បារាំង៖ ការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុប ក្នុងពូលB បានស្វែងរកឃើញ២ក្រុម ដែលនឹងត្រូវឡើងទៅ វគ្គ១៦ក្រុម ចុងក្រោយហើយ គឺ ក្រុមជម្រើសជាតិវេលស៍ និងអង់គ្លេស ខណៈដែលរុស្ស៊ី ត្រូវហាលអាវត្រលប់ទៅផ្ទះវិញ ។

កាលពីយប់មិញនៃការប្រកួត EURO 2016 ក្រុមជម្រើសជាតិ អង់គ្លេស បានខកចិត្តទៀតហើយ ដោយប្រកួតបានត្រឹមស្មើជាមួយ ស្លូវាគី ០-០ ដែលរារាំងពួកគេមិនឲ្យឡើងឈរលើកំពូលតារាង។ ថ្វីត្បិតអង់គ្លេស ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូលBក្តី ពួកគេក៏នៅតែមានសិទ្ធិបន្តឡើងទៅវគ្គ ១៦ក្រុម ដែរ ។

អង់គ្លេស កាលពីយប់មិញនេះ បានផ្លាស់ប្តូរកីឡាករមួយចំនួន ជាពិសេសនោះគឺ Vardy និង Sturridge ជាខ្សែប្រយុទ្ធ ចំនែកឯ Harry Kane គឺជាកីឡាករបំរុងវិញ ជាមួយគ្នានេះដែរលោកគ្រូបង្វឹក Roy Hodgson ក៏ត្រូវបានអ្នកគាំទ្ររិះគន់ ដោយសាររូបលោក មិនដាក់ Wayne Rooney ដែលជា ប្រធានក្រុម ចូលលេងដើមតង់ ។ តែទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៅតែរក្សា ០-០ រហូតដល់បញ្ចប់ការប្រកួត ទោះបីជា Rooney និង Kane បានប្តូរចូលលេងនៅតង់ទី២ ។ 

ក្រលេកមកមើលមួយគូទៀតក្នុង ពូលB ក្រុមជម្រើសជាតិវេលស៍ កាន់តែធ្វើឲ្យអ្នកស្នេហាវិស័យកីឡាករបាល់ទាត់ ចាប់អារម្មណ៍កាន់តែខ្លាំងហើយ បន្ទាប់ពីពួកគេ បានបំបាក់ រុស្ស៊ី រហូតដល់ ៣-០ ធ្វើឲ្យ ពួកគេឡើងឈរលើកំពូលតារាងចំណាត់ថ្នាក់នៃ ពូលB។ ការស៊ុតបញ្ចូលទី របស់ក្រុមជម្រើសជាតិវេលស៍ ធ្វើឡើងដោយកីឡាករ Aaron Ramsey នៅនាទី១១ និងគ្រាប់បាល់ទី២ ដោយកីឡាករ Neil Taylor នៅនាទី២០ ។ ចូលមកដល់តង់ទីពីរ ខ្សែប្រយុទ្ធឆ្នើម Gareth Bale បានស៊ុតថែមមួយគ្រាប់ទៀត ដែលលទ្ធផលបញ្ចប់ការប្រកួតនោះគឺ វេលស៍ ៣ រុស្ស៊ី ០ ។

ដូច្នេះសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយ អង់គ្លេស ដែលមានចំណាត់ថ្នាក់លេខ២ ក្នុងពូលនោះ នឹងត្រូវប្រកួតជាមួយក្រុមដែលមានចំណាត់ថ្នាក់២ដូចគ្នា មកពី ពូលF ចំនែកឯ វេលស៍ វិញនឹងត្រូវប្រកួតជាមួយ ក្រុមដែលមានចំណាត់ថ្នាក់លេខ៣ ដែលមកពីពូល A, D ឬ C ។

សូមបញ្ជាក់ផងដែរ ក្រុមដែលមានចំណាត់ថ្នាក់លេខ៣ ក៏នៅតែមានសង្ឃឹមឡើងទៅវគ្គ១៦ ក្រុមបន្តដែរ ដោយសារព្រឹត្តការណ៍ EURO ឆ្នាំនេះ ចម្រាញ់យកក្រុមដែលមានចំណាត់ថ្នាក់លេខ៣ ដែលមានពិន្ទុល្អ ចំនួន៤ក្រុម ក្នុងចំនោមពូលទាំង៦៕

រីករាយទស្សនាវីដេអូ Highlight នៃការប្រកួតទាំងអស់គ្នា៖

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]