ចង់ដឹងទេថា មានអ្វីនៅក្នុងគំនិតរបស់ មហាសេដ្ឋី  មេដឹកនាំ   និងអ្នកជោគជ័យដទៃៗទៀត? បើចង់ដឹងសាកអានសៀវភៅ ដែលពួកគេបានអានទៅមើល។

អ្នកដែលមានភាពជោគជ័យ ដូចជា ប្រធានាធិបតី Barack Obama  លោក Steve Jobs ឬ Elon Musk សុទ្ធតែទទួលបានចំណេះដឹង  និងបទពិសោធន៍ពីសៀវភៅ ដែលជាចំណែកដ៏ធំ នៃដំណើរជីវិតរបស់ពួកគេ។

ខាងក្រោមនេះ ជាសៀវភៅទាំង ១០ ដែលចងក្រងដើម្បីឲ្យអ្នក អាចស្វែងរកអានបាន ជាពិសេសកុំភ្លេចចែករំលែកចំណេះដឹង នេះទៅអ្នកដទៃទៀតផងណា!

១. Atlas Shrugged និពន្ធដោយ Ayn Rand

• ត្រូវបានណែនាំដោយ៖ លោក Steve Jobs និង Mark Cuban

• និយាយអំពី៖ នយោបាយ និងពាណិជ្ជកម្ម

• ឃ្លាសង្ខេប៖ “ដោះស្រាយ បញ្ហារបស់ពិភពលោក តាមរយៈវិធីសាស្ត្រជាសហគ្រិន”

នៅពេលដែល លោក Steve Wozniak បានធ្វើការសំភាសន៍លោក Steve Jobs ថាតើអ្វីដែលជាឥទ្ធិពល លើការបង្កើត ក្រុមហ៊ុន Apple នេះ ហើយលោក ក៏បានរៀបរាប់ថាសៀវភៅ Atlas Shrugged ជាសៀវភៅដែលគាត់ប្រើជា អ្នកណែនាំផ្លូវជីវិត និងអាជីវកម្មរបស់គាត់។ 

Atlas Shrugged ជាសៀវភៅ ដែលចេញផ្សាយក្នុងឆ្នាំ ១៩៥៧ ជាប្រលោមលោកទីបួន និងជាសៀវភៅចុងក្រោយដែលវែងជាងគេ របស់ Ayn Rand។ សៀវភៅនេះរួមបញ្ចូលទាំងវិទ្យាសាស្ត្រ  អាថ៍កំបាំង មនោសញ្ចេតនា និងឃ្លាប្រយោគបែបទូលំទូលាយ បញ្ជាក់ពីគោលបំណងការងារនិពន្ធរបស់គាត់។

២. Competing Against Time និពន្ធដោយ George Stalk

• ត្រូវបានណែនាំដោយ៖ លោក Tim Cook

• និយាយអំពី៖ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងផលិតភាព

• ឃ្លាសង្ខេប៖ “ពេលវាលា ត្រូវបានរាប់បញ្ចូលជាកត្តាសំខាន់ ៣ ផ្សេងទៀតគឺ លុយ ផលិតភាព និងគុណភាព ក្នុងគោលបំណង ដើម្បីរក្សាការប្រកូតប្រជែងនៅក្នុងទីផ្សារ”

Competing Against Time ជាសៀវភៅដែលលោក Tim Cook យកតាមខ្លួនទៅគ្រប់ទីកន្លែង និងត្រូវបានណែនាំជាពិសេសឲ្យបុគ្គលិកថ្មីៗ របស់ក្រុមហ៊ុន Apple អានឲ្យបានគ្រប់ៗគ្នា។

Competing Against Time ចេញផ្សាយនៅឆ្នាំ ១៩៩០ មាន ២៨៥ ទំព័រ។ អាវុធជាយុទ្ធសាស្រ្តដែល George Stalk លើកឡើងគឺពេលវេលា ជាកត្តានាំមកសមតានៃ លុយ ផលិតភាព គុណភាព ក៏ដូចជាការបង្កើតថ្មី។ សៀវភៅនេះពឹងផ្អែកលើការស្រាវជ្រាវអស់ ១០ឆ្នាំ ដែលបានលើកឡើងថា ការដែលយើងចេះគ្រប់គ្រងពេលវេលា មិនថាក្នុងការផលិត ការអភិវឌ្ឍន៍ផលិតផលថ្មី  ការលក់ ឬចែកចាយនោះទេ   គឺសុទ្ធតែបង្ហាញពីអានុភាព ដែលជាផលប្រយោជន៍សម្រាប់ការប្រកួតប្រជែង។

៣. Business Adventures និពន្ធដោយ John Brooks

• ត្រូវបានណែនាំដោយ៖ មហាសេដ្ឋី Warren Buffet និង Bill Gates

• និយាយអំពី៖ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ

• ឃ្លាសង្ខេប៖ “រឿងបុរាណមួយ និយាយពីជីវិត ក្រុមហ៊ុនសាជីវកម្ម និងហិរញ្ញវត្ថុរបស់អាមេរិក”

កំពូលមហាសេដ្ឋីរបស់អាមេរិកទាំង ២ នេះមានចំណូលចិត្តដូចគ្នាត្រង់ស្រលាញ់ស្នាដៃនិពន្ធរបស់ លោក John Brooks។ លោក Bill Gates បានសរសេរពីសៀវភៅ Business Adventures នេះថា “Brooks មិនធ្វើការសរសេរដោយត្រេៗ ជាតារាង ឬសរសេរពន្យល់របៀបងាយៗអោយមានភាពជោគជ័យទេ ផ្ទុយទៅវិញ គាត់សរសេរជារឿងរ៉ាវបែបកំសាន្ត  សម្បូរដោយតួអង្គអ្នកមានជាច្រើន ជាមួយនឹងពេលវេលាជោគជ័យរបស់ពូកគេក្នុងពិភពពាណិជ្ជកម្ម” ។

Business Adventures ជាសៀវភៅបោះផ្សាយចុងក្រោយនៅឆ្នាំ ២០១៤ ដែលមានចំនួន ៤៦៤ ទំព័រ។ រឿងរ៉ាវទាំង ៥ ភាគក្នុងសៀវភៅនោះ នឹងផ្តល់ការកំសាន្តក៏ដូចជាចំណេះដឹងដល់អ្នកអានផងដែរ។

៤. Influence និពន្ធដោយ Robert Cialdini

• ត្រូវបានណែនាំដោយ៖ លោក Charlie Munger និង Guy Kawasaki

• និយាយអំពី៖ ចិត្តវិទ្យា ការបញ្ចុះបញ្ចូល និងទីផ្សារ

• ឃ្លាសង្ខេប៖ “វិធីសាស្ត្របែបវិទ្យាសាស្ត្រ ដើម្បីបញ្ចុះបញ្ចូលនរណាម្នាក់ក៏បាន”

Charlie Munger ដែលជាដៃគូរួមអាជីវកម្មក្រុមហ៊ុន Berkshire Hathaway របស់ Warren Buffet បាននិយាយថាស្នាដៃរបស់ Cialdini មានឥទ្ធិពលយ៉ាងខ្លាំង លើដំណើរការ ការគិតរបស់គាត់។ សៀវភៅដែលលោកបោះពុម្ព “យល់ដឹងពីភាពលំអៀងរបស់មនុស្សទាំង ២៥ ចំណុច” ក៏ជាឥទ្ធិពលស្នាដៃនិពន្ធរបស់ Caildini ដែរ។ 

Influence គឺជាសៀវភៅចិត្តវិទ្យា ចេញផ្សាយឆ្នាំ ២០០៣ ដែលនិយាយពីគន្លឹះសំខាន់ដែលមនុស្សអាចរងឥទ្ធិពលដោយ "ជំនាញ ការអនុលោមតាមច្បាប់"។ ការរកឃើញដែលមាននៅក្នុងសៀវភៅនេះ ត្រូវបានគាំទ្រដោយ ការសិក្សាជាក់ស្តែងជាច្រើន ពីការសិក្សានៃចិត្តសាស្ត្រ ទីផ្សារ សេដ្ឋកិច្ច នរវិទ្យា និងវិទ្យាសាស្រ្តសង្គម។

៥. Life Is What You Make It និពន្ធដោយ Peter Buffett

• ត្រូវបានណែនាំដោយ៖ ប្រធានាធិបតី Bill Clinton

• និយាយអំពី៖ ជីវិត គោលបំណង និងស្វ័យជីវប្រវត្តិ

• ឃ្លាសង្ខេប៖ “ជំនួសដោយ ការជ្រើសរើសផ្លូវដែលត្រូវតស៊ូ យ៉ាងហោចណាស់ ជ្រើសរើសផ្លូវដែលយើងពេញចិត្តខ្លាំងបំផុតវិញ”

សៀវភៅ ជីវប្រវត្តិ ដោយលោក Peter Buffett ដែលត្រូវជាកូនមហាសេដ្ឋី Warren Buffett បានចូលរួមចែករំលែកប្រាជ្ញា ដែលលោកបានរៀនពី សង្គមគ្រួសារ និងពីបទពិសោធន៍របស់គាត់។ 

Life Is What You Make It ត្រូវបានបោះពុម្ពចុងក្រោយឆ្នាំ ២០១១ មាន ២៥៧ ទំព័រ។ Buffet បានពន្យល់ពីតម្លៃ ដែលបានផ្តល់ការទុកចិត្តពីម្តាយ ឪពុកដែលឧស្សាហ៍ព្យាយាម និងមានទេពកោសល្យ និងគ្រូបង្រៀនណែនាំផ្លូវជីវិតរបស់គាត់។ សៀវភៅនេះ នឹងធ្វើឲ្យអ្នកផ្លាស់ប្តូរវាសនា និងដឹកនាំជីវិតទៅកាន់ភាពពេញលេញ។

៦. The Happiness Hypothesis និពន្ធដោយ Jonathan Haidt

• ត្រូវបានណែនាំដោយ៖ លោក Tony Hsieh

• និយាយអំពី៖ សុភមង្គល វប្បធម៍ និងទស្សនៈវិជ្ជា

• ឃ្លាសង្ខេប៖ “ការផ្តល់ឲ្យ និងការបម្រើ ជាផ្លូវឆ្ពោះទៅកាន់សុភមង្គល”

លោក Tony Hsieh (នាយកប្រតិបត្តិរបស់ Zappos) បាននិយាយថា៖ “នេះគឺជាសៀវភៅ ដែលមានឥទ្ធិពលបំផុតលើជីវិតរបស់ខ្ញុំ អស់រយៈពេល ៥ឆ្នាំកន្លងមក។ អ្នកនិពន្ធ បានរៀបរាប់អំពីជំនឿ ទៅកាន់សុភមង្គល ទៅតាមវប្បធម៌ សាសនា និងទស្សនវិទូផ្សេងៗ ក្នុងពេលវេលាខុសៗគ្នាផងដែរ។ បន្ទាប់មកគាត់បានធ្វើការប្រៀបធៀបជំនឿទាំងនោះ ជាមួយនឹងការស្រាវជ្រាវបែបវិទ្យាសាស្រ្តវិញ។ សៀវភៅនេះ អាចចាត់ទុកជាគោលគំនិត ដើម្បីអនុវត្តក្នុងអាជីវកម្ម និងជីវិត”។ 

The Happiness Hypothesis ត្រូវបានបោះពុម្ពផ្សាយ នៅឆ្នាំ ២០០៦ ដែលមាន ៣២០ ទំព័រ សរសេរសម្រាប់អ្នកអានទូទៅ។ នៅក្នុងនោះ Haidt បានបង្កប់ "គំនិតអស្ចារ្យ" ជាច្រើនអំពីសុភមង្គល ពីទស្សនវិទូអតីតកាលដូចជា លោកផ្លាតូ ព្រះពុទ្ធ ព្រះយេស៊ូ និងអ្នកដទៃទៀត រួចធ្វើការស្រាវជ្រាវថា គំនិតទាំងនោះនៅតែមានឥទ្ធិពលមកសម័យទំនើបរបស់យើងដែរឬទេ។

៧. The Four Agreements និពន្ធដោយ Don Miguel Ruiz

• ត្រូវបានណែនាំដោយ៖ អ្នកស្រី Oprah Winfrey និងលោក Jack Dorsey

• និយាយអំពី៖ សាសនា ជីវិត និងសុភមង្គល

• ឃ្លាសង្ខេប៖ សៀវភៅនេះ អាចត្រូវបានសង្ខេបបានជាការទូន្មានប្រៀនប្រដៅ ៤ គឺ

១/ កុំឲ្យមានកំហុស ពីពាក្យដែលនិយាយចេញពីមាត់

២/ កុំគិត ឬធ្វើអ្វីដោយឯកឯង

៣/ កុំប៉ាន់ស្មានផ្តេសផ្តាស

៤/ ព្យាយាមធ្វើអ្វីៗឲ្យបានល្អបំផុត

Jack Dorsey ជាស្ថាបនិករបស់ក្រុមហ៊ុន Twitter និង Square  បានប្រែក្លាយទៅជាមនុស្សចាស់ទុំម្នាក់ ដើម្បីដឹកនាំគេ។ គាត់បានទទួលស្គាល់ថាសៀវភៅ The Four Agreements បានណែនាំផ្លូវដែលត្រឹមត្រូវមកកាន់គាត់។ 

The Four Agreements ជាសៀវភៅដែលល្បីបំផុតរបស់ Don Miguel Ruiz។ វាត្រូវបានបោះផ្សាយនៅឆ្នាំ ១៩៩៧ ដែលត្រូវបានលក់អស់ ៥.២ លានក្បាលនៅអាមេរិក និងត្រូវគេយកទៅបកប្រែជា ៣៨ ភាសាផ្សេងទៀត។ សៀវភៅនេះនិយាយពី សេរីភាពផ្ទាល់ខ្លូន  លើជំនឿ  និងការព្រមព្រៀងក្នុងខ្លួន ជាមួយនឹងការកំណត់ និងការបំផ្លាញក្តីសុខរបស់យើងដោយសារតែគេផ្សេង។

៨. Self-Reliance និពន្ធដោយ Ralph Waldo Emerson

• ត្រូវបានណែនាំដោយ៖ ប្រធានាធិបតី Barack Obama

• និយាយអំពី៖ បុគ្គលដែលមិនអនុលោម និងឯករាជ្យភាព

• ឃ្លាសង្ខេប៖ “រក្សាការជឿជាក់របស់អ្នក ជាជាងអ្វីដែលសង្គម និងមនុស្សដទៃចង់ឲ្យអ្នកជឿ”

សៀវភៅ Self-Reliance បានធ្វើឲ្យ Ralph Waldo Emerson ក្លាយជាអ្នកតែងកំណាព្យ និងទស្សនៈវិទូ ដែលមានឥទ្ធិពលបំផុតនៅសតវត្សទី ១៩។ លោកប្រធានាធិបតី Barack Obama ក៏បាននិយាយថា ដោយសារសៀវភៅនេះទើបធ្វើឲ្យគាត់ទទួលបានការឈ្នះឆ្នោតឆ្នាំ ២០០៨ ផងដែរ។ 

Self-Reliance ត្រូវបានសរសេរនៅក្នុងឆ្នាំ ១៨៤១ ដោយសៀវភៅនេះ កំណត់យ៉ាងហ្មត់ចត់ លើមនុស្សម្នាក់ៗ ឲ្យចៀសវាងនៅក្រោមការអនុលោម និងរឿងមិនពិតទាំងឡាយ ហើយត្រូវធ្វើតាម សភាវគតិ និងគំនិតផ្ទាល់ខ្លួនរបស់ពួកគេវិញ។

៩. Autobiography of Benjamin Franklin និពន្ធដោយ Walter Isaacson

• ត្រូវបានណែនាំដោយ៖ លោក Elon Musk

• និយាយអំពី៖ ជីវប្រវត្តិ និងសហគ្រិនភាពរបស់លោក Benjamin Franklin

• ឃ្លាសង្ខេប៖ “ការរះឡើង ពីបាតក្រោម រហូតដល់កំពូល របស់លោក Benjamin Franklin”

លោក Elon Musk ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Paypal ក្រុមហ៊ុន Tesla Motors និង SpaceX បាននិយាយថាលោក Benjamin Franklin គឺជាវីរបុរសរបស់គាត់ គឺជាមនុស្សគំរូ ដែលគាត់ចង់ធ្វើត្រាប់តាម ដែលក្នុងនោះ Franklin ជាអ្នកបង្រួបបង្រួមរដ្ឋ ជាអ្នកបង្កើត និងជាអ្នកជំនួញ។ 

Autobiography of Benjamin Franklin ដោយលោក Walter Isaacson បោះផ្សាយដោយក្រុមហ៊ុន DIANE នៅឆ្នាំ ២០០៥ ដែលមាន ៥៩០ ទំព័រ។ សៀវភៅនេះ សរសេរពីជីវិត ដ៏អស្ចារ្យទាំងមូលរបស់ Benjamin Franklin តាំងពីអ្នកដែលរត់ចេញពីកន្លែងបោះពុម្ព ទៅរកភាពជោគជ័យជាអ្នកតំណាងរដ្ឋ អ្នកវិទ្យាសាស្ត្រ និងជាបិតាខាងរបកគំហើញ។

១០. The Remains of the Day និពន្ធដោយ Kazuo Ishiguro

• ត្រូវបានណែនាំដោយ៖ លោក Jeff Bezos

• និយាយអំពី៖ ប្រវត្តិសាស្រ្ត សង្រ្គាមលោកលើកទី II ជីវិត និងការសោកស្តាយ

• ឃ្លាសង្ខេប៖ “ការបង្ខំចិត្តក្លាយជាអ្នកបំរើប្រុស និងជោគវាសនារបស់គាត់ ក្រោយសង្រ្គាមលោក ប្រទេសអង់គ្លេស”

មហាសេដ្ឋី Jeff Bezos បាននិយាយថា “មុនពេលខ្ញុំអានសៀវភៅនេះ ខ្ញុំមិនដែលគិតថាមានសៀវភៅ ប្រលោមលោកល្អឥតខ្ចោះយ៉ាងនេះទេ ព្រោះខ្ញុំចាប់អារម្មណ៍រឿង ដែលមិនអាចទៅរួច តែចុងក្រោយអាចសម្រេចបាន។” 

The Remains of the Day ត្រូវបានបោះផ្សាយក្នុងខែ ឧសភា ឆ្នាំ ១៩៨៩ មាន ២៤៥ ទំព័រ។ រឿងនេះ ជារឿងប្រលោមលោកទី ៣ របស់ Kazuo Ishiguro។ រឿងនេះនិយាយអំពីដំណាលរបស់មនុស្សម្នាក់ឈ្មោះ Stevens ដែលជាអ្នកបំរើប្រុស ធ្វើការកែប្រែជិវិតរបស់គាត់ឡើងវិញ។ ភាគច្រើននៃសាច់រឿងនេះ និយាយពីជំនាញរបស់ Stevens និងទំនាក់ទំនងរបស់គាត់ជាមួយអ្នកបម្រើស្រីរួមការងារ Kenton៕

បន្ទាប់ពីបានដឹងអំពីសៀវភៅ ទាំង ១០ ខាងលើនេះរួចមក តើមានសៀវភៅមួយណាដែលទាក់ទាញចិត្តរបស់ប្រិយមិត្តដែរឬទេ?

ប្រភព៖ Thought Catalog | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]