ចិន៖ បន្ទាប់ពីស្ពានយោលលើអាកាស បាតក្រាលកញ្ចក់ដែលទើបតែ បញ្ចប់ការសាងសង់ កាលពីក្នុងខែឧសភាកន្លងទៅ និងទើបតែបើកសម្ពោធដាក់ឲ្យដំណើរការ ជូនភ្ញៀវទេសចរមកលេងកម្សាន្ត ដើម្បីមានឳកាសបានផ្តិតយកទិដ្ឋភាព ដ៏អស្ចារ្យជ្រលងដងភ្នំរួចមក ថ្មីៗនេះដែរគេសង្កេតឃើញថា ភ្ញៀវទេសចរជាច្រើន មិនថាក្មេងចាស់ប្រុសស្រី ហាក់បីដូចជាភ័យខ្លាចជាខ្លាំង នៅពេលដើរឆ្លងកាត់លើស្ពានក្រាលបាតកញ្ចក់ ដ៏គួរឲ្យស្រៀវនេះ។

ប្រភពបានឲ្យដឹងថា ថ្វីត្បិតតែស្ពានក្រាលបាតកញ្ចក់ នៅចិនពិតជាទីពេញនិយម សម្រាប់ភ្ញៀវទេសចរក៏ពិតមែន ក៏ប៉ុន្តែនៅមានភ្ញៀវទេសចរជាច្រើននាក់ទៀត មានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពរបស់វាជាខ្លាំង ក្រោយពីមានផ្ទាំងកញ្ចក់មួយផ្ទាំងធ្លាប់របើកបែក។

ដោយឡែក តាមរយៈវីដេអូឃ្លីបដែលត្រូវបានថត និងបង្ហោះចូលទៅក្នុងបណ្តាញសង្គមនោះដោយភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្តនោះវិញ គេសង្កេតឃើញថា ភ្ញៀវទេសចរមួយចំនួន ពិតជាមានភាពតក់ស្លុត ភ័យខ្លាច ដើរសឹងតែបិទភ្នែក រហូតមានអ្នកខ្លះទៀត វិលមុខដួលថែមទៀតផង ខណៈដែលអ្នកទេសចរផ្សេងទៀត ហាក់បីដូចជាធ្វើបាប មិត្តភក្តិរបស់ខ្លួន ចាប់អូសននាលលើស្ពានក្រាលបាតកញ្ចក់នោះ ជាមួយនឹងសម្រែកស្រែកទាំងភ័យខ្លាចថែមទៀតផង។

គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរចនាឡើងនូវផ្លូវដើរជាច្រើន រួមមានស្ពានជាដើម ដែលក្រាលបាតជាកញ្ចក់ស្វឹតរឹងមាំ គឺកំពុងតែមានការពេញនិយមយ៉ាងខ្លាំង និងក្លាយជាទីទាក់ទាញដល់ភ្ញៀវទេសចរជាច្រើន មកកម្សាន្តនៅប្រទេសចិនផងដែរ។ ជាមួយគ្នានេះ តំបន់ទេសចរជាច្រើនកន្លែងផ្សេងទៀត ក៏កំពុងតែសាងសងបន្ថែម ដែលមានលក្ខណៈស្រដៀងគ្នា ដើម្បិទាក់ទាញភ្ញៀវទេសចរផងដែរ៕ 

ទស្សនាវីដេអូ៖ 

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ភ្ញៀវទេសចរមួយចំនួនច្បាស់ជា ភ័យបុកពោះជាក់មិនខានក្រោយពីបានដើរកាត់ ស្ពានយោលលើអាកាស បាតក្រោលដោយកញ្ចក់ដ៏វែង ឆ្លងកាត់ជ្រលងភ្នំដ៏សែនខ្ពស់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទេសចរណ៍ ឧទ្យាន National Forest Park ក្នុងទីក្រុង Zhangjiajie ភាគខាងជើងខេត្ត Hunan នៃប្រទេសចិន។

បើតាមប្រភពបានឲ្យដឹងថា ស្ពានយោលលើអាកាស ឬ Skywalker ដែលបានរចនាឡើងមានក្រាលបាតកញ្ចក់ ស្វិតរឹងមាំដូចដែកថែប ក្រោយពីបានបញ្ចប់ការសាងសង់កាលពីក្នុងខែឧសភា កន្លងទៅថ្មីៗនេះ ពេលនេះបានចាប់ផ្តើមបើកដំណើរការជាលើកដំបូង ជូនភ្ញៀវទេសចរមកលេងកម្សាន្តហើយ។

ប្រភពបន្តថា ស្ពាន Skywalker នេះដែរ ត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអីុស្រាអែល គឺលោក Haim Dotan ដែលមានប្រវែងតភ្ជាប់គ្នាពីជ្រលងភ្នំម្ខាងទៀតប្រវែង ៤៣០ម៉ែត្រ និងមានកម្ពស់ជាង ៣០០ម៉ែត្រ។ គម្រោងសាងសង់ស្ពានកញ្ចក់នេះដែរ គ្រោងនឹងបញ្ចប់ការសាងសង់ កាលពីក្នុងខែតុលាមកម៉្លេះ ប៉ុន្តែដោយសារតែមានបញ្ហាបច្ចេកទេសតិចតួច ទើបបណ្តាលឲ្យខកខាន។

គួរបញ្ជាក់ដែរថា ស្ពានដ៏វែងមួយនេះ អាចអនុញ្ញាតឲ្យភ្ញៀវទេសចរ ដើរកាត់លើវាបានដោយមិនមានការព្រួយបារម្ភ ក្នុងចំនួនច្រើនរហូតដល់ទៅជាង ៨០០នាក់ផងដែរ ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]