គ្រឿងញៀនជាច្រើនប្រភេទ ដែលសរុបទៅមាន ទម្ងន់ជាង១តោន ត្រូវបានលោក កែវ ជុតិមា  អភិបាលរាជធានី ភ្នំពេញ រួមជាមួយមន្ត្រី ពាក់ព័ន្ធដ៏ទៃទៀត បានធ្វើការដុតបំផ្លាញចោល នៅព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ដែលធ្វើឡើងនៅក្នុង ដីឡូត៍មួយកន្លែង ជិតស្ថានីយ៍ទូរទស្សន៍ បាយ័ន ។

ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញ លោក សុខ រឿន បានថ្លែងឲ្យដឹងថា គ្រឿងញៀន ដែលត្រូវ បំផ្លាញចោល នៅពេលនេះ មាន២ប្រភេទ ទី១ គ្រឿងញៀន ដែលអាចបំផ្លាញ ដោយការដុត ទី២ គ្រឿងញៀន ដែលបំផ្លាញ ដោយសារធាតុបន្សាប ។ លោក សុខ រឿន បានបន្តថា សាធាតុញៀន ដែលត្រូវដុត បំផ្លាញចោល រួមមាន ថ្នាំញៀនប្រភេទគ្រាប់កូកូ ចំនួន ៧៤កេស ស្មើនិង៧លានគ្រាប់ , យ៉ាម៉ាឬយ៉ាបា ៩៦៥៩៨គ្រាប់ ,ម្សៅម៉ាទឹកកក ចំនួន៩២០១,៦៧ក្រាម ,ហេរូអ៊ីន ចំនួន៣៥៨៣ក្រាម ,កូកាអ៊ីន ចំនួន ២៩៧៣ក្រាម , រួមទាំង គ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ គ្រឿងញៀន មួយចំនួនធំទៀត ។

អភិបាលរាជធានីភ្នំពេញ លោក កែវ ជុតិមា បានថ្លែងឲ្យដឹងថា គ្រឿងញៀន ដែលបំផ្លាញចោល នៅពេលនេះ ពិតជាមានគ្រោះថ្នាក់ ធំដល់កម្ពុជា ប្រសិនបើក្រឡែក មួយភ្លែត ចំនួនរបស់ ឃើញត្រឹមតែ មួយរថយន្ត កាមាញុងប៉ុណ្ណោះ ប៉ុន្តែទំហំរបស់វា គឺអាចបំផ្លាញរាជធានី ភ្នំពេញទាំងមូល និងបំផ្លាញប្រទេសកម្ពុជា អស់ពាក់ កណ្តាល ។

លោក កែវ ជុតិមា បានបន្តថា រយៈពេលប៉ុន្មានខែនេះ សមត្ថកិច្ចបង្ក្រាបករណី ជួញដូរគ្រឿងញៀន បានចំនួន ១៧ករណី ឃាត់ខ្លួនមនុស្សបាន ចំនួន៤៨នាក់ រួចបានបញ្ជូន ទៅតុលាការអស់ហើយ ។ លោកក៏បានសង្កត់ ធ្ងន់ថា យុទ្ធនាការបង្ក្រាប ការជួញដូរគ្រឿងញៀន វាមិនមែនត្រឹមតែ ជាភារកិច្ច របស់ស្ថាប័នប្រឆាំង គ្រឿងញៀន និងសមត្ថកិច្ច នោះទេ ប៉ុន្តែវាជាភារកិច្ច ចូលរួមសហការ ពីប្រជាពលរដ្ឋផងដែរ តាមរយៈគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីអំពីភូមិ-សង្កាត់ មានសុវត្ថិភាពដើម្បីរួមគ្នា លុបបំបាត់ គ្រឿងញៀនឲ្យអស់ពីក្នុងមូលដ្ឋាន ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]