើង (កម្ពុជា) បំផុត ក៏បានផ្តល់ទុនសិក្សាដោយឥតគិតថ្លៃនេះ មកដល់យុវជនកម្ពុជាជារៀងរាល់ឆ្នាំផងដែរ។

ចង់ដឹងថាដើម្បីប្រឡងជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសថៃ ត្រូវត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះនោះ? ខាងក្រោមជាការចែករំលែកបទពិសោធន៍ ព្រមទាំងគន្លឹះល្អៗ ពីនិស្សិតដែលទទួលបានភាពជោគជ័យ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ។

ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ Computer Networking ពីសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ យុវជន សេរី វិឆ័យ អាយុ ២៤ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ បានប្រឡងជាប់អាហាររូបករណ៍ទៅបន្តការសិក្សាលើមុខវិជ្ជា Computer Science នៅសាកលវិទ្យាល័យមហិដុល (Mahidol University) ប្រទេសថៃបន្ថែមទៀត។ ជួបជាមួយក្រុមការងារ Khmerload គាត់បានចែករំលែកគន្លឹះសំខាន់ៗ ដើម្បីឈោងចាប់អាហាររូបករណ៍នេះថា៖ «ចំពោះខ្ញុំមុននឹងទៅប្រឡង​គឺខ្ញុំត្រៀមរៀនភាសាអង់គ្លេស ព្រោះការប្រឡងមានភាសាអង់គ្លេស ដូច្នេះយើងក៏ត្រូវមានភាសាអង់គ្លេសគ្រាន់បើដែរ  ហើយត្រូវព្យាយាមរៀនយកពិន្ទុពីថ្នាក់បរិញ្ញាបត្រឱ្យបានល្អ  រីឯបទពិសោធន៍ការងារវិញក៏សំខាន់ណាស់ដែរនៅក្នុងមុខវិទ្យានេះ ហើយម្យ៉ាងវិញទៀត យើងក៏ត្រូវត្រៀមខ្លួនសម្រាប់ការសំភាសន៍ដែរ ដើម្បីឱ្យយើងនិយាយបានល្អ។  មួយទៀតគឺត្រូវតាមដានព័ត៌មានអាហាររូបករណ៍ដែលយើងចង់ដាក់ឱ្យបានល្អ នៅតាមគេហទំព័រក្រសួងនានា»។

ចំពោះមូលហេតុដែលយុវជនរូបនេះ ជ្រើសរើសមករៀនបន្តនៅប្រទេសថៃគឺ៖ «សម្រាប់ខ្ញុំគិតថាមហាវិទ្យាល័យនៅទីនោះ មានស្តង់ដារមិនអន់ដែរ បើយើងប្រៀបធៀបទៅនឹងសាកលវិទ្យាល័យនៅអាស៊ានមួយចំនួន   ជាពិសេសការរស់នៅ វប្បធម៌  ​ការហូបចុក  វាមានលក្ខណៈដូចនៅស្រុកខ្មែរដែរ  វាមិនចាំបាច់ចំណាយពេលយូរក្នុងការសម្របខ្លួន។  ចំណែកឯភាសាថៃវិញ ខ្ញុំមិនចេះទេ ដោយសារតែមុខវិជ្ជានេះជា International Program  ដូច្នេះការរៀនភាគច្រើន ជាសាអង់គ្លេសទាំងអស់»។

ងាកចូលមករឿងគោលបំណងវិញ​ គាត់បាននិយាយថា៖ «ក្រោយពីបញ្ចប់ការសិក្សាខ្ញុំមានបំណងយកចំណេះជំនាញនេះ  ដើម្បីមកបង្រៀនដល់សិស្សនិស្សិតនៅតាមសាកលវិទ្យាល័យនៅស្រុកខ្មែរវិញ  និងមានគម្រោងបើកអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនមួយផងដែរ»។

ក្រោយពីការសិក្សាយុវជនរូបនេះ ក៏ឆ្លៀតពេលទំនេរលេងកីឡាបាល់ទាត់ ដើម្បីសុខភាពផងដែរ  ហើយកីឡាករដែលជាអាយដូល (Idol) នៅក្នុងចិត្តរបស់គាត់នោះគឺ ប្រាក់ មុន្នីឧត្តម។ 

យុវជន សេរី វិឆ័យ មកពីខេត្តបន្ទាយមានជ័យ

ការចិញ្ចឹមចិត្តប្រឡងយកអាហាររូបករណ៍ មិនដែលសាបសូន្យឡើយ នៅក្នុងបេះដូងយុវជនខ្មែរមួយរូបនេះ។ យុវជន វ៉ាត ប៊ុនចាន់ថុនា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ បានតាំងចិត្តយ៉ាងមុតមាំថា ត្រូវតែប្រឡងយកអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេសឱ្យបាននៅថ្ងៃណាមួយ។ ហើយក្តីសង្ឃឹមមួយនេះមិនដែលសាបសូន្យនោះទេ ទីបំផុតនៅឆ្នាំនេះ គាត់ក៏បានសម្រេចដូចប្រាថ្នាមែន។ 

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យនាឆ្នាំ២០១១មក ប៊ុនចាន់ថុនា បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញអក្សរសាស្រ្តខ្មែរ  នៅសាកលវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រហូតមកដល់ឆ្នាំ២០១៥ គាត់ក៏ដាក់ពាក្យស្នើសុំអាហាររូបករណ៍ទៅសិក្សានៅប្រទេសថៃ ដោយបានជ្រើសរើសយកមុខវិជ្ជា ផ្នែកគ្រប់គ្រងព័ត៌មាននិងបេតិកភណ្ឌពិភពលោក ដើម្បីបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យសីលាផាខន។

យុវជនរូបនេះបានចែករំលែកថា ដើម្បីប្រឡងជាប់យើងជាបេក្ខជនត្រូវតែ៖ «កំណត់គោលដៅឱ្យបានច្បាស់លាស់  អ្វីដែលត្រូវធ្វើគឺសន្សំនូវចំណេះដឹងផ្នែកភាសាបរទេស និស្ស័យដែលមានការពេញចិត្ត នឹងអ្វីដែលយើងរៀន ពិសេសការមិនបោះបង់តែម្តង  នេះជាចំណុចពិសេសដែលជម្រុញឱ្យខ្ញុំ ទទួលបានអាហាររូបករណ៍នេះ។ ហើយសម្រាប់គោលបំណង នៅពេលរៀនចប់ ខ្ញុំនឹងត្រឡប់មកប្រទេសខ្មែរវិញដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន និងជួយថែរក្សាឯកសារបុរាណខ្មែរឱ្យបានគង់វង្ស»។

យុវជន វ៉ាត ប៊ុនចាន់ថុនា អាយុ២៤ឆ្នាំ មកពីរាជធានីភ្នំពេញ

ចំណែកឯយុវតី យ៉ាត ស្រីមិញ អាយុ ១៩ឆ្នាំ ជាអ្នកខេត្តបន្ទាយមានជ័យដូចគ្នា ក៏បានធ្វើការចែករំលែកបទពិសោធន៍ទាក់ទងនឹងគន្លឹះ នៃការទទួលជោគជ័យនេះមកឲ្យ Khmerload ដឹងផងដែរថា៖ «សម្រាប់ខ្ញុំ ដំបូងត្រូវជ្រើសរើសជំនាញដែលយើងចូលចិត្ត ព្រោះថានៅពេលប្រឡងមានមុខជំនាញជាច្រើន សម្រាប់ឱ្យយើងជ្រើសរើស ដូច្នេះយើងត្រូវមើលពីខ្លួនឯងជាមុនសិន ថាពូកែលើមុខវិជ្ជាអ្វីខ្លះ? ​ ចូលចិត្តរៀនអ្វីខ្លះ?  ជាពិសេសភាសាអង់គ្លេសក៏សំខាន់ដែរ ត្រូវរៀនឱ្យបានខ្លាំង ដើម្បីជូយក្នុងពេលសំភាសន៍»។

បច្ចុប្បន្នស្រីមិញកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យនគររាជសីមារាជភ័ត្រជំនាញភូមិវិទ្យា។ ហើយចំពោះគោលបំណងទៅថ្ងៃអនាគតវិញ យុវតីរូបនេះ​ ក៏មានបំណងចង់បន្តការសិក្សាទៅដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បន្ថែមទៀតដែរ។

យុវតី យ៉ាត ស្រីមិញ មកពីខេត្តបន្ទាយមានជ័យ

ចុងក្រោយយុវតី ប័ន ភ័ក្រ្តនី អាយុ១៩ឆ្នាំ បានបញ្ចាប់ការសិក្សាមកពីវិទ្យាល័យអូរអំបិល ខេត្តបន្ទាយមានជ័យដែរ សព្វថ្ងៃជានិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដែលបានបន្តការសិក្សា នៅប្រទេសថៃដូចគ្នាលើមុខជំនាញ ហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបុរីរ៉ាំរាជភ័ត្រ បានចែករំលែកគន្លឹះសំខាន់ផ្ទាល់ខ្លួន ដើម្បីបានអាហារូបករណ៍នេះថា៖ «ចំណុចទី១ គឺតាមក្តីស្រមៃរបស់យើងគ្រប់ៗគ្នា ដូចជាខ្ញុំអញ្ចឹងតាំងពីតូចមក  មានឧបនិស្ស័យចូលចិត្តប្រទេសថៃ ហើយតាំងចិត្តថានឹងទៅរៀននៅទីនោះឱ្យបាន។ ទី២ ភាពជឿជាក់ខ្លួនឯង  ឬមហិច្ឆតា នៅពេលទៅប្រឡង ទោះបីជាមានបេក្ខជនដាក់ពាក្យច្រើនប៉ុណ្ណាក៏ដោយ យើងត្រូវមានទំនុកចិត្តថា គ្មាននរណាម្នាក់ខ្លាំងជាងយើងនោះទេ ទី៣គឺការស្វែងយល់ពីអាហាររូបករណ៍ដែលយើងចង់បាន  មានដូចជាជំនាញដែលពាក់ព័ន្ធនៅពេលប្រឡងជាដើម ជាពិសេសក៏ត្រូវតែរៀនត្រៀមយកពិន្ទុឱ្យបានខ្ពស់ តាមមុខវិជ្ជាដែលបានដាក់ពាក្យស្នើសុំដែរ  ដើម្បីទទួលបានជោគជ័យ។  ហើយសម្រាប់គោលបំណងនៅថ្ងៃអនាគតវិញ  ខ្ញុំនឹងយកមុខវិជ្ជាដែលបានរៀននេះ  មកធ្វើការក្នុងធនាគារនៅស្រុកយើងវិញ និងប្តេជ្ញាចិត្តថា ប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរដ្ឋឱ្យបានដែរ»។ 

យុវតី ប័ន ភ័ក្រ្តនី មកពីខេត្តបន្ទាយមានជ័យ

សរុបមកវិញ ដើម្បីដណ្តើមអាហាររូបករណ៍នេះ គឺត្រូវពឹងផ្អែកទៅលើចំណេះដឹងខាងភាសាអង់គ្លេស  និងការមានគោលដៅច្បាស់លាស់ ក្នុងការសម្រេចក្តីប្រាថ្នា។ 

ទោះបីជាយ៉ាងនេះក្តី នេះគ្រាន់តែជាគន្លឹះមួយជ្រុងតែប៉ុណ្ណោះ នៅក្នុងការចែករំលែកទៅដល់ យុវជន-យុវតីខ្មែរយើងជំនាន់ក្រោយ ដែលមានបំណងទៅសិក្សានៅប្រទេសថៃ។  ហេតុដូច្នេះមិនថាពេលនេះ អ្នកកំពុងតែធ្វើអ្វីនោះទេ  បើអ្នកពិតជាមានគោលបំណង  និងក្តីស្រមៃជាក់លាក់អ្នកគួរចាប់ផ្តើមសន្សំចំណេះវិជ្ជា ចាប់ពីថ្ងៃនេះតទៅ។

សង្ឃឹមថាការចែករំលែកនេះ នឹងអាចជួយអ្នកទាំងអស់គ្នា នៅក្នុងការប្រឡងយកអាហារូបករណ៍ នៅក្រៅប្រទេសបាន មិនថាតែទៅប្រទេសថៃ ឬប្រទេសផ្សេងៗនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]