ខ្ញី ជារុក្ខជាតិមើម និងជាគ្រឿងផ្សំដែលអាចប្រើប្រាស់បានច្រើនយ៉ាង ដូចជាក្នុងភេសជ្ជៈ (តែ ស្រាបៀ សាំប៉ាញ) ឬក្នុងការចម្អិនជាម្ហួបអាហារ។ វាអាចត្រូវបានប្រើ ដើម្បីធ្វើឲ្យអាហារមានរសជាតិហិរ និងអាចសូម្បីតែធ្វើជាពណ៌ដល់អាហារទៀតផង។ អស់រយៈពេលជាង ២,០០០ ឆ្នាំមកហើយ ដែលប្រទេសចិន បានប្រើប្រាស់ខ្ញី ដើម្បីជួយព្យាបាល និងការពារបញ្ហាសុខភាពបានច្រើនផងដែរ។ ខ្ញីត្រូវបានគេដឹងថា ជួយចលនាឈាមរត់ និងសម្រួលដល់ការរំលាយអាហារ។ នៅពីក្រោយរូបរាង កំពីកកំពករបស់ខ្ញី គឺបង្កប់ទៅដោយអត្ថប្រយោជន៍ទាំង សុខភាព និងសោភ័ណ្ឌភាព។

ខាងក្រោមនេះជា សារៈប្រយោជន៍ដ៏អស្ចារ្យរបស់ខ្ញី ដែលអ្នកប្រហែលជាមិនបានដឹងអំពីវា នៅឡើយទេ ៖ 

១. បំបាត់ស្នាមជាំ

សារធាតុ Gingerol របស់ខ្ញី ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា ក្នុងការប្រយុទ្ធប្រឆាំងនឹងស្នាមជាំ ស្នាមសន្លាក និងអាចម៍រុយ។ អ្នកអាច សាកល្បងយកខ្ញីមក ចញ្ច្រាំឲ្យល្អិតៗ រួចលាយជាមួយនឹងដុំទឹកកកតូចៗ បន្ទាប់មកយកវា លាបលើស្បែកម្តង ក្នុងមួយសប្តាហ៍។

២. បំបាត់បញ្ហាសើរស្បែក

ខ្ញី គឺជារុក្ខជាតិធម្មជាតិមួយ ដែលប្រឆាំងនឹងការរលាក និងជួយបន្ធូរបន្ថយ ក៏ដូចជាធ្វើឲ្យស្បែកប្រែមកជាធម្មតាវិញ។ អ្នកដែលរងគ្រោះដោយសារជំងឺ Eczema (ស្បែកដែលងាយ ក្រហម ងាយរមាស់ និងងាយឡើងកន្ទួល) អាចបន្តក់ប្រេងខ្ញី នៅក្នុងប្រេងអូលីវ រួចលាបលើស្បែក។ វានឹងធ្វើឲ្យស្បែករបស់អ្នកទន់រលោងវិញជាមិនខាន។

៣. បំបាត់អង្គែ

សូមអ្នកបំភ្លេចសាប៊ូកក់សក់ទាំងឡាយ ដែលផ្ទុកជាតិគីមីចោលទៅ។ ពេលនេះ លក្ខណៈសម្បត្តិសម្លាប់មេរោគ ដែលមាននៅក្នុងខ្ញី អាចជួយប្រយុទ្ធប្រឆាំងនឹងផ្សិត ដែលបង្កជាអង្គែលើស្បែកក្បាលផងដែរ។ អ្នកអាចលាយខ្ញីដែលឈូសម៉ដ្ឋ ជាមួយនឹងទឹក រួចដាក់ចូលទៅក្នុងដបបាញ់ទឹក បន្ទាប់មកបាញ់វាទៅលើស្បែកក្បាលរបស់អ្នក។ អ្នកនឹងមិនចាំបាច់បារម្ភពីបញ្ហាអង្គែទៀតឡើយ។

៤. ធ្វើឲ្យសក់ដុះកាន់តែក្រាស់

ខ្ញីកាន់តែចាស់ កាន់តែធ្វើឲ្យសក់របស់អ្នកអាចដុះកាន់តែច្រើន។ ខ្ញី ជាគ្រឿងផ្សំដ៏សំខាន់ក្នុង ផលិតផលថែរក្សាសក់ ដោយសារតែប្រេង និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។ អ្នកអាចធ្វើដូចវិធីបំបាត់អង្គែខាងលើ រួចបាញ់លើស្បែកក្បាល។ វាធ្វើឲ្យបង្កើនលំហូរឈាមទៅកាន់ ឫសសក់ ដែលធ្វើឲ្យសក់របស់ក្រាស់ពោរពេញដោយភាពស្រស់ស្អាត។ 

៥. ជំរុះកោសិកាស្បែកចាស់ៗ

ឥលូវនេះ អ្នកនឹងមានភាពងាយស្រួល ដើម្បីធ្វើគ្រឿងខាត់ស្បែកមុខ និងរាងកាយ នៅឯផ្ទះដោយខ្លួនឯង ជាមួយនឹងគ្រឿងផ្សំធម្មជាតិ ខ្ញី ដើម្បីកម្ចាត់កោសិកាស្បែកដែលងាប់ និងចាស់ចោលឲ្យអស់។ អ្នកអាចលាយខ្ញី ជាមួយនឹងទឹកឃ្មុំ រួចធ្វើការដុសសម្អាតលើស្បែក។ ក្លិនរបស់វា នឹងធ្វើឲ្យរាងកាយរបស់អ្នកទាំងមូលស្រស់ស្អាតជាមិនខាន។

៦. ថ្នាំប្រតិកម្មបែបធម្មជាតិ

តើអ្នកប្រតិកម្ម នឹងរោមឆ្មា ឬក្លិនផ្កា ឬអ្វីផ្សេងទៀតដែរទេ? ខ្ញីជាឱសថធម្មជាតិ ដែលល្អជាងថ្នាំពេទ្យទៅទៀត។ មួយថ្ងៃ អ្នកអាចពិសារតែខ្ញី ២ ទៅ ៣ ពែង ដើម្បីកាត់បន្ថយ មិនឲ្យអ្នកទទួលរងប្រតិកម្មតទៅទៀត។

៧. រក្សាភាពក្មេងជាងវ័យ

ការសិក្សាជាច្រើន បានបង្ហាញថា ខ្ញី មានឥទ្ធិពលប្រឆាំង និងការពារភាពចាស់។ ជាងនេះទៅទៀត ខ្ញីក៏ត្រូវបានបង្ហាញថា ជំរុញដល់ការចងចាំ ជាពិសេស សម្រាប់ស្រី្តវ័យចំណាស់ផងដែរ។

៨. បន្ធូរបន្ថយការឈឺសាច់ដុំ

ប្រសិនបើអ្នកឈឺសាច់ដុំ បណ្តាលឲ្យគេងមិនមានភាពសុខស្រួលនោះ អ្នកគួរប្រើប្រេងខ្ញី នៅពេលអ្នកងូតទឹក។ អ្នកក៏អាចដាក់ខ្ញី ដែលហាន់រួច មកកម្តៅឲ្យក្តៅ រួចបិទលើសាច់ដុំដែលឈឺ។ អ្វីដែលល្អជាងនេះគឺ ស្រ្តីអាចញ៉ាំ ម្សៅខ្ញី មួយស្លាបព្រាកាហ្វេមុនពេលមករដូវ ដើម្បីកាត់បន្ថយការឈឺចាប់។

៩. ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ

ស្រ្តីដែលកំពុងមានផ្ទៃពោះ ប្រាកដជាទទួលរងបញ្ហាដូចជា ក្អួតចង្អោរ សឹងតែគ្រប់ពេល។ តែកុំបារម្ភអី ពេលនេះ រុក្ខជាតិមើមខ្ញី នឹងបញ្ជាក់ថា វាជួយកាត់បន្ថយ ទាំងភាពធ្ងន់ធ្ងរ និងភាពញឹកញាប់ នៃការក្អួតចង្អោររបស់ស្រ្តីមានគត៌។ នេះជាវិធីធម្មជាតិបំផុត សម្រាប់បំបាត់អាការៈក្អួត។ 

១០. បំបាត់គ្រុនផ្តាសាយ

ខ្ញី អាចព្យាបាល និងការពារអ្នកពីគ្រុន ផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចទទួលទាន តែខ្ញីក្តៅៗ។ អ្នកក៏អាចបន្ថែមខ្ញី ចូលជាមួយ ទឹកក្រូចឆ្មារ និងទឹកឃ្មុំ ដើម្បីឲ្យកាន់តែមានរសជាតិឆ្ងាញ់។

១១. រក្សាចរន្តឈាម

ខ្ញី មានសារធាតុ ក្រូមីញ៉ូម ម៉ាញ៉េស្យូម និងស័ង្កសី ដែលអាចជួយធ្វើឲ្យប្រសើរឡើងនូវ លំហូរឈាម ព្រមទាំងជួយការពារអាការៈញាក់ គ្រុនក្តៅ និងការបែកញើសហួសហេតុ។

១២. បង្ការជំងឺមហារីក

ការសិក្សាមួយនៅឯ សាកលវិទ្យាល័យ Minnesota បានរកឃើញថា ខ្ញី អាចជួយពន្យឺតការលូតលាស់របស់កោសិកាមហារីក ពោះវៀនធំ និងចុងពោះវៀនធំ។ កាន់តែពិសេសនោះគឺ ម្សៅ ខ្ញី បង្កឲ្យកោសិកាមហារីកស្លាប់ ដែលបង្កជាមហារីកក្រពេញអូវែបានទៀតផង។

១៣. ពង្រឹងប្រព័ន្ធភាពស៊ាំ

ខ្ញី ជួយបង្កើន ប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយជាតិខ្លាញ់ពីសរសៃឈាម។ វាក៏ជួយ កាត់បន្ថយ ការឆ្លងមេរោគបាក់តេរីក្នុងក្រពះ និងជួយបញ្ហា ក្អក រលាកបំពង់ក តឹងច្រមុះ និងបំបាត់ស្លេស បានទៀតផង៕ 

ប្រភព៖ Bright Side | Lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]