ឥណ្ឌូណេស៊ី៖ ក្មេងប្រុសវ័យ ១០ឆ្នាំម្នាក់ រស់នៅក្នុងខេត្ត West Java នៃប្រទេសឥណ្ឌូណេស៊ី កំពុងតែទទួលរងការគំរាមកំហែងសុខភាព និងការរស់នៅផងដែរ ដោយសារតែរូបរាងកាយរបស់គេ ធាត់ហួសប្រមាណ ខុសប្លែកពីក្មេងៗដទៃទៀត។

នេះបើយោងតាមប្រភពបានឲ្យដឹងថា ក្មេងប្រុសឈ្មោះ Arya Perman អាយុ១០ឆ្នាំ មានទម្ងន់រហូតដល់ទៅ ១៩២គីឡូក្រាម ហើយត្រូវបានគេចាត់ទុកថា ជាក្មេងប្រុសម្នាក់ ដែលធាត់ជាងគេបំផុត នៅលើពិភពលោក។

គួរឲ្យដឹងថា ក្នុងមួយថ្ងៃក្មេងប្រុស Arya ញ៉ាំអាហារយ៉ាងច្រើន ៥ពេលក្នុងមួយថ្ងៃ ក្នុងនោះរួមមាន បាយ ត្រីងៀត សាច់គោ ស៊ុបបន្លែ និងញ៉ាំនំធ្វើពីសណ្ដែកសៀង ជាដើម ដែលទាំងនេះហើយ ជាហេតុធ្វើឲ្យគ្រួសារក្មេងប្រុសរូបនេះ ជាពិសេសម្តាយរបស់គេផ្ទាល់តែម្តង មានការព្រួយបារម្ភជាខ្លាំង ទៅលើសុខភាពរបស់គេ ដោយសារតែក្មេងនេះចេះតែធាតុទៅៗ រហូតសឹងតែធ្វើឲ្យស្រ្តីជាម្តាយ ពិបាកមើលថែ និងថែមទាំងពិបាករកសម្លៀកបំពាក់ឲ្យស្លៀក ដោយត្រឹមតែអាចស្លៀកសារ៉ុងកៅស៊ូតែប៉ុណ្ណោះ។

បើតាមការឲ្យដឹងពីស្រ្តីជាម្តាយ អ្នកស្រី Rokayah វ័យ៣៥ឆ្នាំ បានរៀបរាប់ប្រាប់ថា កូនប្រុស Arya របស់គាត់ តែងតែត្អូញត្អែរថា ពិបាកក្នុងការដកដង្ហើមជាខ្លាំង ជាហេតុធ្វើឲ្យគាត់ជាម្តាយ ត្រូវតែកាត់បន្ថយការញ៉ាំរបស់គេ ព្រោះគាត់ខ្លាចធ្វើឲ្យកូនប្រុសកាន់តែឡើងគីឡូថែមទៀត រហូតអាចប៉ះពាល់ដល់អាយុជីវិតក៏ថាបានដែរ។ ម្យ៉ាងទៀតសូម្បីតែដើរក៏ក្មេងនេះ ដើរមិនចង់កើតផង និងមិនបានចូលសាលា រៀនសូត្រដូចក្មេងឯទៀតឡើយ។

អ្នកស្រីបន្តថា «Arya ញ៉ាំអាហារច្រើនណាស់ អាហារដែលគេញ៉ាំមួយពេលៗ ស្មើមនុស្សចាស់ ឬមនុស្សពេញវ័យញ៉ាំ ២នាក់ញ៉ាំឯណោះ។ ខ្ញុំពិតជាមិនដឹងថា ត្រូវធ្វើយ៉ាងណាដើម្បីអាច បញ្ឈប់ការឡើងគីឡូរបស់គេសោះ ព្រោះខ្ញុំពិតជាបារម្ភពីសុខភាពរបស់គេណាស់»

ជាមួយគ្នានេះដែរ អ្នកស្រី Rokayah និងស្វាមីលោក Ade Somatri វ័យ៤៥ឆ្នាំ មុខរបរជាកសិករ បានបញ្ជាក់ប្រាប់ថា Arya ពេលកើតមកមានទម្ងន់ ត្រឹមតែ ៣,២គីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែក្រោយមករូបរាងកាយរបស់គេរីកធំទៅៗ តាមវ័យលូតលាស់របស់គេគួរឲ្យកត់សម្គាល់ ជាហេតុធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង។

ទន្ទឹមនឹងនោះ គ្រួសាររបស់ក្មេងប្រុស Arya ក៏បានយកគេទៅពិគ្រោះ និងពិនិត្យជំងឺមើល នៅក្នុងស្រុកភូមិផងដែរ ប៉ុន្តែខាងក្រុមគ្រូពេទ្យ បែរជាភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនបានរកឃើញអ្វី ដែលមិនប្រក្រតីទាក់ទងទៅនឹងទម្ងន់របស់គេ ដែលគួរឲ្យខ្លាចមួយនេះឡើយ៕

រូបភាព៖ ក្មេងប្រុស Arya កាលនៅតូច

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]