(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីប្រកាសលទ្ធផលថា បេក្ខជន ថែល ថៃ លើកពាន The Voice Cambodia 2016 រដូវកាលទី២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញសារចូលរួមអបអរសាទរភ្លាមដល់បេក្ខជន ថែល ថៃ ដែលបានទទួលជ័យជំនះ ក្នុងការប្រកួតនាយប់នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរដល់ក្មួយ ថែល ថៃ ដែលបានឈ្នះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ The Voice Cambodia រដូវកាលទី២ នាពេលយប់នេះ។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមហ៊ុនទូរទស្សន៌រស្មីហង្សមាស ក្មួយៗគណៈកម្មការទាំងអស់ និងពិធីករ ពិធីការនី ដែលបានចូលរួមរៀបចំកម្មវិធីកម្រិតអន្តរជាតិទទួលបានការគាំទ្រ និងជោគជ័យ! ចំពោះក្មួយៗដែលមិនបានជាប់គឺកុំបាក់ទឹកចិត្ត ហើយខិតខំបន្តថែមទៀត ដើម្បីទទួលជោគជ័យ នាពដេលខាងមុខនេះមិនខាន!»។ 

សូមជំរាបថា ទីបំផុតកម្មវិធីប្រឡងចម្រៀង លំដាប់អន្តរជាតិ «The Voice Cambodia» រដូវកាលទី២ ប្រចាំក្នុងប្រទេសកម្ពុជា បានរកឃើញបេក្ខជន ទទួលបានជយលាភីលើកពាន «The Voice Cambodia 2016» ប្រចាំឆ្នាំ ២០១៦នេះ ហើយបន្ទាប់ពីកម្មវិធីបានបើកការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ជាច្រើនខែកន្លងមក ។ បេក្ខជន-បេក្ខនារី ដែលទទួលបានជយលាភីមានសមត្ថភាពខ្ពស់ មានការផ្ញើសារគាំទ្រច្រើនជាងនោះ គឺបានទៅលើ បេក្ខជន ថែល ថៃ មានលេខសម្គាល់៣ ត្រូវជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ជ័យជំនះនេះទទួលបានទឹកប្រាក់១០០លានរៀល៕

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

ជុំវិញប្រកួតវគ្គផ្តាច់ព្រ័ត្រ The Voice Cambodia រដូវកាលទី២នេះផងដែរ ក៏មានមានបងប្អូនប្រជាពលរដ្ឋខ្មែរ បានធ្វើការដាក់ពិន្ទុ និងបោះឆ្នោតផងដែរ តាមទំព័រហ្វេសប៊ុកផេក Khmerload

មានបងប្អូនប្រជាពលរដ្ឋខ្មែរ មិនតិចនាក់នោះទេ ដែលជាអ្នកតាមដានកម្មវិធី The Voice Cambodia រដូវកាលទី 2 របស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ខណៈដែលវគ្គផ្ដាច់ព្រ័ត្រ Live Show នឹងប្រព្រឹត្ដិឡើងនៅ ថ្ងៃអាទិត្យសប្ដាហ៍នេះ នៅស្ទូឌីយ៉ូ ហង្សមាស HDTV ក្នុងផ្សារទំនើប AEON Mall ភ្នំពេញ ជាន់ទី4។

ជាមួយគ្នានេះដែរ ខ្មែរឡូតក៏បានធ្វើការស្ទង់មតិនៅលើទំព័រហ្វេសប៊ុកផេក Khmerload ថាតើនរណាអាចជា ម្ចាស់ជ័យលាភីក្នុងរដូវកាលទី២ កម្មវិធី The Voice Cambodia នេះ ដែលការស្ទង់មតិនេះ បានចាប់ផ្ដើមធ្វើតាំងពីរសៀលថ្ងៃទី ១៦ ដល់ពេលព្រឹកថ្ងៃទី ១៨ មិថុនានេះ ហើយនឹងមានការចូលរួមបោះឆ្នោត ជិត៣ម៉ឺនសម្លេង។

បេក្ខជន និងបេក្ខនារីទាំង៤ ដែលត្រូវចូលខ្លួនទៅកាន់វគ្គផ្ដាច់ព្រ័ត្រ មានដូចជា កញ្ញា ឈីន រតនៈ, លោក ថែល ថៃ , កញ្ញា សាន ស្រីឡៃ និងលោក ឃី សុឃុន។ នេះបើតាមការបោះឆ្នោតពីបងប្អូននៅក្នុងបណ្ដាញសង្គម តាមរយៈទំព័រហ្វេសប៊ុកផេក Khmerload បានបង្ហាញលទ្ធផលឲ្យឃើញដូចខាងក្រោមនេះ៖

យ៉ាងណាមិញ យើងអាចឃើញយ៉ាងច្បាស់ថា លោក ថែល ថៃ បានទទួលការបោះឆ្នោតគាំទ្រច្រើនជាងគេចំនួន ៣៧% ខណៈដែលសម្លេងឆ្នោតយ៉ាងប្រកិតដែរនោះ ៣២% បានទៅលើកញ្ញា ឈីន រតនៈ។ ស្របពេលដែល លោក ឃី សុឃុន បានទទួលការគាំទ្រតែ ១៧% និងកញ្ញា សាន ស្រីឡៃ បានសម្លេងតិចជាងគេ ១៤%។

អ្វីដែលរឹតតែពិសេសនោះក៏មានការបញ្ចេញមតិជាច្រើន នៅខាងក្រោមការបោះឆ្នោតនេះ មានដូចជា៖

<<ខ្ញុំទាយថាBថៃជានាក់លើកពានពីរព្រោះសម្លេងថៃល្អច្រៀងបានគ្រប់បទហើយគាត់ច្រៀងពិរេាះញុំជូនឲ្យថៃលើកពាន>>

<>

ខណៈអ្នកផ្សេងទៀតដែលគាំទ្រ កញ្ញា ឈីន រតនៈ វិញ បាននិយាយថា៖

<<សម្រាប់ខ្ញុំក្នុងចំណោមអ្នកទាំងបួន គឺ ឈីន រតនៈ ទើបសមជាម្ចាស់ពាន The Voice Cambodia Season 2 ព្រេាះថាសម្លេងពិរេាះ អាចច្រៀងបត់បែនទៅតាមបទចម្រៀង ច្រៀងអង់គ្លេសក៏បានល្អ ហើយថែមទាំងស្រស់ស្អាតផង ជូនពរឲ្យជោគជ័យ>>

<<ឈិន រតនះ មានចំណុចពិសេសច្រើន គួរអោយចាប់អារម្មណ៍ណាស់។ ថែលថៃវិញ យកស្តាយតាមខេមរះ សេរីមន្ត តែខ្ញុំមិនមែនជាFan ខេមរះទេ។ ស្រីឡៃ ច្រៀងអន់៨បទ ពិរោះបាន២បទ មិនដឹងមានអ្វីជាគុណសមប្បត្តិ។ បើសុខុនវិញ ច្រៀងល្អដែរតែតាមបែបធម្មតា ចំណុចពិសេសមានតិច។ យ៉ាយលេងទេ ខ្ញុំFan របស់អូន ឈិន រតនះហើយ ពិរោះល្មមគួរអោយស្រលាញ់ ដូចនីរតនាដែរ>>......

គួរបញ្ជាក់ថា លោក ថែល ថៃ ដែលទទួលបានសម្លេងបោះឆ្នោតច្រើនជាងគេ តាមរយៈការស្ទង់មតិនៅ លើទំព័រហ្វេសប៊ុកផេក Khmerload នេះ គឺជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ដែលកញ្ញាធ្លាប់ត្រូវបានគេរិះគន់ថា រឿងធ្វើការ ជ្រើសរើសបេក្ខជន មិនបានល្អ នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ និង Cambodia Idol កន្លងមក។ ចុះសម្រាប់ The Voice Cambodia រដូវកាលទី២នេះ តើកូនក្រុមរបស់កញ្ញា លោក ថែល ថៃ ពិតជាអាចជាប់មែនដែរឬទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា