កម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ មេក្លោងគ្រឿងញៀនដ៏ធំ ជាជនជាតិឡាវ បន្ទាប់ពីមុខសញ្ញា គ្រឿងញៀន២នាក់ ត្រូវបានចាប់ខ្លួន គ្រាដែលសមត្ថកិច្ចចុះ ទៅឡោមព័ទ្ធទីតាំងថ្មីបន្ថែមទៀត កាលពី រសៀលថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ ២០១២ ដែលមានចម្ងាយជិត២០០ម៉ែត្រពីផ្លូវ ២០០៤ វត្តអង្គតា ម៉ិញ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ក្រោយពីលោកផ្កាយពីរ ចាន់ ឬទ្ធីឌី មេជួដូរថ្នាំញៀនដ៏ធំ ត្រូវបានចាប់ខ្លួនកាលពី២ថ្ងៃមុន នៅក្នុងវិមានដ៏ស្កឹមស្កៃរបស់លោក នៅសង្កាត់ព្រែប្រា។

ស្ថិតក្នុងការឡោមព័ទ្ធ និងសាកសួរពីសំណាក់សមត្ថកិច្ចជំនាញជនសង្ស័យ ឌៀប ស៊ុនឡាយ វ័យ ៥១ឆ្នាំ បានសារភាពថា «ខ្ញុំរកស៊ីគ្រឿងញៀនយូរហើយ»។ ជនសង្ស័យរូបនេះបន្តរថា « រយៈពេលជាង១ខែមក នេះ ខ្ញុំធ្លាប់យកថ្នាំញៀនពីជនជាតិឡាវ តាមច្រកស្ទឹងត្រែងភាគឦសាន នៃប្រទេសកម្ពុជាមកលក់ឲ្យ ផ្កាយពីរយោធា ចាន់ ឬទ្ធីឌី ១គីឡូក្រាមម៉ាទឹកកកលក់ចេញ ៣៥.០០០ដុល្លារអាមេរិក» ។

ឌៀប ស៊ុនឡាយ បានសារភាពទៀតថា «ថ្នាំនេះ ខ្ញុំនាំមកពីឡាវ១គីឡូក្រាម ៣២.០០០ដុល្លារអាមេរិក ហើយផ្កាយពីរលក់បន្តរទៀត១គីឡូក្រាម ៤២.០០០ដុល្លារអាមេរិក» ។

ដៃទាំងពីរជាប់ក្នុងខ្នោះ ជនសង្ស័យ ឌៀប ស៊ុនឡាយ និងប្រពន្ធ ញ៉ែម សុខា វ័យ៤៩ឆ្នាំ ត្រូវសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រៀកបណ្តើរចេញពីផ្ទះសំអាងការ យីហោ រតនា ពេជ្រ ស្ថិតនៅផ្ទះលេខ 8I ផ្លូវ២០០៤ អង្គតាម៉ិញ យ៉ាងប្រញាប់ប្រញាលបញ្ចូលទៅក្នុង រថយន្តរបស់សមត្ថកិច្ចបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានទីតាំងនៅជាប់ស្ពានអាកាសក្បាលថ្នល់ ។

មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានថ្លែងថា ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១បន្ថែមទៀត ត្រូវ បានដកហូតចេញពីផ្ទះ ឌៀប ស៊ុនឡាយ  គ្រាដែលសមត្ថកិច្ចដឹកនាំ ដោយព្រះរាជអាជា្ញរង គឺ ប៊ុណ្ណារ៉ា ចុះទៅឆែកឆេររយៈពេលជាង២ម៉ោង ។

មន្រ្តីនគរបាលដដែលបានបញ្ជាក់ថា «ឧត្តមសេនីយ៍ទោយោធា ចាន់ ឬទ្ធីឌី បានសារភាពកាលពីរសៀល ថ្ងៃអាទិត្យ ទី២៦ ខែសីហា មុនពេលសមត្ថកិច្ចចុះទៅចាប់ខ្លួនបក្សពួក»។ មន្រ្តីដដែលបានសង្កត់ធ្ងន់ថា «ផ្កាយ២ ចាន់ ឬទ្ធីឌី ជាមេក្លោងគ្រឿងញៀននៅកម្ពុជា ហើយត្រូវបញ្ជូនទៅ កាន់តុលាការនៅថ្ងៃអង្គារ ទី២៨ ខែសីហា» ។

សូមបញ្ជាក់ថា លោកផ្កាយ២យោធា ចាន់ ឬទ្ធីឌី ជានាយរងសេនាធិការកងទ័ពជើងគោក រួមនិងអង្គរក្ស ត្រូវបានចាប់ខ្លួននៅវិមានរបស់លោកលេខ៤៤ ផ្លូវលំ ភូមិអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ចម្ងាយប្រមាណ ៣.០០០ម៉ែត្រ ពីគល់ស្ពានច្បារអំពៅ កាលពីរសៀលម៉ោង ១ និង៣០នាទីថ្ងៃសុក្រ ទី២៤ ខែសីហា ពេលនោះសមត្ថកិច្ចរឹបអូសបានវត្ថុតាងថ្នាំញៀន ម៉ាទឹកកក និងថ្នាំញៀន WY-ATS ត្រូវបានដកហូត និងបង្ហាញលទ្ធផលកាលពីថ្ងៃសៅរ៍ ទី២៥ ខែសីហា ឃើញថា មេតំហ្វេតាមីន ម៉ាទឹកកក ទម្ងន់ ៩៨៩,៩ក្រាម និងថ្នាំគ្រាប់ប្រភេទ WY- ATS ទម្ងន់ ៣៧១៩,៥ ក្រាមស្មើនឹងជាង៤ម៉ឺនគ្រាប់។

រហូតដល់ព្រលប់ម៉ោង៥ល្ងាចថ្ងៃសុក្រ ដដែល សមត្ថកិច្ចបន្តរយុទ្ធនាការទៅឆែកឆេរនៅភោជនីយដ្ឋាន របស់ផ្កាយ២រស្មីបឹងកេងកង នៅខាងលិចឆៀងខាងត្បូង ផ្សារបឹង កេងកង បន្ថែមទៀត ប៉ុន្តែលទ្ធផលគ្មាន ឃើញអ្វីនោះទេ ។

លុះដល់ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែសីហា សមត្ថកិច្ច ក៏បានបន្តរឆែកឆេរនៅវិមានលោកផ្កាយ២ដដែល ដោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើរឹបអូសនូវឈើប្រណិតទាំងកែច្នៃ និងមិនទាន់កែច្នៃបានចំនួន ៧រថយន្ត ធំៗ ដោយសង្ស័យថា ចរាចរណ៍ឈើគ្រញូងខុសច្បាប់បន្ថែមទៀត ។ រហូតដល់រសៀលថ្ងៃសៅរ៍ ដដែល សមត្ថកិច្ច ក៏បានបង្ហាញចំនួនលទ្ធផលគ្រឿងញៀននៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការពិសោធន៍៕

Photo by DAP-NEWS

លោកផ្កាយពីរ ចាន់ ឬទ្ធីឌី និងអង្គរក្ស រួមនឹងថ្នាំញៀនជាវត្ថុតាង

Photo by DAP-NEWS

Photo by DAP-NEWS

 

Photo by DAP-NEWS

ជនសង្ស័យ ឌៀប ស៊ុនឡាយ និងភរិយា

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 

 

 

 

 

 

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]