ភ្នំពេញ ៖ បន្ទាប់ពីមានជំនួយបច្ចេកវិទ្យាទំនើប LiDAR បានធ្វើការស្រាវជ្រាវលើផ្ទៃដី ទំហំ៣២គីឡូម៉ែត្រការេមក និងក្រោយពីការចុះពិនិត្យជាក់ស្តែង បានរកឃើញបុរាណដ្ឋានចំនួន ៣៤០កន្លែងបន្ថែមទៀតលើទិន្នន័យចាស់ នៅភ្នំគូលែន ក្នុងទឹកដីខេត្តសៀមរាប ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា "សរុបតាមទិន្នន័យមុន និងក្រោយមានបច្ចេកវិទ្យា LiDAR នាឆ្នាំ២០១២និងឆ្នាំ២០១៥ គឺមាន បុរាណដ្ឋានសរុបដល់ទៅ៤២៦បុរាណដ្ឋាន។ ដោយឡែកនៅឆ្នាំ២០១៥ បច្ចេកវិទ្យាដ៏ទំនើបមួយ នេះ បាន​ធ្វើការពង្រីកការងារស្រាវជ្រាវបន្ថែមលើផ្ទៃដីទំហំ៩០០គីឡូម៉ែត្រការេ បានរកចំនួនបុរាណដ្ឋានបន្ថែមទៀត​គួរឲ្យកត់សម្គាល់”។

តាមការស្រាវជ្រាវរបស់នាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ជាមួយមូលនិធិបុរាណវិទ្យាដើម្បីអភិវឌ្ឍន៍ (ADF) បូករួមនឹងទិន្នន័យកាលពីឆ្នាំ២០១២ មានបុរាណដ្ឋានចំនួន៨៦កន្លែង គឺមានប្រាសាទចំនួន២៩ ពើងចំនួន៣០ និងហេដ្ឋារចនាសម្ពន្ធបុរាណដទៃទៀតចំនួន២៧កន្លែង។ 

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យាន អង្គរនៃអាជ្ញាធរ ជាតិអប្សរា បានមានប្រសាសន៍ថា " អាជ្ញាធរជាតិអប្សរា បានយកចិត្តទុក ដាក់លើការងារអភិរក្សបុរាណដ្ឋាន នៅក្នុងឧទ្យាន​ជាតិមួយនេះយ៉ាងយកចិត្តទុកដាក់ដូចជា ទល់ទ្រចំណុចគ្រោះថ្នាក់ដល់ប្រាសាទបាន៥ប្រាសាទ ជួសជុល​ប្រាសាទ​អូរផ្អុង ដំណាក់កាលទី១រួចរាល់ ដាក់បង្គោលនិងខែ្សរបាការពាររូបចម្លាក់លិង្គ​មួយពាន់​ប្រវែង៥០០ម៉ែត្រ”៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មេរឡូត៖

ដោយឡែក រំលឹកព័ត៌មានមួយផ្សេងទៀត ផងដែរថា ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេស លើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិ សម្រប សម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៦នេះ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុង ភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរា យកមករក្សា ទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កន្លងមក មានកាល បរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

យោងតាមព័ត៌មាន របស់អាជ្ញាធរអប្សរា បានឲ្យ ដឹងថា លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិសម្តែងការអបអរសាទរ និង គាំទ្រយ៉ាងខ្លាំង ចំពោះការប្រទះឃើញនូវទូកបុរាណដ៏កម្រដំបូងបំផុត ដែលមានអាយុកាលចាស់ ជាងគេក្នុងតំបន់អង្គរ។ លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា អាយុកាលនេះ បានមកពីលទ្ធផលនៃការវិភាគ នៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែន ដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹត និងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។

បើតាមទម្រង់រូបរាងជាក់ស្តែងបានបញ្ជាក់ថា ទូកបុរាណដែលបានកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជា ប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែង១២,៨៣ម៉ែត្រ។

ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក។ លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា លទ្ធផលដែលទទួល បាននេះជាទិន្នន័យដ៏សំខាន់ ដែលមានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជននិងអ្នកស្រាវជ្រាវ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយ តាំងពិព័រណ៍ឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនា និងទទួលព័ត៌មាន លម្អិតអំពីទូកបុរាណនេះ។

អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែង ដើម្បីតាំងបង្ហាញនៅ សារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យភ្ញៀវទាំងអស់ បានទស្សនាទូក បុរាណផង បានទស្សនាពិព័រណ៍ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង។

ក្នុងនោះដែរក៏ត្រូវបង្កលក្ខណៈងាយស្រួល ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និងសន្តិសុខល្អដើម្បីអភិរក្ស រក្សាទម្រង់រូបរាងដើមរបស់ទូកឱ្យបានយូរអង្វែង ទុកជាមត៌កបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]