ចិន៖ ខណៈដែលប្រទេសជិតខាងមួយចំនួន ក្នុងតំបន់អាស៊ីយើង ដូចជា កម្ពុជា ថៃ វៀណាម កំពុងតែទទួលរងទឹកភ្លៀង លេចលង់ស្ទើររាល់ថ្ងៃផងដែរនោះ នៅឯប្រទេសចិនឯណោះវិញ ក៏កំពុងតែងទទួលរងព្យុះភ្លៀងមួយមេធំ កាលពីល្ងាចថ្ងៃទី២៣ មិថុនា ដោយបានបំផ្លិចបំផ្លាញ ខូចខាតអស់ទ្រព្យសម្បត្តិអស់មិនស្ទើរ និងថែមទាំងមានមនុស្សស្លាប់ និងរបួសផងដែរ។

បើតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ចន្លោះម៉ោងប្រមាណជា ២:៣០នាទីរសៀល ទីក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិន បានទទួលរងព្យុះកំបុកត្បូងដ៏កំណាចមួយ ឬហៅថា ព្យុះ Tornado ដែលអមដោយរន្ទះ និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងជោគជាំ លាយលំជាមួយនឹងដុំព្រិលទឹកកកផងដែរ។ ជាមួយគ្នានេះដែរ យ៉ាងហោចណាស់មនុស្សប្រមាណជា ៧៨នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សរាប់រយនាក់ទៀត បានរងរបួសជាទម្ងន់ និងថែមទាំងបណ្តាលឲ្យ ខូចខាតខ្ទេចខ្ចីនូវ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះរបស់ប្រជាពលរដ្ឋ អស់មួយចំនួនធំ ក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះផងដែរ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុងរយៈខ្យល់ព្យុះតែ ២៩នាទីតែប៉ុណ្ណោះ ល្បឿនខ្យល់កើនឡើង កាន់តែខ្លាំងរហូតដល់ ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿនដ៏ខ្លាំងមួយនេះ បានបោកបក់បំផ្លិចបំផ្លាញ ដួលរលំនូវសំណង់អគារអស់ជាច្រើន សូម្បីតែយានជំនិះ ក៏ប៉ើងខ្ទាតចេញពីដងផ្លូវផងដែរ។

គួររំលឹកដែរថា តាមរយៈលទ្ធផលស្រាវជ្រាវជំហានដំបូង នៅវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃដដែល បានឲ្យដឹងថា មានមនុស្សស្លាប់ក្នុងហេតុការណ៍ខ្យល់ព្យុះនេះ ចំនួន៥១នាក់។ សម្រាប់លទ្ធផល ស្រាវជ្រាវបន្តរហូតមកទល់ពេលនេះ បានឲ្យដឹងថាមានចំនួនមនុស្ស ដែលបានស្លាប់បាត់បង់ជីវិត កើនឡើងរហូតដល់ ៧៨នាក់ ប៉ុន្តែបើតាមរយៈការវាយតម្លៃ និងសន្និដ្ឋានជាបន្តទៀតនោះ វានឹងអាចមានចំនួនមនុស្សស្លាប់ កើនឡើងជាបន្តបន្ទាប់ ខណៈដែលអ្នករងរបួសស្រាល មានរហូតដល់ទៅច្រើនជាង ៥០០នាក់ និងអ្នករងរបួសធ្ងន់មានរហូតដល់ទៅ ២០០នាក់ផងដែរ ៕ 

ទស្សនាវីដេអូ៖

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា បើតាមប្រភពសារព័ត៌មានដ៏ធំ CCTV ប្រចាំប្រទេសចិន បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ កន្លងទៅ ប្រហែលជាប៉ុន្មានសប្តាហ៍មុននេះ ទីក្រុង Harbin ស្ថិតនៅភាគឦសាន ខេត្ត Heilongjiang នៃប្រទេសចិន បានរងការវាយប្រហារ ដោយខ្យល់ព្យុះមួយមេធំ លាយឡំជាមួយនឹងទឹកភ្លៀង ដែលធ្វើឲ្យផ្ទៃមេឃប្រែក្លាយជាងងឹត ហើយនាំយកដុំព្យុះព្រិល ធ្លាក់កកកុញក្រាលពេញដងផ្លូវថែមទៀតផង ដែលជាហេតុបង្កជាបញ្ហាដល់ការកកស្ទះ ផ្លូវមួយចំនួនក្នុងតំបន់ មួយនេះជាខ្លាំង។

ប្រភពបន្តថា ក្នុងរយៈពេលតែមួយម៉ោងតែប៉ុណ្ណោះ ខណៈដែលមានខ្យល់ព្យុះ និងភ្លៀងធ្លាក់មួយមេធំនេះ បានធ្វើឲ្យកន្លែងមួយចំនួន រងការលិចលង់ និងធ្វើឲ្យរថយន្តជាច្រើនជាប់គាំង ជាមួយនឹងដុំព្រិលទឹកកក ទាំងអស់នោះផងដែរ។

ទន្ទឺមនឹងនោះផងដែរ អ្នកស្រុកជាច្រើននៅក្នុងតំបន់ខាងលើនេះ បានរកឃើញថា ទ្រនាប់ខាងក្នុងនៃដុំទឹកកកនោះ មានពណ៌ទឹកប្រាក់ថែមទៀតផង ហើយអ្នកខ្លះទៀត ក៏បាននាំគ្នាប្រមូលយក ដុំព្រិលទឹកកកទាំងអស់នោះ ដើម្បីទៅក្លាស្សេភេសជ្ជៈ ដូចជាទឹកក្រូច និងដបស្រាបៀរផងដែរ។

គួរបញ្ជាក់ដែរថា នេះបើយោងតាមការព្យាករណ៍អាកាសធាតុ បានឲ្យដឹងថា ព្យុះភ្លៀង ផ្គរ រន្ទះ នេះដែរ និងបន្តការវាយប្រហារទៅក្នុងតំបន់ជាច្រើន នៅភាគខាងជើង និងភាគខាងត្បូងនៃ ប្រទេសចិនផងដែរ ៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]