បរទេស៖ ជាការពិត ការលាងសម្អាតបន្ទប់ទឹក ជារឿងមួយដែលមនុស្សជាច្រើន មិនសូវជារីករាយនឹងធ្វើវាប៉ុន្មានទេ តែនេះជាកិច្ចការមួយ ដែលមិនអាចចៀសបាន។ យ៉ាងណាមិញ ក៏មានវិធីងាយៗចំនួន៥ផងដែរ  អាចជួយដោះស្រាយបញ្ហាបន្ទប់ទឹកមិនស្អាត និងចំណាយពេលខ្លីទៀតផង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វិធីសាមញ្ញក្រៅពីមានភាពងាយស្រួល ចំណាយពេលតិចហើយនោះ វាក៏អាចជួយសន្សំប្រាក់ ការកាត់បន្ថយថ្លៃចំណាយទៅលើទឹកថ្នាំលាងសម្អាតផ្សេងៗបានទៀតផង។

ហេតុនេះសូមប្រិយមិត្តតាមដាន វិធីទាំង៥ខាងក្រោម ដែលអាចជួយសម្អាតបន្ទប់ទឹក ដោយក្នុងនោះមានដូចជា៖ 

១.ប្រើប្រាស់តែខ្មៅ ដើម្បីលាងសម្អាតកញ្ចក់ដែលកខ្វក់ មិនភ្លឺស្អាត

ឆុងតែខ្មៅក្នុងបរិមាណមួយច្រើនល្មម (៣កញ្ចប់) រួចយកវាមកបាញ់ ឬក៏បន្តក់លើ កញ្ចក់ដែលកខ្វក់ ឬមានស្នាមប្រឡាក់ដោយប្រើក្រដាសជូតដៃ  ឬក្រដាសកាសែត ជាលទ្ធផលនោះអ្នកនឹងបានកញ្ចក់ដ៏ភ្លឺសថ្លាមួយជាក់ជាមិនខាន។

២.កម្ចាត់ពពុះសាប៊ូដែលនៅកក តាមគែមនានាក្នុងបន្ទប់ទឹក

ចៀសមិនផុតឡើយ នៅតាមគែមបន្ទប់ទឹករបស់អ្នក ច្បាស់ជាមានកំណកពពុះសាប៊ូ ក៏ដូចជាក្អែលផ្សេងៗ ដូច្នេះវិធីងាយស្រួលបំផុតនោះ យកអាចស្រោចទឹកខ្មេះ និងទឹកសាប៊ូពីលើ រួចយកអំបោសបន្ទប់ទឹកដុសនៅត្រង់កន្លែងជាប់ស្នាមកក និងក្អែលនោះ វានឹងរបេះចេញយ៉ាងងាយ។

៣.កំចាត់កំណកទឹក

ប្រសិនបើអ្នកចង់កំចាត់កំណកទឹក ចេញពីក្បាលទុយោទឹក ក៏ដូចជានៅតាមកន្លែងផ្សេងៗមួយចំនួនទៀត អ្នកអាចប្រើប្រាស់វិធីងាយៗដូចជា យកក្រូចឆ្មារ ទៅត្រដុសនៅត្រង់ កន្លែងដែលជាប់កំណក។ ក្រៅពីនេះអ្នកក៏អាច កំចាត់ស្នាមប្រឡាក់ដែលជាប់ខ្លាំង ផងដែរ ដោយគ្រាន់តែ យកក្រណាត់ទៅរុំត្រង់កន្លែងប្រឡាក់ រួចយកទឹកខ្មេះទៅចាក់ពីលើ ទុកចោល៣០នាទី បន្ទាប់មកអ្នកអាចជូត និងដុសបានយ៉ាងងាយស្រួល។ ម្យ៉ាងវិញទៀត អ្នកក៏អាចយកច្រាសដុសធ្មេញចាស់ៗ ទៅដុសកន្លែងដែលយើង មិនអាចលូកដៃទៅដល់ រួចមកចាក់ទឹកលាងសម្អាតវាជាការស្រេច។ 

វិធីងាយៗក្នុងការសំអាតបន្ទប់ទឹក

៤.ការសម្អាតចានបង្គន់ ដោយមានប្រសិទ្ធភាព

វាជារឿងធម្មតា ដែលការសម្អាតបង្គន់ គឺត្រូវប្រើប្រាស់ទឹកថ្នាំលាងសម្អាត តែអ្នកក៏អាចសាកល្បង ប្រើប្រាស់ទឹកខ្មេះមកលាងជំនួសបានដែរ ព្រោះថាទឹកខ្មេះមានសមត្ថភាពសម្លាប់ដូចជាបាក់តេរី  ឬមេរោគ  ពពួកផ្សិត   និងកំណកកំបោរផ្សេងទៀត។  វិធីអនុវត្ត យកក្រដាសមកជ្រលក់ទឹកខ្មេះ  រួចស៊កចូលតាមចន្លោះគៀនចានបង្គន់ឲ្យជាប់  រួចយកច្រាសដុសបង្គន់ជ្រលក់ទឹកខ្មេះ មកដុសសម្អាតតួទាំងមូល។ បន្ទាប់ទុកចោលប៉ុន្មាននាទី ទើបចាក់ទឹកស្អាតធម្មតាជម្រះចេញជាការស្រេច។

៥.ទុកដាក់ច្រាសដុសបង្គន់ ឲ្យមានអនាម័យ និងមិនមានក្លិន

វិធីល្អនោះគឺ ចាក់ទឹកថ្នាំសម្អាតចូលក្នុងប្រអប់មួយ ​ រួចយកច្រាសដុសបង្គន់ ទៅដាក់នៅក្នុងនោះ រួចអ្នកនឹងលែងមានបញ្ហាក្លិន និងអនាម័យច្រាសដុសបង្គន់ទៀតហើយ។

ទាំងនេះជាវិធីងាយៗ ដែលអាចឲ្យអ្នកចំណាយពេលតិច និងអាចសន្សំសំចៃ លើការសម្អាតបន្ទប់ទឹក។ ចង់ដឹងច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព៖ lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]