(តាកែវ)៖ បុរសជាឪពុក និងកូនប្រុសស្រី២នាក់ទៀត បានស្លាប់ភ្លាមៗគួរឲ្យអាសូរជាទីបំផុត ដោយសារតែខ្សែភ្លើងឆក់តគ្នា។ ហេតុការណ៍ ដ៏គួឲ្យរន្ធត់នេះបានកើតឡើង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិដូនពែង សង្កាត់បារាយ៍ ក្រុងដូនកែវ។

លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារតែភ្លើង ឆក់ទាំង៣នាក់ឪកូន ទី១បុរសជាឪពុកឈ្មោះ ពេជ សុភាព អាយុ៣៨ឆ្នាំ ទី២កូនស្រីឈ្មោះ ពេជ ស្រីម៉េង អាយុ១៣ឆ្នាំ និងទី៣កូនប្រុសឈ្មោះ ពេជ្រ សុផាត អាយុ១០ឆ្នាំ។ អ្នកទាំង៣នាក់មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។

បើតាមលោកអធិការក្រុងដូនកែវ មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់កូនបាននៅផ្ទះ រីឯប្រពន្ធជនរងគ្រោះទៅធ្វើការនៅរោងចក្រ។

បន្ទាប់បុរសជាឪពុកបានយកដែកមកផ្សារធ្វើដំបូលផ្ទះ នៅពេលនោះ ខ្សែភ្លើងក៏ដាច់បណ្ដាលឲ្យឆក់ ឃើញឪពុកឆក់ខ្សែភ្លើងកូនប្រុស ដែលមានវ័យ១០ឆ្នាំ ស្ទុះមកជួយក៏ឆក់ទៀត ដោយកូនស្រីវ័យជំទង់អាយុ១៣ឆ្នាំ ឃើញឪពុកនិងប្អូនឆក់ខ្សែភ្លើងរត់មកជួយទៀតក៏ឆក់ស្លាប់ ទាំង៣នាក់កូន គួរអោយអាណោចអាធម៌ជាទីបំផុត។

លោកអធិការក្រុងដូនកែវ ឆាយ សាវុធ បានថ្លែងបន្ត បន្ទាប់ពីកើតហេតុភ្លាមលោកបានបញ្ជាឲ្យកំលាំង ចុះទៅដល់កន្លែងកើតហេតុ ដោយឃើញជនរងគ្រោះទាំង៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនអាចយកមកជួយសង្រ្គោះ នៅមន្ទីរពេទ្យបាននោះទេ ហើយខាងមន្រ្តីជំនាញក៏បានចុះមកពិនិត្យសាកសព ដោយបានពិនិត្យឃើញថាជនរងគ្រោះ ពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន៕

ប្រភព៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួរឲ្យកត់សម្គាល់ថា ហេតុការណ៍ឆក់ខ្សែភ្លើងនេះ ហាក់ដូចជា កើតឡើងជាញឹកញាប់ ដូចជា កាលពីម្សិលមិញមួយនេះ ក៏មានករណីក្មេងប្រុសម្នាក់ ឡើងចាប់សត្វព្រៃលើ​បង្គោលភ្លើង បណ្ដាលឲ្យ​ឆក់ស្លាម​ភ្លាមៗ ដែលហេតុការណ៍គួរឲ្យអាសូរនេះ កើតឡើង នៅចំណុចអូរប្រាប ស្ថិតក្នុងភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសម្នាក់ឈ្មោះ ឡាន់ ផល្លា អាយុ១៣ឆ្នាំ បានឡើងចាប់កូនសត្វព្រៃនៅតាមបង្គោលភ្លើង ខណៈពេលដែលកំពុងឡើងនោះ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រូសារសព ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]